ភ្នំពេញ ៖ កំលោះចាស់ម្នាក់ មិនដឹងថាមានវិបត្តិ ឬតូចចិត្តរឿងអ្វីនោះទេ បែរជាសម្រេចចិត្តបញ្ចប់ជីវិតដោយចង.ក សម្លាប់ខ្លួនទៅវិញ ខណៈពេលដែលប្អូនស្រីបង្កើតរបស់សពរវល់ចេញទៅធ្វើការរោងចក្របាត់ ពេលត្រឡប់មកវិញទើបដឹង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលលេខ១៤ ផ្លូវបេតុង ក្រុម៣ ភូមិថ្មគោល២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសខាងលើមាន ឈ្មោះ សន សាវី អាយុ៣១ឆ្នាំ ជាកំលោះចាស់ មិនដែលមានស្នេហា សង្សារ ឬប្រពន្ធឡើយ អតីត សន្តិសុខយាមកង់ ម៉ូតូ ផ្សារស្ទឹងមានជ័យ ទើបតែមករកការងាររោងចក្រធ្វើមិនទាន់ទាំងបានផង ស្នាក់នៅជាមួយប្អូនស្រី បន្ទប់ជួលខាងលើ មានបងប្អូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ជនរងគ្រោះជាកូនច្បង ដែលមានឪពុកឈ្មោះ សន វ៉ា អាយុ៥២ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ មុំ និន អាយុ៤៧ឆ្នាំ មុខរបរកសិករ មានស្រុកកំណើត ភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
តាមស្ត្រី ឈ្មោះ សន ស្រីមុំ អាយុ២០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ត្រូវជាប្អូនស្រីបង្កើត នៃសព បានឲ្យដឹងថា បងប្រុសរបស់នាង អត់មានការងារច្រើនថ្ងៃ ខែមកហើយ គាត់នៅកំលោះ គ្មានជំងឺអ្វីគួរឲ្យកត់សំគាល់ឡើយ ហើយក៏គ្មានទំនាស់ វិបត្តិអ្វី ជាមួយបងប្អូនណាដែរ ថ្វីត្បិតរស់នៅក្នុងស្ថានភាពជីវភាពគ្រួសារក្រីក្របែបនេះក៏ដោយ។
មុនពេលកើតហេតុ៣ថ្ងៃមុននេះ បងប្រុស បានមកស្នាក់អាស្រ័យជាបណ្ដោះអាសន្ន ក្នុងបំណងរកការងាររោងចក្រធ្វើ មិនទាន់ទាំងរកបានផង ស្រាប់តែនៅព្រឹកថ្ងៃទី២៧ធ្នូនេះ នាង និងប្តីរបស់នាង បានចាកចេញទៅធ្វើការងាររោងចក្របាត់ ទុកឲ្យបងប្រុសនៅក្នុងបន្ទប់តែម្នាក់ឯង។
ប្រភពបន្ដថា រហូតដល់វេលាម៉ោង៥ល្ងាច ខណៈពេលនាងវិលមកដល់បន្ទប់ជួលវិញ ឃើញបិទទ្វារជិត ដោយខ្ទាស់ដាក់គន្លឹះពីក្នុង នាងបានហៅបងប្រុសតែមិនឮសូរមាត់ឆ្លើយ អស់ជម្រើស រួមជាមួយអ្នកជិតខាង ជួយរុញសម្រុកបំបុកទ្វាររបើកស្រាប់តែ ពុទ្ធោ ! បងប្រុសចងកសម្លាប់ខ្លួន ជាមួយក្រមា ជាប់នឹងចម្រឹងដែកសសរ ស្លាប់បាត់ទៅហើយ ទើបឆោឡោ ប្រាប់សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្ដែងតែម្ដង។
តែបើតាមពលរដ្ឋក្បែរខាងបានឲ្យដឹងថា ជនរងគ្រោះគេឃើញចេញដើរមកក្រៅ នៅម៉ោង១១ព្រឹក ហើយក៏ចូលក្នុងបន្ទប់វិញបិទទ្វារជិត គ្មានអ្នកណាចាប់អារម្មណ៍នូវគោលគំនិតដែលជនរងគ្រោះសម្រេចចិត្តបែបនេះទេ រហូតដល់ប្អូនស្រីបង្កើតមកដល់ ទើបកើតរឿងបែបនេះទៅវិញ។ ពេលនេះសពបុរសខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះទៅពិនិត្យកោសល្យវិច័យ ហើយឃើញថាពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕
Source: Kampuchea Thmey Daily
0 Comments