Ad Code

លួច​ម៉ូតូ​បាន​ហើយ​ តែ​គេច​មិន​រួច​ ព្រោះតែ​កាមេរ៉ា​សុវត្ថិភាព​



ភ្នំពេញ ៖ បន្ទាប់ពី​លួច​ម៉ូតូ​គេ​បាន​ហើយ​ព្យាយាម​រត់​គេច​ខ្លួន​បាន​ប្រហែល​១០​ថ្ងៃក្រោយ​ ក៏​ជន​សង្ស័យ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៧​អឺ​០ ផ្លូវ​លេខ​៥១ ភូមិ​១៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ក្រោយធ្វើសកម្មភាពកាលពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​២​និង​១៧​នាទី​រសៀល​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ ​ឈ្មោះ សុក ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។ ​ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ ឈ្មោះ ប៊ូ ច័ន្ទ​សឿន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​និស្សិត​ស្នាក់​នៅផ្ទះ​លេខ​១៧​អឺ​០ ផ្លូវ​លេខ​៥១ ភូមិ​ទី​១៣​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ រីឯ​វត្ថុតាង​ចាប់យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA DREAM125 ពណ៌​ខ្មៅ ស៊េរី​2014 ពាក់​ស្លាក​លេខ ភ្នំពេញ 1CM-9108 លេខ​តួ ​និង​លេខ​ម៉ាស៊ីន​9165351(​ប្រគល់​ឲ្យ​ជនរង​គ្រោះ​យក​ទៅ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​) កាបូបស្ពាយ​(​សា​កាដូ​) ពណ៌​ខ្មៅ​មួយ ទូរស័ព្ទ​ដៃ​ម៉ាក​IPHONE5 ពណ៌​ទឹកប្រាក់​មួយ និង​ខោអាវ​មួយ​ចំនួន​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​១​រសៀល ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក HONDA DREAM125 ពណ៌​ខ្មៅ ស៊េរី​២០១៤ ពាក់​ស្លាក លេខ ភ្នំពេញ 1CM-9108 មក​ចត​ទុក​មុខ​ផ្ទះ រួច​ក៏​ឡើង​ទៅ​ធ្វើ​ការងារ​ផ្ទះ​ដូច​ធម្មតា រហូតដល់​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ដដែល ជនរង​គ្រោះ​បាន​ចុះមក​យក​ម៉ូតូ ស្រាប់តែ​បាត់​ម៉ូតូ​រក​មិន​ឃើញ​ក្រោយមក​ជនរងគ្រោះ​បាន​បើក​កាមេរ៉ា​សុវត្ថិភាព​មើល ក៏​ឃើញ​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់ ទើប​ជន​រង​គ្រោះ​បាន​មក​រាយការណ៍ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣​។​

ក្រោយ ទទួល​បាន​ពាក្យបណ្ដឹង កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូន​ពេញ សហការ​ជាមួយ​ជនរងគ្រោះ​ធ្វើការ​ស្រាវជ្រាវ លុះ​រហូតដល់​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​ព្រឹក ក៏​បាន​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ ដែល​លួច​បាន​នៅ​ចំណុច​ភ្លើងស្តុប​ផ្សារ​ដើម​គ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក ទើប​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ម៉ូតូ នាំមក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣ ដើម្បី​ធ្វើការ​សាកសួរ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu