ប្រដាល់ ៖ កីឡាករ ឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ កៀកស្មានឹងកីឡាករ រ៉ែន រាជ អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យ ខេត្តសៀមរាប ឡើងជួបកីឡាករថៃកូឡាបដាំ ប្រានសងហ៊ុក និងកីឡាករវីហ្គោ ស.ដានឆ័យ ដើម្បីដណ្ដើមប្រាក់លាននៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ។
កីឡាករសំពោងជ័យ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករថៃកូឡាបដាំ ប្រាន សងហ៊ុក ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ដែលកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយ មានឈ្នះ ចាញ់ ជាមួយកីឡាករលំដាប់របស់កម្ពុជា ស្នៀតខ្លាំងរបស់គេ គឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្ដួល។
ចំណែកកីឡាករជើងខ្លាំងវ័យក្មេង ឌុម កែវដា បច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃ និងកែង ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៏ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្នុងការប្រកួតនេះ ត្រូវបានអ្នកវិភាគប្រដាល់អះអាង ថា ឌុម កែវដា ប្រាកដជាឈ្នះជាក់ជាមិនខាន ព្រោះគេកំពុងតែឡើងកូដខ្លាំង ហើយណាមួយក្នុងទឹកដីខ្លួនឯងទៀតផង។ ចាំមើលកីឡាករ ឌុម កែវដា អាចយកឈ្នះលើកីឡាករថៃ កូឡាបដាំ ប្រានសងហ៊ុក បានដែរ ឬយ៉ាងណា?។
ដោយឡែក កីឡាករ រ៉ែន រាជ ត្រូវជួបជាមួយកីឡាករថៃ វីហ្គោ ស.ដានឆ័យ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែកីឡាករថៃម្នាក់នេះ ធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយ មានឈ្នះ ចាញ់ ជាមួយកីឡាករលំដាប់របស់កម្ពុជា ស្នៀតខ្លាំងរបស់គេ គឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្ដួល។
រីឯកីឡាករ រ៉ែន រាជ បន្ទាប់ពីគេបាត់មុខពីសង្វៀនមួយរយៈមកវិលមកវិញឃើញថា ស្នៀតប្រកួតរបស់គេនៅល្អដូចមុនដដែល ទាំងកម្លាំងស៊ុហ្វ ស្នៀតជើងទាត់ ជង្គង់ គឺនៅអាចប្រើបានដដែលពិសេសគឺស្នៀតកណ្ដាប់ដៃ និងកែង ដែលអាចវាយប្រយោលក៏បាន ចូលកៀកក៏បាន ហើយស្នៀតខ្លាំងរបស់គេនេះហើយ ដែលបានគូប្រកួតទាំងជើងចាស់ និងជើងថ្មី នាពេលកន្លងមក ព្រោះគេមានចិត្តប្រដាល់ធំមិនរាថយចំពោះគូប្រកួតណាម្នាក់ឡើយ បើទោះជាគេមានបទពិសោធន៍ច្រើនជាងក៏ដោយ។ ចាំមើលកីឡាករ រ៉ែន រាជ និងកីឡាករថៃ វីហ្គោ ស.ដានឆ័យ នរណាជាអ្នកឈ្នះទទួលបានប្រាក់លានបន្ថែមនោះ?៕
Source: Kampuchea Thmey Daily
0 Comments