Ad Code

ស្រូវ​ប្រាំង​ជិត​៥០០​ហិកតា ត្រូវ​បាន​ជួយសង្គ្រោះ​បន្ទាន់​ពី​គ្រោះ​រាំងស្ងួត​នៅ​ស្រុក​មង្គល​បូរី



បន្ទាយមានជ័យ ៖​ ស្រូវប្រាំង​ជិត​៥០០​ហិកតា​របស់​ប្រជាកសិករ​នៅក្នុង​ឃុំ​ចំនួន​២​របស់​ស្រុក​មង្គល​បូរី​ ខេត្ត​បន្ទាយមានជ័យ ​ដែល​ជួប​គ្រោះ​រាំងស្ងួត​ ដោយសារ​ការ​ខ្វះ​ទឹក​នោះ ឥឡូវនេះ​កំពុង​ត្រូវ​បាន​អាជ្ញាធរ ស្រុក​មង្គល​បូរី​ បូមទឹក​ជួយសង្គ្រោះ​ជាបន្ទាន់​ ក្រោម​កិច្ចសហការ​រវាង​មន្ទីរ​ជំនាញ​អាជ្ញាធរ​ដែនដី ​និង​ម្ចាស់​ស្រែ​នៅ​ព្រឹក ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។



លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ដោយ​ស្ថានភាព​អាកាសធាតុ​មានការ​ប្រែប្រួល​ខុស​ពី​ទម្លាប់ ធ្វើ​ឲ្យ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ស្ថានភាព​ភ្លៀង​ដើម​ឆ្នាំ​លឿន និង​ចុង​ឆ្នាំ​អូសបន្លាយ​ជាហេតុ​បណ្តាល​ឲ្យ​មានការ​ព្រួយបារម្ភ​ និង​កង្វះខាត​ទឹក​ស្រោចស្រព​ និង​ប្រើប្រាស់​ស្រែ​ប្រាំង​រាប់​រយ​ហិកតា​ឯណោះ។

បើតាម​របាយការណ៍​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​ នៅ​រដូវ​បង្កបង្កើនផល​ស្រូវប្រាំង ឆ្នាំ​២០១៨​និង​២០១៩ នេះ ខេត្តបន្ទាយមានជ័យ បានដាក់​ចេញ​នូវ​ផែនការ​ផលិត​ស្រូវ​លើ​ផ្ទៃដី​ចំនួន ២២.០០០ ហិកតា ​ប៉ុន្តែ​ការដាំដុះ​ជាក់ស្តែង​របស់​កសិករ រហូតមកដល់​ពេលនេះ​គឺ​សម្រេចបាន​លើ​ផ្ទៃដី​ជាង ៤៥.០០០ ហិកតា ពោលគឺ​បាន​ធ្វើ​លើស​ផែនការ​ជាង ២៣.០០០ ហិកតា ឯ​ផ្ទៃដី​រាប់ពាន់​ហិកតា​ បាននិងកំពុង​ជួប​ការ​ខ្វះខាត​ទឹក​។​ លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ស្រូវ​ដែល​កំពុង​ខ្វះ​ទឹក​រាប់ពាន់​ហិក​តា​នោះ ​មន្ត្រី​ជំនាញ​កំពុង​រក​វិធី​ជួយសង្គ្រោះ​ហើយ៕

​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu