ភ្នំពេញ ៖ ខណៈពេលដែលកម្មករក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី កំពុងធ្វើកូដកម្មសុំដំឡើងប្រាក់ខែហើយពុំមកបំពេញកាតព្វកិច្ចរបស់ខ្លួននោះ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានដាក់កម្លាំងរួមទាំងគ្រឿងចក្រចុះប្រមូលសំរាមក្នុងមូលដ្ឋានដើម្បីកុំឲ្យមានសំរាមគរនៅលើដងផ្លូវនិងតាមលំនៅឋានប្រជាពលរដ្ឋ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ លោកអភិបាលខណ្ឌច្បារអំពៅបានធ្វើការណែនាំដល់លោកប្រធានគណៈកម្មការផ្សារច្បារអំពៅឲ្យដាក់គ្រឿងចក្រប្រមូលសំរាមក្នុងដេប៉ូសំរាមក្នុងផ្សារដើម្បីកុំប៉ះពាល់ក្លិនស្អុយទៅលើប្រជាពលរដ្ឋនិងអាជីវករលក់ដូរក្នុងផ្សារ។ បើទោះជាពុំមានរថយន្តសម្រាប់ដឹកសំរាមក៏ លោកអភិបាលខណ្ឌច្បារអំពៅបានជួលរថយន្តដឹកដីឲ្យធ្វើការដឹកជញ្ជូនសំរាមចេញឲ្យអស់ពីក្នុងមូលដ្ឋាន។ដោយឡែកសំរាមនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋគឺ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានប្រមូលកម្លាំងប្រជាការពារសាលាខណ្ឌសហការជាមួយអាជ្ញាធរតាមបណ្តាសង្កាត់ចុះទៅប្រមូលសំរាមតាមខ្នងផ្ទះប្រជាពលរដ្ឋឲ្យបានអស់កុំទុកឲ្យនៅពាសពេញមុខផ្ទះនិងតាមដងផ្លូវទម្រាំតែកម្មករប្រមូលសំរាមមកបំពេញការងាររបស់គាត់វិញ។
ចំពោះវិធានការណ៍ខាងលើនេះ ធ្វើឲ្យប្រជាពលរដ្ឋលោកមានសេចក្តីត្រេកអរដែលលោកអភិបាលខណ្ឌច្បារអំពៅដាក់កម្លាំងមកប្រមូលសំរាមតាមផ្ទះប្រជាពលរដ្ឋមិនឲ្យមានសេសសល់នាំប៉ះពាល់ក្លិននិងសុខភាពរបស់ប្រជាពលរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments