Ad Code

សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​



​រតនគិរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន​(​វិធី​ញុះញង់​)​ឈាន​ទៅ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​។​

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច​ ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ត្រង់ចំណុច​តូប​ឥស្លាម​លក់​សាច់គោ ​ក្នុង​ផ្សារ​ក្រុង​បាន​លុង ស្ថិត​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ក្នុងនោះ​ដោយមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វា​ត់ ស្នងការ​រង​ផែន​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ដោយ​មាន​ការ​សម្របសម្រួល​ពី​ លោក រ៉ា​បូ រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បានធ្វើ​ការ​ឆែកឆេរ​ផ្ទះ​របស់​មុខសញ្ញា​ ស្ថិត​ក្នុងភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​រក​ឃើញ​ជញ្ជីង​ថ្លឹង​ចំនួន​១ និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួនទៀត​​ រួច​ក៏​បន្តទៅ​ឆែកឆេរ​ផ្ទះជួល​របស់​ជនសង្ស័យ​មួយកន្លែង​ផ្សេងទៀត ​ស្ថិតក្នុង​ភូមិ​ជ្រី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី រកឃើញ​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួនធំ និង​សម្ភារៈ​សេព​ថ្នាំញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

​មន្ត្រី​នគរបាល​បាន​បន្តថា ជនសង្ស័យ​ឈ្មោះ យូ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ឥស្លាម​ ​ក្រោយពី​បាន​ឃាត់ខ្លួន​បានធ្វើ​តេស្ត​ទឹកនោម​លទ្ធផល អវិជ្ជមាន​(-)​។

​ក្នុងនោះដែរ​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់ ទម្ងន់​០.៣៥​ក្រាម​ទាំង​សំបក​ថង់​ ទូរស័ព្ទ​ដៃ​២​គ្រឿង​ ដែកកេះ​៧​ដើម​ ម៉ូតូ​១​គ្រឿង​
​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួនធំ​ និង​លុយ​ខ្មែរ​៥០,០០០​រៀល​(​លុយ​ញុះញង់​) សម្ភារៈ​សេព​មួយ​ចំនួន​ទៀត​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួមទាំង​វត្ថុតាង ​បាន​ឃាត់ ​និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​បន្ត​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu