ភ្នំពេញ ៖ អតីតភូមិត្រពាំងឈូក ដែលជាទីផ្សារ លក់ និងចែកចាយថ្នាំញៀនដ៏ល្បីមួយ មានទីតាំងនៅម្តុំមុខអតីតមន្ទីរពេទ្យលោកសង្ឃសង្កាត់ទឹកថ្លា ហើយក្រោយមកត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យបោសសំអាតបង្ក្រាបទីនោះឲ្យអស់។ ប៉ុន្តែនៅពេលនេះ នៅតែមានជនសង្គមងងឹតលួចលបធ្វើសកម្មភាព យកថ្នាំញៀនមកចែកចាយដដែល តែមិនច្រើនពេកដូចមុន។
ក្រោយសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ នាំគ្នាមកបង្ក្រាបទីនោះបានជោគជ័យ "ភូមិត្រពាំងឈូក"នេះ ក៏ត្រូវបានគេប្ដូរឈ្មោះមកជា "ភូមិបុរីកម្មករ" វិញម្តង។ ចំណែកឯស្ថានភាពបទល្មើសក៏ត្រូវបានស្ងប់ស្ងាត់មួយរយៈដែរ ដោយសារអាជ្ញាធរបានបង្កើតប៉ុស្តិ៍យាមនៅទីនោះ ដាក់កងកម្លាំងយាមកាមទាំងយប់ថ្ងៃ (អចិន្ត្រៃយ៍)។
ទោះបីយ៉ាងនេះក្តី បណ្ដាញក្រុមជនសង្គមងងឹតនៅតែលបលួចយកថ្នាំញៀនមកជួញដូរ ឬចែកចាយថ្នាំញៀននៅទីនោះបានដដែល ដោយសារនៅទីនោះ ទីលំនៅរបស់ប្រជាជនមួយចំនួនមានសភាពស្មុគស្មាញច្រើន ផ្ទះសង់គ្មានរបៀប ដែលគេហៅថា ជាសំណង់អនាធិបតេយ្យ។
នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនប្រើប្រាស់ថ្នាំញៀនចំនួន២លើក នៅក្នុងភូមិត្រពាំងឈូកនេះ ដោយឃាត់ខ្លួនមនុស្សបាន៣នាក់ រត់រួចម្នាក់ ដកហូតបានថ្នាំញៀនចំនួនមួយកញ្ចប់។
ជនសង្ស័យដែលគេឃាត់ខ្លួនបានខាងលើនេះ ក្រុមទី១ ឃាត់ខ្លួនបាន២នាក់ មាន ១.ឈ្មោះ សែម វណ្ណនិត ហៅចយ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ខណ្ឌដង្កោ។ ២.ឈ្មោះ ប្រោញ ភារិទ្ឋ ហៅរិទ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅខណ្ឌដង្កោ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលបានរួមដំណើរជាមួយរត់គេច ខ្លួន។
ក្រុមទី២ ឃាត់ខ្លួនបានម្នាក់ ឈ្មោះ លាន់ សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ជាមួយថ្នាំញៀនចំនួន១កញ្ចប់ជាប់ខ្លួន។
សមត្ថកិច្ចមូលដ្ឋានមានការលំបាកធ្វើការដោយសារម្ចាស់ទីតាំងផ្ទះជួលនៅទីនោះ ជាមន្ត្រីតុលាការ និងខ្លះទៀតជាសមត្ថកិច្ច បានសង់ផ្ទះគ្មានរបៀបដូច្នេះដាក់ជួល ហើយអ្នកមកជួលសុទ្ធតែជាសមាសភាពជនមិនល្អ ខ្លះជាចោរ ខ្លះជាស្រីបម្រើតាមហាងខារ៉ាអូខេ ជាកម្មកររោងចក្រ និងខ្លះទៀតជាក្រុមរកស៊ីចែកចាយថ្នាំញៀនដែលយកទីតាំងផ្ទះជួលនេះមកធ្វើជាបន្ទប់ជួលឲ្យគេមកសេព(ប្រើឬជក់)ថ្នាំញៀន ដែលបង្កឲ្យមានបាតុភាពច្របូកច្របល់នៅតំបន់នោះ ស្មុគស្មាញដល់សង្គម។
ថ្មីៗនេះ ក៏ដូចជាពេលកន្លងមកដែរ មានប្រជាពលរដ្ឋនៅទីនោះ បានលួចខ្សឹបប្រាប់ថា នៅតំបន់នោះនៅតែមានជនមកលួចចែកចាយថ្នាំញៀនដដែល គ្រាន់តែវាមានរូបភាពតិចតួចមិនគគ្រឹកគគ្រេងដូចមុន ជួនសមត្ថកិច្ចចាប់បានជួន មិនបានចាប់ ប៉ុន្តែវាបានបង្ហាញសញ្ញាថា នៅអតីតភូមិត្រពាំងឈូក នេះនៅតែមានការលក់ ឬចែកចាយថ្នាំញៀនដដែល បើទោះបីមានសមត្ថកិច្ចយាមរាល់ថ្ងៃក៏ដោយ៕
Source: Kampuchea Thmey Daily
0 Comments