ភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានធ្វើការជំរុញឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីរួមគ្នាថែរក្សាសួនច្បារ និងដាំដើមឈើនៅក្នុងរាជធានីភ្នំពេញឲ្យបានច្រើន ដើម្បីឲ្យទីក្រុងមួយនេះក្លាយជាទីក្រុងមានពណ៌បៃតងស្រស់ស្អាត។
ការជំរុញបែបនេះរបស់ លោក នួន ផារ័ត្ន បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញថ្មី នៅសាលារាជធានីភ្នំពេញ។
ពិធីនេះត្រូវបានតែងតាំង លោក ចាន់ រិទ្ធី ជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ជំនួស លោក សៀង បូរិន ដែលត្រូវចាកចេញពីមុខតំណែងទៅបំពេញការងារថ្មី។
លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា ចំពោះការងារដែលត្រូវអនុវត្តបន្តមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវ
រួមគ្នាថែរក្សាសួនច្បារទាំងអស់បានល្អ និងមានសោភណភាពទាក់ទាញ។
ក្រៅពីការងារនេះ ការងារដាំដើមឈើ ការថែទាំដើមឈើធំៗនៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវរួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញផងដែរ។
លោកបន្តថា នៅក្នុងរាជធានីភ្នំពេញរបស់យើង គ្មានដើមឈើឲ្យកាប់ទេ មានតែថែទាំ និងការដាំដើមឈើបន្ថែម សំដៅធ្វើយ៉ាងណាឲ្យរាជធានីក្លាយជាទីក្រុងមានពណ៌បៃតងស្រស់ស្អាត។ ក្រៅពីការងារខាងលើ លោក នួន ផារ័ត្ន ក៏បានជំរុញឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញត្រូវចុះពិនិត្យជាប្រចាំទីតាំងសត្វឃាតដ្ឋាន ពិសេសអនាម័យសាច់សត្វ និងផលិតផលសាច់សត្វដែលនាំចូលដែលខូចគុណភាព។ ត្រូវចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ ការជួញដូរសត្វព្រៃ បទល្មើសជលផលឲ្យមានប្រសិទ្ធភាពខ្ពស់។
ជាងនេះទៅទៀត លោក នួន ផារ័ត្ន ក៏បានស្នើឲ្យប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ដែលទើបឡើងថ្មីនេះ មានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងមន្ទីររបស់ខ្លួន រួមនឹងសាមគ្គីភាពជាមួយនឹងស្ថាប័នរដ្ឋផ្សេងៗទៀត ដូចជា មន្ទីរនានា សង្កាត់ ខណ្ឌ និងជាមួយរដ្ឋបាលរាជធានីភ្នំពេញ។
លោក នុត ចាន់សុខា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងថា ការប្រកាសតែងតាំងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នាពេលនេះ គឺបានបង្ហាញពីស្នាដៃជាច្រើនរបស់មន្ទីរដែលបានសម្រេចនាពេលកន្លងមក។ ចំពោះការងារបន្តប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារ គ្រប់គ្រងកូនចៅឲ្យបានល្អ ចេះស្រលាញ់កូនចៅ សាមគ្គីផ្ទៃក្នុងឲ្យបានល្អ មានក្រមសីលធម៌ល្អ មិនបក្សពួក មិនត្រូវលាបពណ៌អោយគ្នា ជៀសវាងបែកបាក់ផ្ទៃក្នុង។
ប្រធានមន្ទីរ ត្រូវមានការសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលនៅជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញ ដើម្បីជំរុញការងាររបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ និងត្រូវសិក្សាឲ្យបានច្បាស់លាស់ពីការថែទាំ ការដាំកូនឈើនៅក្នុងរាជធានី ដើម្បីឲ្យទីក្រុងរបស់យើងមានពណ៌បៃតង៕
Source: Kampuchea Thmey Daily
0 Comments