ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានបានសម្ដែងការអបអរសាទរយ៉ាងពេញចិត្ត ខណៈអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ គម្រប់៤០ឆ្នាំ នៃថ្ងៃកំណើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលមានសមាជិក សមាជិកាចូលរួមប្រមាណជាង៦០០នាក់ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងថា សមិទ្ធផលដ៏ធំធេងដែលគណបក្សប្រជាជនកម្ពុជា ទទួលបានក្នុងរយៈពេល៤០ឆ្នាំ មកនេះ គឺជាជ័យជំនះរបស់យើងទាំងអស់គ្នា។ ជ័យជំនះនេះ ពិតជាមិនអាចកាត់ផ្ដាច់បានពីការរួមចំណែករបស់បងប្អូននារីទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី បំពេញការងារប្រកបដោយការទទួលខុសត្រូវ ថែមទាំងបានចំណាយធនធានផ្ទាល់ខ្លួនថែមទៀត ដើម្បីបុព្វហេតុប្រទេសជាតិយើង។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបន្តថា រយៈពេល៤០ឆ្នាំ កន្លងមកនេះ កម្ពុជាបានឆ្លងកាត់នូវដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលដែលប្រកបដោយមោទនភាព និង
ដំណាក់កាលប្រកបដោយភាពលំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុត។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្តីក៏គណបក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្ដមគតិរបស់ខ្លួន គឺ ឈរជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មឥតរុញរាដើម្បីប្រទេសកម្ពុជាមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា គណបក្ស បានផ្ដោតការយកចិត្តទុកដាក់ចំពោះស្ត្រី ហើយបាន និងកំពុង បន្តជំរុញការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅគ្រប់វិស័យ រួមទាំងការបង្កើនកាលានុវត្តភាពក្នុងការទទួលបាននូវចំណេះដឹង ជំនាញផ្សេងៗ ដើម្បីឲ្យការចូលរួមរបស់ស្ត្រីទៅក្នុងវិស័យនយោបាយ កិច្ចការសង្គម និងសេវាសាធារណៈមាន ការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងបរិមាណ និងគុណភាព ហើយឆ្លើយតបទៅនឹងការយកចិត្តទុកដាក់នេះ ស្ត្រីក៏ត្រូវខិតខំធ្វើយ៉ាងណាចូលរួមសហការ ផ្ដួចផ្ដើមគំនិត និងបំពេញភារកិច្ចដែលបក្សប្រគល់ជូនឲ្យបានជោគជ័យតាមការរំពឹងទុក។
ជាមួយគ្នានោះដែរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមថា បងប្អូននារីទាំងអស់ នឹងនៅបន្តរក្សា និងពង្រីក នូវស្មារតីស្នេហាជាតិ និងត្រូវចងចាំថា សន្តិភាព គឺជាកត្តាមូលដ្ឋានគ្រឹះ ដើម្បីធានាដល់ដំណើរការរីកចម្រើន នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយចីរភាព សមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយកិត្តិយសរបស់ប្រជាជនយើង។
លោកជំទាវ បានផ្សព្វផ្សាយអនុសាសន៍ទាំង១១ចំណុច ដែលជាលទ្ធផលដែលបានមកពីសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។
ជាពិសេស លោកជំទាវ ក៏បានសំណូមពរឲ្យបងប្អូនជានារីទាំងអស់ មេត្តាយកចិត្តទុកដាក់បំផុតក្នុងការបម្រើសេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕
Source: Kampuchea Thmey Daily
0 Comments