Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ រត់​រួច​២​នាក់ ខណៈ​ឆក់​កាបូប​និស្សិត​ស្រី មិនបាន​សម្រេច​ជិះ​ម៉ូតូ​ដួល



​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន ខណៈ​ធ្វើ​សកម្មភាព ឆក់​កាបូប​ពី​នារី​ម្នាក់​មិនបាន​សម្រេច​។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០​និង​០០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ពាន​អាកាស​៧​មករា តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី សង្កា​ត​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។



សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ណុប សាមុត អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ម្តុំ​ទឹកថ្លា ផ្លូវ​បេតុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ខន ស្រី​លីន អាយុ​១៨​ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅ​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។



បើ​តាម​នារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នាង​បាន​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាក ស៊ុយ​ហ្សូ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DG-6911 ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​រៀន នៅ​សកល​វិទ្យាល័យ មួយ​កន្លែង​នៅ​ម្តុំ​វត្តភ្នំ ដោយ​ព្យួរ​កាបូប​ទុក​នៅមុខ​ម៉ូតូ​។ ខណៈ​ពេលដែល​នាង​ជិះ​មកដល់​ចំណុច​កើតហេតុ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង មួយគ្រឿង​ម៉ាក ស៊ុយ​ហ្សូ​គីនិ​ច ពណ៌​ស មិន​ចាំ​ស្លាក​លេខ​, ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ហុងដា Beat ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ​។ ចំណែកឯ​ម៉ូតូ​ដែល​ជនសង្ស័យ ធ្វើ​សកម្មភាព​ឆក់ ម៉ាក ហុងដា ឌ្រី​ម​សេ​១២៥ ស៊េរី​២០១៨ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​មកពី​ក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប បានសម្រេច រួច​ក៏​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​។ ភ្លាមៗ​នោះ​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ហើយ​បាន​ស្រែក​ថា​ចោរៗ ស្រប​ពេល​នោះ ​ក៏​មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ កំពុង​ល្បាត​ជិះ​ដេញ​តាម​រហូត មកដល់​ខាងមុខ​សង្កាត់​ទឹកល្អក់​១ ជនសង្ស័យ​ភ័យ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ប្រជាពលរដ្ឋ ដួល​ឃាត់ខ្លួន​ភ្លាមៗ ចំណែក​ជនសង្ស័យ ២​នាក់​ទៀត​ បាន​រត់គេច​ខ្លួន​បាត់​។



បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​១ យក​មក​សួរនាំ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ចាត់ការ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu