ភ្នំពេញ ៖ លោក គង់ គាំ ដែលជាអតីតថ្នាក់ដឹកនាំមួយរូបនៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ហើយជាមនុស្សជំនិតជាមួយលោក សម រង្ស៊ី ផងដែរនោះ បានលើកឡើងថា លោក សម រង្ស៊ី បានលាឈប់ពីប្រធាន និងជាសមាជិក CNRP ទៀតផង ហើយបើអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយនោះ CNRP មិនអាចប្រើរូបសញ្ញា សម រង្ស៊ី-កឹម សុខា ចាប់ដៃគ្នាបានទៀតទេ ពីព្រោះជារូបទណ្ឌិត ដូច្នេះបើ សម រង្ស៊ី យកភាពឯកជន និងភាពឯកកោរបស់ខ្លួន ទៅភ្ជាប់ជាមួយ CNRP វាកាន់តែបង្ហាញនូវចេតនាបំផ្លាញគេឯង ដែលមិនរួមគំនិតជាមួយខ្លួនថែមទៀត។
លោក គង់ គាំ ចេញមកបកស្រាយបែបនេះ ខណៈលោកមើលឃើញថា លោក សម រង្ស៊ី កាន់តែខុសធ្ងន់ទៅៗ ក្រោយពីនាំគ្នាបើកកិច្ចប្រជុំលើកបន្តុបខ្លួនឯងជាប្រធានស្តីទីខុសលក្ខន្តិកៈគណបក្ស ធ្វើឲ្យថ្នាក់ដឹកនាំភាគច្រើនមិនគាំទ្រ និងមិនអាចទទួលយកបាន ហើយថ្មីៗនេះទៀតបែរជានិយាយរារាំងមិនឲ្យថ្នាក់ដឹកនាំដែលជាប់បម្រាមសកម្មភាពនយោបាយ ទទួលយកការដកបម្រាមតាមរយៈវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទៀតផង។
អ្នកនយោបាយចាស់វស្សា លោក គង់ គាំ បានបញ្ជាក់ថា លោក សម រង្ស៊ី បានលាឈប់ពីប្រធាន និងជាសមាជិក CNRP ទៀតផង ហើយបើអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយនោះ CNRP មិនអាចប្រើរូបសញ្ញា សម រង្ស៊ី-កឹម សុខា ចាប់ដៃគ្នាបានទៀតទេ ពីព្រោះជារូបទណ្ឌិត។ តាមលោក គង់ គាំ តួនាទីប្រធានចលនាសង្គ្រោះជាតិ មិនអាចប្រើជាមួយអន្តរជាតិបាន ហើយតួនាទីប្រធានស្តីទី ដែលផ្ទៃក្នុងមិនទទួលយក ដូចនេះអន្តរជាតិកាន់តែមិនអាចទុកជាផ្លូវការ និងស្របច្បាប់បានទៀត។
លោក គង់ គាំ បញ្ជាក់ថា បើ សម រង្ស៊ី យកភាពឯកជន និងភាពឯកកោរបស់ខ្លួន ទៅភ្ជាប់ជាមួយ CNRP វាកាន់តែបង្ហាញនូវចេតនាបំផ្លាញគេឯង ដែលមិនរួមគំនិតជាមួយខ្លួនថែមទៀត។ ពីព្រោះថ្នាក់ដឹកនាំមួយចំនួនក្នុងចំណោម១១៨រូប ដែលជាប់បម្រាម បានហៅការអំពាវនាវរបស់លោក សម រង្ស៊ី ថាជាអំពើឃោរឃៅ និងផ្តាច់ការ។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក គង់ គាំ បានអះអាងថា លោក សម រង្ស៊ី ដែលធ្លាប់ទទួលការលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រីនោះ មិនដែលទទួលស្គាល់ថា ខ្លួនក្បត់នឹងអ្នកបាត់បង់ជីវិតពីការគប់គ្រាប់បែកនៅជិតអតីតរដ្ឋសភាហើយទម្លាក់ចោលបណ្តឹងនោះទេ។
ថ្មីៗនេះ លោក គង់ គាំ បានលើកឡើងដែរថា ពេលនេះលោក សម រង្ស៊ី កំពុងច្រាស់ច្រាល់ៗ នៅជិតមាត់ជ្រោះ ម្តងប្រធានចលនាសង្គ្រោះជាតិ ម្តងប្រធានស្តីទីអតីតសង្គ្រោះជាតិ, ម្តងដោះលែង កឹម សុខា មុនទៅ, ម្តងថា សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ, ម្តងថា មិនចាំបាច់គិតពីមនុស្ស១១៨នាក់ទេ។ លោកបញ្ជាក់ថា សម រង្ស៊ី កឹម សុខា មិនអាចស្ថិតជាកញ្ចប់បានទេ ហើយលោក កឹម សុខា មិនអាចដោះលែងមុនខែមីនា ដោយសារការភ្នាល់ ដែលសម រង្ស៊ី ទាមទារឲ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីអំណាចនោះដែរ។ លោក គង់ គាំ អះអាងថា ផ្លេកបន្ទោខុសរដូវ មិនអាចចេញព្យុះ ចេញភ្លៀងបានទេ៕
Source: Kampuchea Thmey Daily
0 Comments