Ad Code

អូស្ត្រាលី​ព្រមាន​ពលរដ្ឋ​របស់ខ្លួន​មុន​ការទទួលស្គាល់​ក្រុង​យេ​រូ​សា​ឡឹម​



ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ​បាន​ព្រមាន​ប្រជាពលរដ្ឋ​អោយ​យកចិត្តទុកដាក់​នៅពេល​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដែលជា​ប្រទេសជិតខាង​មាន​ជន​មូស្លីម​ភាគច្រើន​មុនពេល​ការទទួលស្គាល់​ក្រុង​យេ​រូ​សា​ឡឹម​ថា​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល។

លោកនាយក​រដ្ឋមន្ត្រី Scott Morrison ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា រដ្ឋាភិបាល​របស់គាត់​នឹង​ធ្វើតាម​ការដឹកនាំ​រប​ស់​ប្រធានាធិបតី​អាមេរិក Donald Trump ហើយ​ទទួលស្គាល់​ទីក្រុង​ដែលមាន​ជម្លោះ​មួយ​នេះ​ថា​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​។​

ក្រសួងការបរទេស​បាន​ព្រមាន​ថា ប្រជាជន​អូស្ត្រាលី​ដែល​កំពុង​ត្រៀមលក្ខណៈ​ដើម្បី​ជិះ​យន្តហោះ​ទៅ​កោះ​បាលី​និង​គោលដៅ​កោះ​ត្រូ​ពិ​ក​ផ្សេងទៀត​សម្រាប់​ថ្ងៃ​ឈប់សម្រាក​រដូវក្តៅ​នាពេល​ខាងមុខនេះ​គួរតែ “​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​”​។​

មន្ត្រី​នៅ​ទីក្រុង​កង់​បេ​រ៉ា​បាន​ប្រាប់ AFP ថា ពួកគេ​រំពឹងថា​ការប្រកាស​នេះ​នឹង​កើតឡើង​នៅ​ថ្ងៃ​សៅរ៍​ដែលជា​ថ្ងៃ​ឈប់សម្រាក​របស់​ជនជាតិ​ជ្វី​ហ្វ​ឬ​គេ​ហៅថា Jewish Sabbath ប៉ុន្តែ​បាន​ព្រមាន​ថា ព្រឹត្តិការណ៍​ណាមួយ​អាច​នឹង​ផ្លាស់ប្តូរ​ផែនការ​ទាំងនោះ​។​

ទាំង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​បាន​អះអាងថា ក្រុង​យេ​រូ​សា​ឡឹម​គឺជា​រដ្ឋធានី​របស់​ពួកគេ​។ ក្រុម​អ្នក​រិះគន់​បាន​និយាយថា ការ​ប្រកាសថា​ក្រុង​យេ​រូ​សា​ឡឹម​គឺជា​រដ្ឋធានី​របស់​ប្រទេស​ណាមួយ​នោះបាន​បង្កអោយមាន​ភាព​តានតឹង​និង​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការចរចា​សន្តិភាព​ស្ថានភាព​ចុងក្រោយ​។​

ការសម្រេចចិត្ត​របស់​លោក Trump ក្នុងការ​ផ្លាស់​ទី​ស្ថានទូត​អាមេរិក​ពី​ទីក្រុង​តែ​ល​អា​វីវ​កាលពី​ខែឧសភា​បាន​ជំរុញ​អោយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់ម៉ឺន​នាក់​ចូលទៅ​ជិត​របង​ព្រំដែន​អ៊ីស្រាអែល​ដែលមាន​ការការពា​រយ៉ា​ង​ខ្លាំង​។​

ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​៦២​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការបាញ់ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ថ្ងៃ​នៃ​ការ​រើ​ស្ថានទូត​របស់​អាមេរិក​។​

លោក Morrison ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ឈប់​ការផ្លាស់​ទី​ក្រុម​ការទូត​របស់​អូស្ត្រាលី​ទៅកាន់​ទីក្រុង​បរិសុទ្ធ​មួយ​នេះ​ស្របពេល​មានការ​ភ័យខ្លាច​អំពី​ការចំណាយ​និង​បញ្ហា​សន្តិសុខ​។​

ប៉ុន្តែ​ការទទួលស្គាល់​ក្រុង​យេ​រូ​សា​ឡឹម​នឹង​ជួយ​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​អោយទទួល​បានការ​គាំទ្រ​ពី​អ្នកបោះឆ្នោត​ជ្វី​ហ្វ​និង​គ្រិស្ត​សាសនិក​អភិរក្ស​ហើយ​ទទួលបាន​ប្រជាប្រិយភាព​នៅ​សេត​វិមាន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu