Ad Code

កាន់​ទូរស័ព្ទ​ទំនើប​មើល​ហ្វេ​ស​ប៊ុ​ក​ ចោរ​មក​ឆក់​ពី​ដៃ​ តែ​ជាប់​អាយ​ខ្លោត ​តាម​រក​ឃើញ​វិញ​ចាប់​ខ្លួន​បាន​៤​នាក់



ភ្នំពេញ ​៖ ​ជន​សង្ស័យ​៤​នាក់​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣​ឃាត់ខ្លួន​បាន​ភ្លាមៗ​ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​ ពេល​គាត់​កំពុង​អង្គុយ​មើល​ហ្វេ​ស​ប៊ុ​ក តែ​ដោយសារ​ទូរស័ព្ទ​ជាប់​លេខ​សម្ងាត់ ​និង​ភ្ជាប់​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​​​ ទើប​ម្ចាស់​ និង​សមត្ថកិច្ច​តាម​រក​ឃើញ​វិញ​ និង​ចាប់​ខ្លួន​បាន​៤​នាក់​នៅ​ក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ នៅផ្ទះ​សំណាក់ ឋានសួគ៌​នៅ​ភូមិ​ជំ​ពូ​វ័​ន្ដ​ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ស្ត្រីជន​រងគ្រោះ​ឈ្មោះ ម៉េង សេរី​រ័ត្ន​ ភេទ​ស្រី ​អាយុ​២៧​ឆ្នាំ មុខរបរ​បើក​ផ្ទះសំណាក់​ខាងលើ ដែល​ស្ថិតនៅ​ភូមិ ក្បាលដំរី​២​ សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​។ ទូរ​ស័ព្ទ ដែល​ជនសង្ស័យ ឆក់​បាន ម៉ាក​អាយ​ហ្វូ​ន អេ​ច​ផ្លើស ពណ៌​ស តម្លៃ​៩០០​ដុល្លារ​។

ជនសង្ស័យ​ធ្វើ​សកម្មភាព​ទី​១.​ឈ្មោះ បុល សុខ ជាតិ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​មុខរបរ ជាង​ម៉ា​ស៊ីន​ត្រជាក់ ស្នាក់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​មាន​ស្រុកកំណើត​នៅ​ភូមិ​កៀនស្វាយ ឃុំ កៀនស្វាយ ​ស្រុក​ស្អាង​ ខេត្តកណ្ដាល ទី​២. ឈ្មោះ ថន មករា ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ​មុខរបរ ជាង​ជាង​ម៉ាស៊ីន​ត្រជាក់ មានទីលំនៅ​ស្រុក​កោះធំ​ខេត្ត​កណ្តាល ទី​៣.​ឈ្មោះ ស្រែ​ន ស្រេង ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ​មុខរបរ អ៊ុត​ម៉ូតូ មានទីលំនៅ​ស្រុក​ស្អាង​ខេត្តកណ្ដាល​និង​ទី ទី​៤.​ឈ្មោះ​សម្បត្តិ បូ​រិ​ន ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​ ម៉ូតូ​ជនសង្ស័យ ២​គ្រឿង ទី​១​ម៉ាក វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1J-9553 និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BH-4101។

តាម​ប្រភព​ព័ត៌មាន​ពី ស្ត្រី​រងគ្រោះ បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​រូបគាត់​កំពុង​អង្គុយ​មុខផ្ទះ​សំណាក់​របស់ខ្លួន​យីហោ ផៃ​សុខុម ដែល​ស្ថិតនៅ​ភូមិ​ក្បាលដំរី​២​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ខណៈ​កំពុងតែ​មើល​ហ្វេ​ស​ប៊ុ​ក​ក្នុង​ទូរស័ព្ទ ស្រាប់តែ ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ​មក​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​របស់គាត់ ហើយ​ជិះ​ម៉ូតូ​គេចខ្លួនបាត់។

ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀតថា ​ពេល​ឆក់​ទូរស័ព្ទ​ស្ត្រី​រងគ្រោះ​បាន​ភ្លាមៗ ដោយ​ទូរស័ព្ទ​នោះ ជាប់​អាយ​ខ្លោត ​បន្ទាប់មក​ជនរងគ្រោះ បានដឹងថា​ទូរស័ព្ទដៃ​របស់ខ្លួន​អោយ​សញ្ញា នៅផ្ទះ​សំណាក់​ឋានសួគ៌​នៅ​ភូមិ​ជម្ពូ​វ័ន​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ បន្ទាប់មក​ជនរងគ្រោះ បាន​ទាក់ទង សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣ ដោយ​នាំ​សមត្ថកិច្ច​ទៅដល់​ផ្ទះសំណាក់​នោះ បាន​ឃើញ​ម៉ូតូ​ជនសង្ស័យ​ខាងលើ នៅក្នុង​ផ្ទះសំណាក់​នោះ​ហើយ​បាន​ឃាត់​ជនសង្ស័យ នៅក្នុង​ផ្ទះ សំណាក់​យីហោ​ឋានសួគ៌ បាន​៤​នាក់ និង​ម៉ូតូ​ចំនួន​២​គ្រឿង យកមក ប៉ុស្តិ៍​ដើម្បី ប្រគល់អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​វិញ​ដែលជា​ម្ចាស់​ករណី​។ បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ចោមចៅ​៣​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ទើប​បញ្ជូនទៅ​ឲ្យ​ខាង​នគរបាល​ប៉ុស្ដិ៍ កា​កាប​ទី​២​វិញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu