បន្ទាយមានជ័យ ៖ ក្រោមក្រសែភ្នែកងឿងឆ្ងល់ និងការគិតដោយក្តីបារម្ភជាពន់ពេកចំពោះអត្តសញ្ញាណជាតិពីប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងប៉ោយប៉ែត បានធ្វើការរិះគន់ចំៗថា អាជ្ញាធរក្រុងប៉ោយប៉ែតអសមត្ថភាពក្នុងការគ្រប់គ្រងយីហោ និងស្លាកសញ្ញាផ្សេងៗដោយបណ្តែតបណ្តោយឲ្យជនជាតិចិនលើកយីហោជាអក្សរចិនដោយគ្មានវត្តមានអក្សរជាតិខ្មែរយ៉ាងអនាធិបតេយ្យ។ ព្រោះថា សព្វថ្ងៃនេះមានស្លាកយីហោ ផ្ទាំងប៉ាណូ និងស្លាកសញ្ញាសំគាល់ទីតាំងសំណង់ សណ្ឋាគារ កាស៊ីណូ ខុនដូ ផ្សារទំនើប ភោជនីយដ្ឋាន ក្លឹបកម្សាន្ត និងផ្សារតូចៗភាគច្រើនដែលមានម្ចាស់ ឬថៅកែជាជនបរទេស ពិសេសជនជាតិចិន គឺបានលើកយីហោ ស្លាកសញ្ញានៅតាមទីតាំងនីមួយៗ ជាអក្សរបរទេស ឬជាអក្សរចិនធំៗ និងមានស្លាកសញ្ញាខ្លះមានសរសេរអក្សរខ្មែរខ្លះដែរតែមានទំហំតូចជាងអក្សរបរទេស និងមានស្លាកសញ្ញាខ្លះទៀត មិនមានសរសេរអក្សរខ្មែរតែម្តង។ ដោយមើលឃើញពីបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងប៉ោយប៉ែត បានស្នើសុំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មេត្តាចុះត្រួតពិនិត្យការប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេស ពិសេសអក្សរចិននៅតាមយីហោ ផ្ទាំងប៉ាណូ និងស្លាកសញ្ញាសំគាល់ផ្សេងៗនៅតាមហាង សំណង់អគារ ឬទីកន្លែងនានាដែលមានថៅកែជាជនបរទេស ពិសេសជនជាតិចិន រួមមាន យីហោសម្គាល់ឈ្មោះ កាស៊ីណូ សណ្ឋាគារ ហាង ផ្សារទំនើប ក្លឹបកម្សាន្ត ភោជនីយដ្ឋាន ក្រុមហ៊ុន និងទីតាំងមួយចំនួនទៀត ដែលមានម្ចាស់ជាជនបរទេស ឬជនជាតិចិនស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឲ្យបានត្រឹមត្រូវឡើងវិញ ក្នុងន័យថែរក្សា អភិរក្ស និងលើកស្ទួយអក្សរជាតិ។
សូមរម្លឹកថា នាពេលកន្លងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងផ្ញើជូន អភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្តទាំងអស់ស្តីពីការកំណត់ឲ្យប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេសនៅលើផ្ទាំងគំនូរសំណង់ ឬស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ ដោយគោរពតាមគោលការណ៍ណែនាំដូចខាងក្រោម ១ អក្សរខ្មែរត្រូវសរសេរឲ្យបានធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើ២អក្សរបរទេសអាចសរសេរនៅខាងក្រោម និងមានទំហំពាក់កណ្តាលនៃអក្សរខ្មែរ៣ការសរសេរអក្សរខ្មែរ ត្រូវអនុវត្តតាមវចនានុក្រម របស់សម្តេចព្រះមហាសុមេធាធិបតីជោតញ្ញាណោ ជួន ណាតជាដាច់ខាត៕
Source: Kampuchea Thmey Daily
0 Comments