ភ្នំពេញ ៖ ចលនារណសិរ្សរំដោះជាតិខ្មែររបស់លោក សម សេរី ដែលធ្លាប់បានធ្វើសកម្មភាពបាចខិតប័ណ្ណជាញឹកញាប់នៅតាមបណ្តារាជធានី ខេត្ត ជាច្រើនទូទាំងប្រទេសកម្ពុជា អំពាវនាវឲ្យពលរដ្ឋខ្មែរក្រោកឡើងប្រឆាំងរដ្ឋាភិបាលនោះ នឹងដាក់លិខិតទៅក្រសួងមហាផ្ទៃនៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ ដើម្បីស្នើបង្កើតគណបក្សមួយ ដែលមានឈ្មោះថា “គណបក្សរំដោះជាតិខ្មែរ” ដោយមានលោក សម សេរី ជាប្រធាន។
លោក ធុយ វី ដែលទទួលបានការតែងតាំងជាអ្នកនាំពាក្យគណបក្សរំដោះជាតិខ្មែរបានថ្លែងប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ថា លោកនឹងយកលិខិតស្នើសុំបង្កើត “គណបក្សរំដោះជាតិខ្មែរ” ទៅដាក់ជូនក្រសួងមហាផ្ទៃនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ ហើយ “ខ្ញុំមានសុទិដ្ឋិនិយមថា ក្រសួងនឹងអនុញ្ញាតិឲ្យខ្ញុំនូវអ្វីដែលជាការចង់បានរបស់រណសិរ្សរំដោះជាតិខ្មែរ ហើយមានសង្ឃឹមដដែលថា រដ្ឋាភិបាលលោកនឹងសំរួលឲ្យមានការចុះបញ្ជីការជាផ្លូវការតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស”។
លោក ធុយ វី ធ្លាប់បានបញ្ជាក់ថា មូលហេតុដែលចង់បង្កើត “គណបក្សរំដោះជាតិខ្មែរ” នេះ ទី១, ចង់ស្រាយវិបត្តិនយោបាយនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទី២, វិបត្តិពេលនេះអាចធ្វើឲ្យគ្រោះថ្នាក់ដល់ប្រយោជន៍ជាតិយ៉ាងធំ ដោយសារអន្តរដាក់ការគាបសង្កត់ ហើយយើងមិនចង់ឲ្យមានបញ្ហានេះទេ យើងចង់ឲ្យប្រទេសជាតិយើងមានការរីកចម្រើនដូចបណ្តាប្រទេសលើពិភពលោក។
សូមបញ្ជាក់ថា ចលនារណសិរ្សរំដោះជាតិខ្មែរ ធ្លាប់បានធ្វើសកម្មភាពបាចខិតប័ណ្ណជាញឹកញាប់នៅតាមបណ្តារាជធានី ខេត្ត ជាច្រើនទូទាំងប្រទេស ដោយអំពាវនាវឲ្យពលរដ្ឋខ្មែរ ក្រោកឡើងប្រឆាំងរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច ហ៊ុន សែន ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ ប្រជាកសិករ សិស្ស និស្សិត ក្រោកឡើងប្រឆាំងរបបគ្រប់គ្រងរបស់សម្តេចតេជោ ហ៊ុន សែន និងរំដោះជាតិខ្មែរចេញពីការគ្រប់គ្រងមួយ ដែលគេអះអាងថា ជាការឈ្លានពានរបស់វៀតណាម ហើយពួកគេក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ។ ពួកគេធ្វើសកម្មភាពក្នុងអង្គការចាត់តាំងក្រៅច្បាប់មួយ ដែលមានឈ្មោះថា រណសិរ្សរំដោះជាតិខ្មែរ ដែលមានឈ្មោះ សម សេរី ហៅ ស សេរី ជាមេដឹកនាំ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អតីតអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិធ្លាប់បានបញ្ជាក់ថា រណសិរ្សរំដោះជាតិខ្មែរ គឺជាក្រុមអង្គការចាត់តាំងក្រៅច្បាប់មួយដែលប្រកាសខ្លួនឯងដោយខុសច្បាប់ ហើយមានទិសដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ បេសកកម្មរបស់គេ គឺរំដោះជាតិ សាសនា ប្រជារាស្ត្រខ្មែរ ឲ្យមានឯករាជក្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ ពិតប្រាកដពីអាណានិគមយួនឈ្លានពាន និងគណបក្សប្រជាជនកម្ពុជា និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ចំណុចមួយទៀត គឺបញ្ជាក់ថា រណសិរ្សរំដោះជាតិខ្មែរ មិនទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ដូច្នេះតាមគោលដៅរបស់គេ គឺខុសច្បាប់ទាំងស្រុង។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ទៀតថា សកម្មភាពរបស់រណសិរ្សរំដោះជាតិខ្មែរកន្លងមកនេះ គឺមានការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ ជាក់ស្តែងនៅពេល ដែលអាជ្ញាធរថៃ បានចាប់ក្រុមនេះមួយចំនួន ដែលស្នាក់នៅថៃខុសច្បាប់បញ្ជូនមកកម្ពុជា ហើយពួកគេបានឆ្លើយសារភាពថា គាត់បានជ្រើសរើសកម្លាំង និងហ្វឹកហាត់កម្លាំងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយធ្វើសកម្មភាពអូសទាញពលករខ្មែរ ព្រះសង្ឃ និងនិស្សិតខ្មែរ ដែលទៅរៀនសូត្រនៅថៃ ឲ្យចូលរួមធ្វើសកម្មភាពគាំទ្រខ្លួន ដើម្បីផ្តួលរំលំរដ្ឋាភិបាល៕
Source: Kampuchea Thmey Daily
0 Comments