ភ្នំពេញ ៖ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចប្រគល់ឲ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សាហើយ កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំ ដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ថ្វីបើមិនបានបញ្ជាក់ចំឈ្មោះក៏ដោយ ប៉ុន្តែគេអាចសន្និដ្ឋានបានថា អ្នកនយោបាយដែលជាប់បម្រាមក្នុងការធ្វើសកម្មភាពនយោបាយនោះ គឺសំដៅដល់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ដែលត្រូវបានតុលាការកំពូលបានប្រកាសហាមធ្វើសកម្មភាពនយោបាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលអតីតគណបក្សរបស់ពួកគេក៏ត្រូវបានប្រកាសរំលាយផងដែរ។
សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤២ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ធ្វើឡើងដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៨៧រូប និងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏បានអំពាវនាវ ដល់តុលាការឲ្យពន្លឿននីតិវិធីចំពោះបុគ្គល ដែលជាប់ពាក្យបណ្តឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីថែមទៀត ដើម្បីការពារសិទ្ធិពួកគេ ដែលធានាដោយរដ្ឋធម្មនុញ្ញ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបើកឱកាសឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយសម្រាប់កាសែត Cambodia Daily រាជរដ្ឋាភិបាលក៏បានបង្ហាញឆន្ទៈអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ បើសិនជាបង់ពន្ធជូនរដ្ឋរួចរាល់។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកនោះថា ច្បាប់នេះត្រូវបានតំណាងរាស្ត្រហត្ថលេខីចំនួន៨៧រូប របស់គណបក្សប្រជាជនកម្ពុជា បានផ្តួចផ្តើមធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ហើយសេចក្តីស្នើច្បាប់នេះមានគោលបំណងលើកទឹកចិត្តដល់ពិរុទ្ធជន ជម្រុញឲ្យមានការបង្រួបបង្រួមជាតិ។ បានន័យថា វិសោធនកម្មលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាប់បម្រាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ អាចធ្វើនយោបាយឡើងវិញ តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី និងតាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ុន្តែឈ្មោះគណបក្សសង្គ្រោះជាតិ ដែលបានស្លាប់បាត់ទៅហើយនោះ មិនអាចស្រោចស្រង់ឡើងវិញបានទេ គឺបានចំពោះតែបុគ្គលកែខ្លួនប៉ុណ្ណោះ។
តាមលោក ឈាង វុន ច្បាប់ស្តីពីគណបក្សនយោបាយ បានធ្វើវិសោធនកម្មច្រើនលើករួចមកហើយ ហើយការធ្វើមាត្រា៤៥ថ្មី (ស្ទួន) នេះ ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត និងដើម្បីលើកទឹកចិត្តដល់អ្នកដែលជាប់ពិរុទ្ធ។ លោកបន្តថា កន្លងមក មាននយោបាយមួយចំនួន ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ហើយអ្នកទាំងនោះ ក៏ចូលចំណុចនេះដែរ ប៉ុន្តែលើកទឹកចិត្តចំពោះអ្នកអនុវត្តសាលក្រមរបស់តុលាការ។ ច្បាប់គណបក្សនយោបាយនេះ នៅពេលកន្លងមក មិនបានចែងពីការលើកលែងដល់អ្នកនយោបាយ ដែលអនុវត្តសាលក្រម ហើយត្រូវបានលើកលែង ឬផ្តល់នីតិសម្បទាវិញ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រី ថ្វាយទៅព្រះមហាក្សត្រ ដើម្បីផ្តល់នីតិសម្បទាជូនឡើយ ។ តែយ៉ាងណា លោកថា ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយថ្ងៃទៅមួយថ្ងៃ មានការប្រែប្រួល ដើម្បីឲ្យស្របតាមតម្រូវការ។
សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ ដែលត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្ត្រចំនួន៨៧រូប ដើម្បីធ្វើវិសោធនកម្មទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនោះ បានបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) គឺ "បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ”។
អ្នកនយោបាយពីអតីតគណបក្សប្រឆាំង ដែលត្រូវបានហាមឃាត់នយោបាយនោះមានដូចជាលោក កឹម សុខា, លោក អ៊ូ ច័ន្ទប្ញទ្ធិ, លោក ប៉ុល ហំម, លោក យឹម សុវណ្ណ, លោក យ៉ែម ប៉ុញ្ញប្ញទ្ធិ, លោកស្រី មូរ សុខហួរ, លោក គី វណ្ណដារ៉ា, លោក ហូរ វ៉ាន់, លោក អេង ឆៃអ៊ាង, លោក ម៉ៅ មុនីវណ្ណ និងលោក ឡុង រី ជាដើម៕
Source: Kampuchea Thmey Daily
0 Comments