ខ្សែប្រយុទ្ធជនជាតិកូរ៉េខាងត្បូង គឺកីឡាករ Gi Sung Yeon ដែលធ្លាប់ចូលរួមជាមួយក្លិបភ្នំពេញក្រោន សមាជិកក្នុងលីគកំពូលកម្ពុជា កាលពីរដូវកាលឆ្នាំ២០១៧-២០១៨កន្លងទៅ នៅពេលនេះបានត្រឡប់មកប្រទេសកម្ពុជា វិញហើយដោយចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីរូបគេផុតកិច្ចសន្យារយៈពេលពាក់កណ្ដាលរដូវកាលនៅលីគកំពូលប្រទេសម៉ាឡេស៊ី។
យោងតាមសេចក្តីប្រកាសរបស់ក្លិបព្រះខ័នរាជស្វាយរៀង នៅថ្ងៃសុក្រ ទី៧ ខែធ្នូ នេះកីឡាករ Gi Sung Yeon បានសម្រេចចុះកិច្ចសន្យារយៈពេល១រដូវកាលជាមួយក្លិបខ្លួន ស្របពេលរូបគេជាកីឡាករបរទេសទី៣នៅក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីកីឡាករជប៉ុន Daisuke Kobayashi ដែលជាសមាជិកកាលពីរដូវកាលមុន រួមមជាមួយ Harley Willard ដែលទើបចុះកិច្ចសន្យាកាលពីប៉ុន្មានខែមុន។
កីឡាករ Gisung Yeon កើតនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៨៩ នៅទីក្រុង Suwon នៃសាធារណរដ្ឋកូរ៉េខាងត្បូង។ អាជីពបាល់ទាត់របស់គេមានកំណើតចេញពីសាលា Baekam High School នៅទីក្រុង Yongin និងបន្តចេញទៅសកលវិទ្យាល័យ Honam University ក្នុងទីក្រុង Gwangju មុនចេញទៅលេងនៅក្លិបGyeongnam ដែលជាសមាជិកនៃលីគកំពូលកូរ៉េខាងត្បូង។
រូបគេបានដើរចេញប្រកបអាជីពនៅក្រៅប្រទេសចាប់ពីឆ្នាំ២០១១ មកដោយធ្វើដំណើរមកកាន់ប្រទេសថៃ ចូលរួមជាមួយក្រុមTTM Phichit, BEC Tero, PTT Rayong តែនៅឆ្នាំ២០១៥ គេបានផ្លាស់ទៅលេងនៅក្លឹប Yadanarbon ក្នុងប្រទេសមីយ៉ាន់ម៉ា វិញម្តង។ ក្នុងពាក់កណ្តាលរដូវកាលឆ្នាំ២០១៦ គេបានត្រឡប់មកចូលរួមជាមួយក្រុមBangkok Christian Collegeនៅប្រទេសថៃសាជាថ្មីម្តងទៀត។ លុះដល់ដើមឆ្នាំ២០១៧ គេបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយចូលរួមជាមួយក្រុមភ្នំពេញក្រោន មួយរដូវកាល។
ក្រោយចប់រដូវកាលឆ្នាំ២០១៧ នេះរូបគេជាកីឡាករបរទេស១រូបក្នុងចំណោម៣រូបដែលក្លិបភ្នំពេញក្រោន សម្រេចមិនបន្តកិច្ចសន្យាសម្រាប់រដូវកាលក្រោយថែមទៀត។ អំឡុងពេលរួមរស់ជាមួយក្រុមភ្នំពេញក្រោន កីឡាករ Gi Sung Yeon ធ្លាប់រកគ្រាប់បាល់ឱ្យក្រុមចំនួន១១នាក់គ្រាប់ ខណៈរូបគេក៏ត្រូវខកខានប្រកួតមួយរយៈដែរដោយសាររងរបួស។ ក្រោយចាកចេញពីក្លិបភ្នំពេញក្រោន របស់កម្ពុជានៅពាក់កណ្ដាលឆ្នាំ២០១៨ កីឡាករ Gi Sung Yeon បានទៅចូលរួមក្លិប PKNP FC សមាជិកថ្មីនៅលីគកំពូលប្រទេសម៉ាឡេស៊ីផងដែរ៕
Source: Kampuchea Thmey Daily
0 Comments