សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានប្រកាសបើកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកយុវជនអាយុក្រោម១៧ឆ្នាំ (U17) និងពានរង្វាន់យុវជនក្រោមអាយុ១៥ឆ្នាំ (U15) និងបាល់ទាត់នារី ប្រចាំឆ្នាំ២០១៨-១៩ ដោយរដូវកាលថ្មីនេះនឹងធ្វើឡើងនៅ ចាប់ពីថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៨ តទៅនៅលើទីលានកីឡដ្ឋានខេត្តព្រះវិហារ។
តាមគម្រោងព្រឹត្តិការណ៍ដែលមាន៣ពានរង្វាន់ផ្សេងគ្នានេះនឹងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV News នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។ សម្រាប់ប្រកួតបើកឆាកនេះពានរង្វាន់ U15 គឺ ក្រុមសាលាតម្រងទិសវិទ្យាល័យត្បែងមានជ័យព្រះវិហារ ប៉ះក្រុមសាលាតម្រងទិសខេត្តសៀមរាប វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃសៅរ៍ នេះលើទីលានវិទ្យាល័យត្បែងមានជ័យ។ ចំណែកពានរង្វាន់ U17 វិញក្រុមសាលាតម្រងទិសវិទ្យាល័យត្បែងមានជ័យខេត្តព្រះវិហារ ប៉ះក្រុមសាលាតម្រងទិសខេត្តសៀមរាប ដូចគ្នានៅវេលាម៉ោង៣រសៀល លើទីលានជាមួយគ្នា។ ចំណែកក្រុមបាល់ទាត់នារីកម្រិតទី១ ក្រុមខេត្តបាត់ដំបង ប៉ះស្វាយរៀងនៅម៉ោង៧:៣០នាទីព្រឹកលើទីលានជាមួយគ្នានេះដែរ។
នេះជាឆ្នាំទី២ ដែលពានរង្វាន់ដដែលនេះ រៀបចំឡើងវិញដែលជាគោលដៅរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងទិសដៅដើម្បីត្រៀមខ្លួនសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ យ៉ាងណាក្តីក្រុមដែលបានចូលរួមគឺមានតំណាងរាជធានី-ខេត្ត នឹងមានក្រុម១ចូលរួមជាដាច់ខាតដូចឆ្នាំកន្លងទៅ ដែលចេញពីថ្នាលនៃសាលាតម្រង់ទិសប្រចាំរាជធានី-ខេត្តនីមួយៗ។
គួររំលឹកដែរថា កាលពីរដូវកាល២០១៧-២០១៨ កន្លងទៅសម្រាប់ពានយុវជនអាយុក្រោម១៦ឆ្នាំ (U16) ចំណាត់ថ្នាក់ជើងឯកបានទៅក្រុមសាលាបាល់ទាត់ជាតិបាទី ជើងឯករងបានទៅខេត្តស្វាយរៀង និងលេខ៣ បានទៅក្រុមខេត្តកោះកុង។ ចំពោះពានយុវជនអាយុក្រោម១៤ឆ្នាំ (U14) វិញ ចំណាត់ថ្នាក់ជើងឯកបានទៅក្រុមខេត្តព្រៃវែង ហើយក្រុមជើងឯករងបានទៅខេត្តកោះកុង ខណៈក្រុមចំណាត់ថ្នាក់លេខ៣ បានទៅក្រុមខេត្តកំពង់ស្ពឺ។ ដោយឡែកពានរង្វាន់បាល់ទាត់នារី ជើងឯកបានទៅក្រុមខេត្តបាត់ដំបង ជើងឯករងបានទៅលើខេត្តកំពង់ស្ពឺ និងលេខ៣បានទៅក្រុមខេត្តកំពង់ឆ្នាំង៕
Source: Kampuchea Thmey Daily
0 Comments