កាលពីដើមខែវិច្ឆិកា ថ្មីៗនេះក្លិបព្រះខ័នរាជស្វាយរៀង សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានប្រកាសចុះកិច្ចសន្យាជាមួយខ្សែការពារកណ្តាល Harvey Read សញ្ជាតិអង់គ្លេស និងកាន់លិខិតឆ្លងដែនរបស់ប្រទេសអូស្ត្រាលី ធ្លាប់ជាយុវជនថ្នាលក្លិប Southampton និង Stoke City នៅប្រទេសអង់គ្លេស។
ប៉ុន្តែនៅល្ងាចថ្ងៃពុធ សប្ដាហ៍នេះក្លិបរបស់កម្ពុជា ដដែលបានប្រកាសចែកផ្លូវជាមួយកីឡាករខាងលើតែម្តង ដោយក្លិបបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការថាគឺដោយសារហេតុផលផ្ទាល់ខ្លួនមួយចំនួន។ នេះជាការប្រកាសចែកផ្លូវជាមួយកីឡាកររបស់ក្រុមព្រះខ័នរាជស្វាយរៀង មុនពេលរដូវកាលថ្មីឆ្នាំ២០១៩មកដល់។
យោងតាមការបញ្ជាក់របស់ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះលើកឡើងថា កីឡាករHarvey មានវ័យ២០ឆ្នាំ បានចាប់ផ្តើមអាជីពដំបូងហ្វឹកហាត់ជាមួយយុវជនថ្នាល់របស់ក្លិប Southampton និងបានធ្វើការផ្លាស់ប្តូរក្លិបបន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពី Stoke City FC។
ពេលទៅដល់Stoke City FC ក្នុងការបង្ហាញខ្លួនពេញ១រដូវកាល២០១៧រូបគេចូលលេងបានចំនួន១៩លើក រកបាន១គ្រាប់ ក្នុងពានរង្វាន់ U18 Premier League និង Primier League 2 ចំនួន២លើក។ ចូលមកដល់រដូវកាល២០១៨ ថ្មីៗនេះរូបគេបានសម្រេចផ្លាស់ចេញទៅលេងអោយក្លិប Heidelberg United សមាជិកពានរង្វាន់លីគលំដាប់ទី២អូស្ត្រាលីម្តង។
សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ស្របតាមសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានកំណត់ថា ក្លិបជាសមាជិកក្នុងលីគរបស់ខ្លួននីមួយៗអាចចុះបញ្ជីកីឡាករបរទេសបានចំនួន៥នាក់ ហើយក្នុងនោះដាច់ខាតត្រូវមានកីឡាកររបស់ប្រជាជាតិអាស៊ី១រូប។ ដូច្នេះក្រោយចប់រដូវកាលឆ្នាំ២០១៨ កន្លងទៅក្លិបព្រះខ័នរាជស្វាយរៀង បានបញ្ចប់កិច្ចសន្យាជាមួយនឹងកីឡាករបរទេស៣នាក់រួចហើយរួមមានខ្សែប្រយុទ្ធសញ្ជាតិប្រស៊ីល Sergio Barboza, ខ្សែបម្រើជប៉ុន Ryota Ishikawa និង Asnin Dzmitry អ្នកចាំទីសញ្ជាតិបេឡារុស។ ប៉ុន្តែក្លិបបានប្រកាសបន្តកិច្ចសន្យាជាមួយកីឡាករបរទេស២រូបវិញគឺកីឡាករអង់គ្លេស Harley Willard និងកីឡាករជប៉ុន Daisuke Kobayashiត្រៀមប្រកួតក្នុងរដូវកាលឆ្នាំ២០១៩ ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments