Ad Code

សម្តេច​ក្រឡាហោម ៖ ការរៀបចំ​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គឺជា​យុទ្ធនាការ​ដ៏​ទូលំទូលាយ​ឲ្យ​យល់ដឹង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល



ភ្នំពេញ ៖ សម្តេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស បាន​មានប្រសាសន៍ថា ការរៀបចំ​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​គឺជា​យុទ្ធនាការ​ដ៏​ទូលំទូលាយ​សម្រាប់​ការ​ផ្សព្វផ្សាយ​ឲ្យ​យល់ដឹង​អំពើ​ជួញដូរ​មនុស្ស ផល​បះ​ពាល់​និង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ការ​ជួញដូរ​មនុស្ស​ប្រចាំឆ្នាំ ក៏ដូចជា​វេទិកា​អំពាវនាវ​ដល់​ជនរួមជាតិ និង​សហគមន៍​អន្តរជាតិ ឲ្យ​ចូល​រួម​សហការ​គ្នា ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​មនុស្សជាតិ ពី​អំពើ​ជួញដូរ​មនុស្ស​ការ​កេង​ប្រវ័ញ្ច និង​ការ​រំលោភបំពាន​គ្រប់​រូបភាព​ទៅលើ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី និង​កុមារ។



សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​នៅ​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នាសាល​មហោ​ស្រប​កោះ​ពេជ្រ ខណៈ​សម្ដេច​ក្រឡាហោម ស ខេង តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​ទី​១២។



សម្តេច​សខេង​បន្ត​ថា ដោយឡែក​ថ្មីៗ​នេះ ក្នុង​ប្រទេស​កម្ពុជា មាន​កើតឡើង​នូវ​អំពើ​ជួញដូរ​មនុស្ស ដែល​បាន​នឹង​កំពុង បង្កប់​នៅក្នុង​រូបភាព ជួល​ពរ​ពោះ​ជំនួស ដើម្បី​ជួញដូរ​រា​រក​និង​នាំ​ចេញទៅ​ក្រៅប្រទេស ដែល​សកម្មភាព​បែបនេះ មិន​ត្រឹមតែ​សកម្មភាព​ខុសច្បាប់​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ជះឥទ្ធិពល​អាក្រក់​ដល់​វប្បធម៌​ប្រពៃណី​ជាតិ សីលធម៌​រស់នៅ ក៏ដូចជា​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​ស្ត្រី ​ដែល​ជា​មាតា និង​ទារក​ថែទាំ​ផង។ ក្នុងនាម​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស សូម​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ សូមកុំ​ប្រកាន់យក​អំពើ​ពរ​ពោះ​ជំនួស​ជា​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​ជីវភាព ព្រោះ​ជា​អំពើ​អមនុស្សធម៌ ជា​អំពើ​បាប និង​ជា​បទល្មើស។



គ្រួសារ​និង​ស្ត្រី​ក្រីក្រ​ជាច្រើន​បាន​ព្យាយាម​ប្រឹងប្រែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​ដោះស្រាយ​ជីវភាព​ខ្លួន​និង​ចិញ្ចឹម​កូន ទោះជា​លំបាក​យ៉ាងណាក៏ដោយ តែ​មិនបាន​ប្រកាន់យក​ជំរើស​លក់ ឬ​បោះបង់​កូន​ដែល​ខ្លួន​បាន​ពរ​ពោះ ដើម្បី​ដោះស្រាយ​ការលំបាក​របស់ខ្លួន​ឡើយ។



សម្តេច ក្រឡាហោម​សខេង បាន​បញ្ជាក់​ទៀត​ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ដែល​ពាក់​ព័ន្ធ​ទាំងអស់ ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​អនុសារណៈ​លើ​កិច្ចព្រមព្រៀង ពហុភាគី​ដើម្បី​រួមគ្នា​ប្រយុទ្ធ ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គប្បី​ជំរុញ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​រួមគ្នា​ពិនិត្យ​លើ​ចំណុច​ខ្វះខាត​នៃ​ការ​អនុវត្តន៍ ហើយ​រួមគ្នា​កែលម្អ​បាន​ទាន់​ពេលវេលា​។ ជាពិសេស ប្រទេស​ដែល​ទទួល​ពលករ​កម្ពុ​ជា និង​សូម​មេត្តា​ជួយ​ថែទាំ កម្លាំង​ទាំងនោះ​ឲ្យ​ដូច​ពលរដ្ឋ​របស់​ខ្លួន ព្រមទាំង​ជួយ​ការពារ​ពី​ការ​រំលោភបំពាន​កេងប្រវ័ញ្ច​ដែល​អាច​កើតមាន ជាយថាហេតុ។ ក្នុងករណី​ដែល​ពលករ​កម្ពុជា​បាន​ប្រព្រឹត្ត​ខុសឆ្គង សូម​មេត្តា​អប់រំ ឬ​បញ្ជូន​មក​កម្ពុជា​វិញ​តាមផ្លូវ​ច្បាប់។



សម្តេច​ក្រឡាហោម ក៏បាន​ដាស់តឿន​ចំពោះ​មន្ត្រីរាជការ​ទាំងឡាយ ដែល​បាន​នឹង​កំពុងតែ​សាង​បញ្ហា​ឃុបឃិត​ និង ​សហការ​ជាមួយ​ជនល្មើស​ជួញដូរ​មនុស្ស​និង​អំពើ​ពាក់​ព័ន្ធ​ទាំងឡាយ ទោះបី​ដោយ​ចេតនា​ក្តី​អ​ចេតនា​ក្តី ត្រូវ​ឆាប់​កែខ្លួន​ឲ្យ​បាន​ល្អ ព្រោះ​រាជរដ្ឋាភិបាល​ត្រូវធ្វើ​ការកែទម្រង់​គ្រប់​វិស័យ រាប់ទាំង​ឥរិយាបថ​ការងារ​របស់​មន្ត្រី​រាជការ​ផង​ដែរ។



សម្តេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់​ថា ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​ក្នុងនាម​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក ក្នុង​ទិវា​ជាតិ​លើក​ទី​១២ នៃ​ការ​ប្រយុទ្ធប្រឆាំង​ក​អំពើ​ជួញ​មនុស្ស​ឆ្នាំ​២០១៨​នេះ​ចំពោះមុខ​សហគមន៍​ជាតិ​និង​អន្តរជាតិ នូវ​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ដោយ​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បីឱ្យ​ប្រជាជន​កម្ពុជា និង​មនុស្សជាតិ​ទទួលបាន​ការគោរព​សិទ្ធិ​សេចក្តីថ្លៃថ្នូរ ផល​ប្រ​យោ​ជន៍​ស្របច្បាប់ និង​ភាព​សុខដុម​រម្យ​នា​ដោយ​រួម​សហការ​ជាមួយ បណ្តា​ដៃគូ​ពាក់​ព័ន្ធ​នានា​ក្នុង​តំបន់​និង​លើ​ពិភពលោក ដើម្បី​រួមគ្នា​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស គ្រប់​រូបភាព ផ្តន្ទាទោស​ជនល្មើស​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​កាត់បន្ថយ​ឈាន​ទៅ​លុបបំបាត់​បទល្មើស​ទាំងឡាយ ដើម្បី​កម្ពុជា​ទទួល​បាន​ភាព​សុខសាន្ត​គ្មាន​អំពើ​រំលោភបំពាន និង​អំពើ​ជួញដូរ​មនុស្ស៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu