កិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិក្នុងគោលបំណងបញ្ចៀសការប្រែប្រួលអាកាសធាតុដ៏មហន្តរាយត្រូវបានគេកំណត់ថានឹងបញ្ចប់ក្នុងប្រទេសប៉ូឡូញនៅថ្ងៃសុក្របន្ទាប់ពីមានជម្លោះដ៏ក្តៅគគុករយៈពេលពីរសប្តាហ៍រវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រហើយប្រទេសដែលមានហានិភ័យខ្ពស់បំផុតបានអង្វរករសុំអោយមានការធ្វើសកម្មភាព។
ប្រភពដែលជិតស្និទ្ធនឹងកិច្ចចរចា COP24 បានប្រាប់ AFP ថា គណៈប្រតិភូមកពីជិត២០០ប្រទេសនៅតែស្ថិតនៅឆ្ងាយពីគ្នាលើបញ្ហាជាច្រើនរាប់ចាប់ពីការបង្កើតវិទ្យាសាស្ត្របរិស្ថានចុងក្រោយបង្អស់ទៅដល់សំណួរអំពីថាតើសកម្មភាពអាកាសធាតុនាពេលអនាគតត្រូវផ្តល់មូលនិធិដោយរបៀបណា។
បណ្តារដ្ឋមន្ត្រីត្រូវតែយល់ព្រមលើសៀវភៅច្បាប់រួមមួយដើម្បីធ្វើអោយបានល្អលើការសន្យាដែលធ្វើឡើងដោយបណ្តាប្រទេសនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥មួយនេះដែលបានប្តេជ្ញាថា នឹងកំណត់សីតុណ្ហភាពនៅលើពិភពលោកកើនឡើងត្រឹមក្រោម២អង្សាសេ។
ប៉ុន្តែដោយមានការព្រមានច្បាស់លាស់ពីក្រុមអ្នកវិទ្យាសាស្ត្រដែលបង្ហាញពីតម្រូវការកាត់បន្ថយការបំភាយហ្វូស៊ីលឥន្ធនៈក្នុងទសវត្សរ៍ខាងមុខដើម្បីបំពេញតាមការកំណត់កំដៅនៅត្រឹម១.៥អង្សាសេនោះ, គណៈប្រតិភូត្រូវបានគេជំរុញអោយធ្វើសកម្មភាពនាពេលឥឡូវនេះឬថ្កោលទោសប្រទេសដែលមានគ្រោះថ្នាក់ដល់គ្រោះធម្មជាតិ។
លោក Hilda Heine ប្រធានាធិបតីកោះ Marshall បានប្រាប់សន្និសីទនេះថា “យើងកំពុងបំភ្លឺសម្រាប់អ្នកដែលងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ។ យើងតំណាងអោយប្រទេសជាច្រើនដូចជាប្រទេសយើងផ្ទាល់ផងដែរដែលកំពុងប្រឈមនឹងការផុតពូជ។ សត្វគ្រប់ប្រភេទក៏ប្រឈមមុខនឹងហានិភ័យដូចគ្នានេះ”។
ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការផ្លាស់ប្តូរអាកាសធាតុ (IPCC) បានព្រមានថា គ្មានសង្ឃឹមថានឹងសម្រេចបានតាមគោលដៅនៃកិច្ចព្រមព្រៀងសីតុណ្ហភាពទីក្រុងប៉ារីសទេលុះត្រាតែការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រូវបានកាត់បន្ថយដល់សូន្យនៅត្រឹមពាក់កណ្តាលសតវត្សរ៍។
ទោះបីជាអនុសញ្ញាផ្លាស់ប្តូរអាកាសធាតុរបស់ UN តម្រូវអោយប្រជាជាតិនានាចរចាលើមូលដ្ឋាននៃ “វិទ្យាសាស្ត្រដ៏ល្អបំផុត” ក៏ដោយក៏ប្រទេសចំនួន៤បានបដិសេធស្វាគមន៍ការរកឃើញរបស់ IPCC នៅឯកិច្ចចរចានេះ។
ប្រជាជាតិភាគច្រើនចង់អោយអ្នកវិទ្យាសាស្ត្ររបស់ IPCC ប្រាប់អំពីសៀវភៅច្បាប់និងបង្កើតមូលដ្ឋានគ្រឹះនៃមហិច្ឆតានាពេលអនាគតរបស់ប្រទេសនានាលើសកម្មភាពអាកាសធាតុ។
មានការរំពឹងទុកថា កិច្ចពិភាក្សានេះនឹងអូសបន្លាយដល់យ៉ាងហោចណាស់នៅថ្ងៃសៅរ៍ដោយសារតែបញ្ហាសំខាន់ៗមួយចំនួនមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments