Ad Code

រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា បាន​អបអរសាទរ​ចំពោះ​កំណើន​ទេសចរ​ មក​ទស្សនា​ប្រទេស​សមាជិក​អាស៊ាន និង​ឥណ្ឌា ឆ្នាំ​២០១៨



​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា បាន​អបអរសាទរ​ចំពោះ​កំណើន​ទេសចរ​មក​ទស្សនា​ប្រទេស​សមាជិក​អាស៊ាន និង​ឥណ្ឌា ឆ្នាំ​២០១៨ មាន​ចំនួន​១៣៩.៥​លាន​នាក់ កើនឡើង​៧.៤%​។​

ប្រភពពី​ក្រសួង​ទេសចរ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងទេសចរណ៍​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​--​ឥ​ណ្ធា លើក​ទី​៧ នៅ​ទីក្រុង​ហា​ឡុង ប្រទេស​វៀតណាម នាឱកាស​ នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៩ (ASEAN Tourism Forum 2019 ) ក្រោម​ប្រធានបទ អាស៊ាន ​៖ អានុភាព​តែមួយ (ASEAN: The Power of One)​។​

កិច្ចប្រជុំ​ក៏បាន​ពិនិត្យ​អំពី​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​អាស៊ាន​--​ឥ​ណ្ធា លើ​សកម្មភាព​ចម្បងៗ​ដូចជា​៖ ការចែករំលែក​បទពិសោធ​ន៍​ការអនុវត្ត​ល្អៗ ស្តីអំពី​ការអនុវត្ត​ទេសចរណ៍​ប្រកបដោយ​ចីរភាព ការផ្តល់​ជំនួយ​ទៅវិញទៅមក​ផ្នែក​អប់រំ​បណ្តុះបណ្តាល​សំដៅ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​។ សហការ​ផ្សព្វផ្សាយ និង​រៀបចំ​សៀវភៅ ស្តីអំពី​ទេសចរណ៍​ពុទ្ធសាសនា​។​

ក្នុងឱកាស​នោះ​ផងដែរ​ បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ដល់​ប្រទេស​ឥណ្ឌា ព្រមទាំង​បានលើកឡើង​អំពី​ការគាំទ្រ​របស់​កម្ពុ​ជាត​ទៅទៀត លើ​ការរៀបចំ ទិវា​យោ​ហ្គា​អន្តរជាតិ (International Yoga Day) ដែល​តែងតែ​ធ្វើឡើង​រៀងរាល់ឆ្នាំ​នៅ​កម្ពុជា​។ ទន្ទឹមនឹងនោះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើសុំ​ឲ្យ​ឥណ្ឌា ជួយ​ជំរុញ​ការហោះហើរ​ត្រង់​កម្ពុជា​-​ឥណ្ឌា សំដៅ​ទាក់ទាញ​ទេសចរ​ឥណ្ឌា​មក​ទស្សនា​កម្ពុជា​បន្ថែម​ទៀត​។

លោក​រដ្ឋមន្ត្រី​ ក៏បាន​អញ្ជើញ​ឥណ្ឌា ឲ្យ​ចូលរួម​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា ស្របពេល​ជា​មួយគ្នា នៃ​ទិវា​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៩​។​

សូម​ជម្រាបជូន​ផងដែរ​ថា ឆ្នាំ​២០១៨ កម្ពុជា​ បានទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៦,២​លាន​នាក់ កើន​ឡើង​១១% ក្នុងនោះ​ទេសចរ​ឥណ្ឌា​មាន​ចំនួន ៦៥,៨៨២​នាក់ កើនឡើង​១០.៦%៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu