លោក ហែម គីរី ដែលជាអគ្គលេខាធិការរបស់សហព័ន្ធបានឲ្យដឹងថា សហព័ន្ធខ្មែរកីឡាហែលទឹក បានត្រៀមខ្លួនរួចហើយ ដើម្បីបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៥រូបទៅហ្វឹកហាត់នៅក្រៅប្រទេសរយៈពេលយូរ ដើម្បីត្រៀមស៊ីហ្គេម២០១៩ នៅហ្វីលីពីន។
លោកអគ្គលេខាធិការ បញ្ជាក់ទៀតថា គោលដៅរបស់សហព័ន្ធគឺបញ្ជូនពួកគេទៅហ្វឹកហាត់នៅប្រទេសចិន និង ប្រទេសជប៉ុន។ ការបញ្ជូនចេញទៅហ្វឹកហាត់នេះ គឺសហព័ន្ធ នឹងពន្លឿនឲ្យបានលឿនជាទីបំផុត ព្រោះឆ្នាំ២០១៩នេះ ជាឆ្នាំស៊ីហ្គេម។ ការចេញទៅហ្វឹកហាត់នេះ គឺសហព័ន្ធជាអ្នករ៉ាប់រងចំណាយទាំងស្រុង។
លោកទេស រដ្ឋមន្ត្រីប្រធានសហព័ន្ធ ស៊ុន ចាន់ថុល កំពុងតែស្វះស្វែងរកការគាំទ្រពីផ្នែកឯកជន និងសប្បុរសជននានាដើម្បីជួយដល់កីឡាករ-កីឡាការិនីកម្ពុជាក្នុងការចេញទៅហ្វឹកហាត់នេះ។
តាមការគ្រោងទុក សហព័ន្ធ នឹងបញ្ជូនទៅហ្វឹកហាត់នៅប្រទេសចិនចំនួន៥រូប និង គ្រូអមដំណើរមួយរូប។ លោកមិនទាន់បង្ហាញពីអត្តសញ្ញាណ នៃអត្តពលិកដែលត្រូវចេញទៅហ្វឹកហាត់នោះទេ តែមានកីឡាករ៣រូប និង កីឡាការិនី២រូប។
ចំពោះការចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុនវិញនោះ ពេលនេះ គ្រូបង្វឹកជនជាតិជប៉ុនរបស់កម្ពុជាកំពុងតែធ្វើការទាក់ទង។ សម្រាប់ប្រទេសជប៉ុន គឺបញ្ជូនទៅ៣រូប ដែលក្នុងនោះកីឡាករ២រូប និង កីឡាការិនី១ រូបព្រមទាំងអមដំណើរដោយគ្រូបង្វឹករបស់កម្ពុជា១រូបផង៕
Source: Kampuchea Thmey Daily
0 Comments