Ad Code

​ថន ភឿ​ត សងសឹក ណា​ម ម៉ូ​រ៉ា​ក់​



អ្នក​ប្រដាល់​កម្ពុជា ទេស ជីវ៉ា ក្លិប​កងពលតូច​លេខ​៧០ ត្រូវបាន​អ្នករៀបចំ​កម្មវិធី​ប្រដាល់​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ផ្តល់​ឱកាស​ឲ្យ​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Chen Luop នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​២០ ខែ​មករា​ ឆ្នាំ​២០១៩​នេះ លើ​សង្វៀន​Boostrong Fighter On Fire។​

ទេស ជីវ៉ា ប្រហែលជា​មិន​ពិបាក​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​នេះ​ទេ ព្រោះ​ ជីវ៉ា​ គេ​មានចិត្ត​ប្រដាល់​ធំ ហើយ​អ្នក​ប្រដាល់​ថៃ​Chen Luop នេះ គេ​ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​មាន​ប្រវត្តិ​ប្រកួត​តិចជាង​ទេស ជីវ៉ា​ ថែមទៀត​នោះ។ ​នេះ​បើតាម​ការអះអាង​ឲ្យ​ដឹង​របស់​អ្នកដឹកនាំ​កីឡាករ​ថៃ ​មក​ប្រកួត​លោក​ ថៃ អ៊ូ។​

Chen Luop ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ។ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ម្តងណា​នៅឡើយ​ទេ​កន្លងមក ។ បើ​មើ​លពី​ប្រវត្តិ​ប្រកួត​របស់គេ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់ត្រា ប្រកួត​ចំនួន​៥៣​លើក ឈ្នះ​៤៥​លើក ចាញ់​០៨​លើក និង​មិនដែល​ស្មើ។

ចំពោះ ទេស ជីវ៉ា អ្នក​ប្រដាល់​កម្ពុជា​យើង​វិញ គេ​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ។ គេ​ធ្លាប់​ប្រកួត​ជាមួយ​ថៃ​បាន​ចំនួន​១២​លើក​ហើយ តែ​វាយ​ឈ្នះ​បានតែ​០៤​លើក​ប៉ុណ្ណោះ ក្រៅពី​ហ្នឹង​ចាញ់​ថៃ​ទាំងអស់។

ទេស ជីវ៉ា គេ​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​មាន​កណ្ដាប់ដៃ​ល្អ ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ដែរ ប៉ុន្តែ​អត់​សូវ​មាន​ផ្លែ​ល្អ ហើយ​មួយទៀត​គេ​វាយ​ចេញ​យឺត។

ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​៧២​លើក ទេស ជីវ៉ា គេ​វាយ​ឈ្នះ​៥៣​លើក ចាញ់​១៧​លើក និង​ស្មើ​០២​លើក។ ចាំមើល ទេស ជីវ៉ា អាច​យកឈ្នះ​Chen Luop បាន​ឬ​អត់ សម្រាប់​ជំនួប​គ្នា​លើក​ទី​១​នេះ?។​

ចំពោះ​គូប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ថន ភឿ​ត អ្នក​ប្រដាល់​មកពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ នឹង​ជួប​សងសឹក​ជាមួយ ​ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ជើងចាស់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់​ដំបង។ ពីរ​នាក់​ជួបគ្នា​ក្នុង​ទម្ងន់៦០​គីឡូក្រាម​។ ពួកគេ​ពីរ​នាក់​នេះ ធ្លាប់​ប៉ះគ្នា​ម្តង​ហើយ​ កាលពី​ថ្ងៃទី​២៩​ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​ថន ភឿ​ត វាយ​ចាញ់​ណា​ម ម៉ូ​រ៉ា​ក់ ដោយ​ពិន្ទុ។

ថន ភឿ​ត នេះ គេ​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែរ។ គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​វាយ​ខ្លាំង។ ឯ ណា​ម ម៉ូ​រ៉ា​ក់ គេ​ក៏​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែរ។ អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​ខ្លាំង​គួរសម​ដែរ។ កាលពី​ជួប ​ថន ភឿ​ត លើក​មុន​នោះ ម៉ូ​រ៉ា​ក់ ​ឈ្នះ​ក្នុង​លក្ខណៈ​ប្រផុតប្រផើយ​តែប៉ុណ្ណោះ។ ចាំមើល តើ ​ថន ភឿ​ត អាច​សងសឹក​ណា​ម ម៉ូ​រ៉ា​ក់ បានសម្រេច​ឬ​អត់ នៅក្នុង​ការជួបគ្នា​លើក​ទី​២​នេះ?។​

ទី ព​ន្លែ​ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ក៏​នឹង​ឡើង​សងសឹក ហុង ជី​វ៉ុ​ង អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍​ដែរ។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៦៥ គ​.​ក្រ។​ ព​ន្លែ​ត ​សងសឹក ជី​វុង ដែល​បាន​វាយ​ឈ្នះ​រូបគេ​ដោយ​ពិន្ទុ​នោះ។ អ្នក​ប្រដាល់​ទាំងពីរ​រូបនេះ ធ្លាប់​ជួបគ្នា​៣​លើក​មកហើយ ដោយ​ទី ព​ន្លែ​ត វាយ​ចាញ់​ហុង ជី​វ៉ុ​ង ​ទាំងបី​លើក។
​ ​
ហុង ជី​វុង ជា​អ្នក​ប្រដាល​ជើង​ខ្លាំង​ស្រករ​ក្រោយ។ គេ​មានបទពិសោធន៍​លើស​ង្វៀន​ច្រើន​គួរសម​ដែរ ។ អ្នក​ប្រដាល់​រូបនេះ វាយ​ខ្លាំង​ទាំង​កណ្តាប់ដៃ ទាំង​ការ​ទាត់ និង​ជង្គង់ កែង​។ ជី​វុង ប្រកួត​លើក​ចុង​ក្រោយ​នេះ វាយ​ឈ្នះ​ ធឹ​ម ទាន់ ក្លិប​រាជសីហ៍​ខេត្តរតនគិរី ដោយ​ពិន្ទុ។ ឯ ការប្រកួត​ចុងក្រោយ​របស់​ទី ព​ន្លែ​ត​វិញ គេ​វាយ​ចាញ់ សំ ភក្តី អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដោយ​ពិន្ទុ។​

ចំណែក ថាំង ឌី​ណា អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថា​ន រ៉ា​ឌី ក្លិប​តា​ព្រហ្ម​មានជ័យ។ ពួកគេ​ទាំងពីរ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu