ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងមកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះបានសម្រេចហើយ តែត្រូវគេឃើញទាន់ ក៏ជិះម៉ូតូដេញតាម ស្រែកថាចោៗ ជនសង្ស័យភ័យ ដួលម៉ូតូទាំងពីរគ្រឿង គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្រុម៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
ម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីមស១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ លាយលឿង ពាក់ស្លាកលេខភ្នំពេញ1HJ. 0205 ម្ចាស់ ឈ្មោះ មាស សំរិត ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ម៉ូតូដែលជនសង្ស័យទាំង២នាក់ជិះធ្វើសកម្មភាព ម៉ាកហុងដាប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CL-6386។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មិត្តភ័ក្ដិជនរងគ្រោះបានហៅទូរស័ព្ទទៅជនរងគ្រោះ ដើម្បីឲ្យមកឌុបរកផ្ទះជួលថ្មី ព្រោះកន្លែងផ្ទះជួលដែលខ្លួនស្នាក់នៅរាល់ថ្ងៃម្ចាស់ផ្ទះឈប់ជួលឲ្យហើយ។
ប្រភពបន្តថា ខណៈពេលជនរងគ្រោះមកដល់មុខបន្ទប់ជួលជាន់ទី២ របស់មិត្តភ័ក្ដិ ក៏បានឈប់ម៉ូតូខាងក្រោម និងចាក់ សោ ក ត្រឹមត្រូវ រួចដើរចូលទៅក្នុងសំដៅរកមិត្តភ័ក្ដិ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ិចពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CL-6386 ធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ហើយជិះម្នាក់មួយគ្រឿង ចេញពីកន្លែងកើតហេតុ តាមផ្លូវបេតុង ក្បែរសាលាប៊ែលធី ពីលិចទៅកើត ឆ្លងផ្លូវជាតិលេខ៥ ទៅចូលក្នុងតំបន់មិនរៀបរយ ខាងក្រោយការ៉ាស់សាំងភីធីធី ពេលនោះពលរដ្ឋដែលស្គាល់ម៉ូតូជនរងគ្រោះ បានជិះម៉ូតូ២គ្រឿង គ្នា៣នាក់ ដេញតាមតែមិនទាន់ ក៏ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ពេលពលរដ្ឋអ្នកដេញទាំងនោះចេញពីប៉ុស្តិ៍មកបំណងទៅមើលកន្លែងដែលពួកវាជិះចូល ស្រាប់តែឃើញពួកវាជិះម៉ូតូឡើងផ្លូវជាតិលេខ៥ ពីជើងទៅត្បូង បំណងយកទៅលក់ តែត្រូវបានក្រុមប្រជាពលរដ្ឋដេញតាម រហូតដល់ស្តុបតេលាផ្លូវជាតិលេខ៥ កែងផ្លូវ៦៨ ដោយផ្លូវកកស្ទះចរាចរណ៍ និងពលរដ្ឋស្រែកថាចោៗ ពួកជនសង្ស័យជិះគេចមិនរួច ភ័យខ្លួន ពួកគេក៏លោតចេញពីម៉ូតូគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូជិះធ្វើសកម្មភាព១គ្រឿង និងម៉ូតូជនរងគ្រោះ១គ្រឿង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅប៉ុស្តិ៍ រីឯម៉ូតូរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនវិញ៕
Source: Kampuchea Thmey Daily
0 Comments