បន្ទាយមានជ័យ ៖ មន្ត្រីនគរបាលជាន់ខ្ពស់អំពាវនាវឲ្យជនរួមជាតិបន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ទាំងអាណាចក្រនិងពុទ្ធចក្រ ហើយគ្រប់គ្នាត្រូវធ្វើជាមន្ត្រីល្អ គ្រូល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម នាយឧត្តមសេនីយ៍ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និង ជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤និងភូមិភាគ៥ បានថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មហាកុដិ១ខ្នងនៅវត្តសុវណ្ណគីរី ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យកាលពីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ។
លោកនាយឧត្តមសេនីយ៍ ខេង សុមេធ បានមានប្រសាសន៍បន្តថា ក្របខ័ណ្ឌនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងបច្ចុប្បន្ននេះ គឺពោរពេញដោយស្នាមញញឹម ភាពរីករាយ សុខដុមរមនា ជួបជុំគ្រួសារ ក្នុងសុខសន្តិភាព ការអភិវឌ្ឍន៍ មានស្ថេរភាព មានសុវត្ថិភាព មានផ្លូវថ្នល់ខ្វាត់ខ្វែង មានអគ្គិសនី មានប្រភពទឹកស្អាត ទឹកប្រើប្រាស់ មានសាលារៀន មានពេទ្យ មានវត្តអារាម មានស្រែចម្ការ មានផ្សារ មានអាជីវកម្ម មានរោងចក្រ ក្រុមហ៊ុន មានទីកម្សាន្តហើយធ្វើឲ្យចំណូលជីវភាពពលរដ្ឋយើងត្រូវបានលើកកម្ពស់ជាលំដាប់។
លោកនាយឧត្តមសេនីយ៍ខេង សុមេធ មានប្រសាសន៍បន្តថា ដោយឡែកនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនេះ ក៏មានស្នាដៃនិងសមិទ្ធផលថ្មីជាច្រើនទាំងអាណាចក្រនិងពុទ្ធចក្រ រីឯចំពោះវត្តសុវណ្ណគីរី ដែលកំពុងត្រូវបានសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់មហាកុដិតម្លៃជិត១៤ម៉ឺនដុល្លារនេះ វិញ ក៏មានសមិទ្ធផលយ៉ាងច្រើនផងដែរ។
យោងតាមលោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីឲ្យដឹងថា វត្តសុវណ្ណគិរីស្ថិតនៅផ្លូវជាតិលេខ៥ភូមិថ្មី ឃុំភ្នំតូចនេះ មានផ្ទៃដីជាង២,៧ហិចតា ផ្តើមកសាងដំបូងនៅឆ្នាំ១៩៣៧ ហើយឆ្លងកាត់ព្រះគ្រូចៅអធិការ១១ជំនាន់។ ហើយពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០១២ សមិទ្ធផលនានាដែលកសាងក្នុងវត្តរួមមានព្រះវិហារ សាលាឆាន់ សាលាបាលី កុដិថ្ម កុដិឈើ ឈាបនដ្ឋាន ផ្លូវក្នុងបរិវេណ។ល។ លុះពីឆ្នាំ២០១២ ដល់បច្ចុប្បន្នក្រោមការដឹកនាំរបស់ព្រះចៅអធិការវត្តព្រះនាមឡាំ សាវី នោះគណៈកម្មការ អាចារ្យ ពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ នោះមកសាងព្រះបរមចេតិយព្រះបរមសារីរិកធាតុ កុដិឈើ១ខ្នង ២០បន្ទប់ កុដិថ្ម១ខ្នង២ជាន់មាន១៦បន្ទប់ ដែលផ្តើមកសាងពីថ្ងៃទី១ឧសភាឆ្នាំ២០១៨ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ បានរួចជាស្ថាពរ។ មហាកុដិនេះជាអំណោយរបស់លោកឧត្តមសេនីយ៍ខេង សុមេធ និង លោកជំទាវកុយ សាលីណា និងកសាងដោយលោកសោម ណារី និងអ្នកស្រីយិត ស្រស់ ព្រមទាំងបងប្អូនកូនចៅនិងពុទ្ធិបរិស័ទចំណាយថវិកាជិត១៤ម៉ឺនដុល្លារ។
ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ លោកស្រីកុយ សាលីណា លោកសោម ណារី និងអ្នកស្រីយិត ស្រស់ និងក្រុមការងារបានប្រគេនបច្ច័យបន្ថែមដល់វត្តនិងព្រះសង្ឃបានផ្តល់អំណោយដល់អ្នកចូលរួមគ្រប់សមាសភាព និង ដោះស្រាយសំណូមពរនានាក្នុងមូលដ្ឋានឃុំទៀតផង។
លោក យូ ផៃ មេឃុំស្តីទីឃុំភ្នំតូច បានថ្លែងអំណរគុណនិងគោរពជូនពរ ហើយសូមកោតសរសើរចំពោះអំណោយកសាងមហាកុដិថ្មីនេះ ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសប្បុរសជននានា៕
Source: Kampuchea Thmey Daily
0 Comments