សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបំពេញបេសកកម្មមនុស្សធម៌លើកដំបូងប្រចាំឆ្នាំ ២០១៩ នៅលើទឹកដីស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយបានចុះព្យាបាលប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់ដែលសកម្មភាពមនុស្សធម៌នេះ ស្ថិតក្រោមវត្តមានរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមរួមនឹងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យុវជន វេជ្ជបណ្ឌិត និងកម្លាំងស្ម័គ្រចិត្តជាច្រើននាក់ផ្សេងទៀត។
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានផ្ដួចផ្ដើមគំនិត និងយកចិត្តទុកដាក់ ដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដើម្បីចូលរួមជាមួយនឹងវិស័យសុខាភិបាលក្នុងការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋតាមបណ្ដាខេត្តនានានៅទូទាំងប្រទេសដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែងសមាគមបានចុះពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋបានជាង២០ម៉ឺននាក់ និងបានបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ ព្រមទាំងមានករណីវះកាត់បេះដូងជួយសង្គ្រោះជីវិតមនុស្សបានជាច្រើននាក់ផងដែរ ក្រោមការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចតេជោហ៊ុនសែនបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសាធារណៈ ការបញ្ចុះតម្លៃទឹក ភ្លើង ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងបានអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា នៅក្នុងបេសកកម្មមនុស្សធម៌នេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានព្យាបាលប្រជាពលរដ្ឋបានចំនួន៣៣៦០នាក់ នៅក្នុងនោះមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺត្រចៀក ជំងឺភ្នែកជំងឺរោគស្ត្រី ជំងឺបេះដូងជំងឺសើស្បែកអេកូសាស្ត្រ ជម្ងឺសន្លាក់ ជំងឺឬសដូងបាត និងបានបញ្ជូនព្យាបាលបន្តចំនួន៩១នាក់នៅក្នុងនោះមកភ្នំពេញចំនួន១៥នាក់៕
Source: Kampuchea Thmey Daily
0 Comments