ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម (ត្មាតពង) ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន សាលានាយទាហានសកម្ម ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី ក្នុងគោលបំណង ដើម្បីញុះញង់ឲ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានប្រកាសយ៉ាងដូច្នេះថា “សូមប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដើម្បីឲ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដែលកើតចេញពីការបោះឆ្នោត។
កងទ័ព នឹងគោរព អនុវត្តម៉ឺងម៉ាត់ដាច់ខាតនូវបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដើម្បីវាយកម្ទេចជនក្បត់ជាតិ ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំភ្លេចបំផ្លាញសុខសន្តិភាពរបស់ប្រជាជន”។
លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព បញ្ជាក់ទៀតថា កងយោធពលខេមរភូមិន្ទ ត្រៀមខ្លួនជាស្រេចហើយ ដើម្បីអនុវត្តដូចដីការបស់តុលាការនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការចំពោះជន ដែលតុលាការតាមចាប់ខ្លួន។ ជាមួយគ្នានោះ បានអំពាវនាវឲ្យជនរួមជាតិទាំងអស់កុំជឿតាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ពីព្រោះកងទ័ពបានចាត់ទុកថា រាល់សកម្មភាពទាំងឡាយណា ដែលគាំទ្រទៅនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ពីព្រោះជាអំពើខុសច្បាប់ ហើយកងទ័ពទាំងអស់ប្តេជ្ញាចិត្តបង្ក្រាបដាច់ខាត ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ។
លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព បញ្ជាក់បែបនេះ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅបរទេស បានធ្វើសេចក្តីអំពាវនាវមួយ ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឲ្យស្តាប់បញ្ជាសម្តេចនាយករដ្ឋមន្ត្រី ដោយសំអាងថា សម្តេចតេជោ ហ៊ុន សែន ជាជនផ្តាច់ការ ដោយសារតែបានបានណែនាំកងកម្លាំងប្រដាប់អាវុធ ឲ្យចាប់ខ្លួនលោក នៅពេលវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៩នេះ។
មានប្រសាសន៍នៅក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតទីបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាទៅកាន់កងប្រដាប់អាវុធឲ្យកម្ចាត់ជាបន្ទាន់នូវរាល់ទង្វើណា ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬក៏ដណ្តើមអំណាចក្រៅប្រព័ន្ធច្បាប់ ផ្ទុយពីរដ្ឋធម្មនុញ្ញ។
សម្តេចលើកឡើងថា អ្វីដែលកើតឡើងបន្ទាន់ ផ្ទុយនឹងច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងមានគោលដៅបំផ្លាញរដ្ឋ និងប្រជាជន មិនស្របតាមរដ្ឋធម្មនុញ្ញ បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធ្វើសកម្មភាពបង្ក្រាបឲ្យបានទាន់ពេលវេលា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សូម្បីតែប្រទេសបារាំងបច្ចុប្បន្នក៏ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដើម្បីទប់ស្កាត់នូវចលនាអាវកាក់ពណ៌លឿង ហើយអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធបង្ក្រាបរាល់គ្រប់សកម្មភាពទាំងអស់ ដូច្នេះហេតុអ្វីបានបារាំងអាចធ្វើបាន តែកម្ពុជាមិនអាចធ្វើបានទៅវិញ។ កម្ពុជាគ្រាន់តែយកកងកម្លាំងប្រដាប់អាវុធការពាររដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments