ព្រះវិហារ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោងប្រមាណ៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ឱ សេងអធិការនគរបាលស្រុកជាំក្សាន្ត។
ភ្នាក់ងាររាយការណ៍ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងតាមពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះ ដែលមានឈ្មោះស-ស-លអាយុ១២ឆ្នាំ រស់នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ករណីចាប់រំលោភសេពសន្ថវៈ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។ ក្រោយទទួលបាននូវពាក្យបណ្តឹងមកដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩វេលាម៉ោង៤និង៣០នាទីរសៀល ទើបកម្លាំងសមត្ថកិច្ចរបស់លោកបានសហការជាមួយកម្លាំងដឺបេរបស់កងពលតូចអន្តរាគមន៍លេខ៧ នឹងដោយមានការណែនាំចង្អុលបង្ហាញពីលោកឩត្តមសេនីយ៍ទោ យិន ចំណានស្នងការដ្ឋាននគរបាលខេត្តព្រះវិហារផងដែរនោះ ទើបកម្លាំងរបស់លោកធ្វើការឃាត់ខ្លួនបានជនសង្ស័យតែម្តង។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យខាងលើឈ្មោះហោន ឃ្លោក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាទាហានវរសេនាតូចលេខ៣៧២ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៧បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments