ភ្នំពេញ ៖ បន្ទាប់ពីទទួលបានដំណឹង នៃការទទួលមរណភាពរបស់តារាចម្រៀងស្រីវ័យ២៦ឆ្នាំ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ លោក ខេមរៈ សិរីមន្ត និងលោក ខេមរៈ ភារុណ គឺកញ្ញា ខេមរៈ ស្រីពៅ បង្កការសោកស្ដាយ ស្រណោះអាឡោះអាល័យសម្រាប់ក្រុមគ្រួសារ និង មហាជន រួមទាំងអ្នកសិល្បៈរួមអាជីពជាច្រើននោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបង្ហាញការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះក្រុមគ្រួសារ កញ្ញា ខេមរៈ ស្រីពៅ ផងដែរ។
តារាចម្រៀងស្រី កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅមន្ទីរពេទ្យប្រទេសឥណ្ឌា ដោយសារជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ។
ដំណឹង នៃការស្លាប់របស់ កញ្ញា ខេមរៈ ស្រីពៅ ភា្លមៗនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានបង្ហាញក្តីរន្ធត់ចិត្ត និងបង្ហាញការសោកសៅស្រណោះស្តាយនូវការបាត់បង់អ្នកសិល្បៈស្រីមានសមត្ថភាពរូបនេះ។
តាមរយៈដំណឹង នៃមរណភាពរបស់តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ នេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ទុកថា មរណភាព កញ្ញា ខេមរៈ ស្រីពៅ មិនត្រឹមតែជាការបាត់បង់ កូនស្រីជាទីស្រឡាញ់ប្រកបដោយកតញ្ញុតាធម៌ចំពោះ ឪពុក ម្តាយ បងប្អូន ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់តារាចម្រៀងដ៏ល្បីមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវធនធានមនុស្សដែលមានវិជ្ជាជីវៈត្រឹមត្រូវ នៅក្នុងវិស័យសិល្បៈផងដែរ។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានលើកឡើងបន្ថែមទៀតថា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ កញ្ញា ខេមរៈ ស្រីពៅ បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ គិតមកទល់ថ្ងៃទទួលមរណភាព គឺមានរយៈពេល៤ឆ្នាំមកហើយ ដែលនាងបានធ្លាក់ខ្លួនឈឺ និងត្រូវបានចេញទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃអស់រយៈពេលប្រមាណជាង៣ឆ្នាំ។ ប៉ុន្តែដោយសារស្ថានភាពជំងឺហាក់គ្មានការធូរស្រាលនោះ ក្រុមគ្រួសារក៏បាន សម្រេចបញ្ជូនបន្តទៅព្យាបាលនៅប្រទេសឥណ្ឌា តែជាអកុសលរយៈពេលនៃការព្យាបាលនោះ បានត្រឹមតែជាង២ខែប៉ុណ្ណោះ កញ្ញា ខេមរៈ ស្រីពៅ ក៏ត្រូវស្លាប់ដោយនឹកស្មានមិនដល់សោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments