Ad Code

លោក​យី ថុល ប្រធាន​ស្នាក់​ការ​គយ និង​រដ្ឋាករ​ព្រែក​ចាក បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​លួច​បង្កប់​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ យ៉ាង​ពេញបន្ទុក​



កំពត ៖ ថ្មីៗ​នេះ​ មាន​ប្រភព​ច្បាស់​ការ​​ពី​មន្ត្រី​អត់​លិឍ​បាន​លួច​ទម្លាយ​ថា លោក យី ថុល ដែល​ជា​មេ​គយ​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​ឈ្មួញ​រកស៊ី​ដឹកទំនិញ​ឆ្លងដែន​ទាំង​នាំចេញ​នាំចូល ដោយ​ប្រធាន​ស្នាក់ការ​គយ ​និង​រដ្ឋាករ​ទើប​នឹង​មកកាន់​តំណែង​រូបនោះ បាន​បញ្ជា​ឲ្យ​មន្ត្រី​ទទួលបន្ទុក​ខាង​ពិនិត្យ​ចរាចរ​ទំនិញ​ស្ថិត​តាម​មាត់ច្រក​កៀប​យក​លុយ​អ្នក​រកស៊ី​តាមតែ​អំពើ​ចិត្ត​។​

ប្រភព​ជាក់លាក់​បាន​បង្ហើប​ទៀត​ថា បន្ទាប់ពី​មានការ​ដោះដូរ​ប្រធាន​ស្នាក់​ការ​គយ ​និង​រដ្ឋាករ​ព្រែក​ចាក​មក​នោះ លោក យី ថុល បាន​បញ្ជា​ឲ្យ​លោក រស់ សាត អនុប្រធាន​ស្នាក់​ការ ព្រមទាំង​គូកន​២​នាក់​ទៀត ​មើល​ការខុសត្រូវ​ខាង​ពិនិត្យមើល​ការ​ចរាចរ​មុខទំនិញ​ចេញចូល​គ្រប់​ប្រភេទ នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​នេះ​។

ប្រភព​ដដែល​បាន​បន្តថា រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ​ក្នុង​តំបន់​ច្រកទ្វារ ត្រូវ​បាន​ លោក រស់ សាត និង​បក្សពួក ធ្វើតាម​បញ្ជា​មេ​កើយ​របស់ខ្លួន​ ដោយ​រឹតបន្តឹង​អ្នក​រកស៊ី​ដឹកទំនិញ​តាម​ច្រកទ្វារ​ស្ទើរ​លៀន​អណ្ដាត ហើយ​យកលុយ​ទាំងនោះ​ទៅ​ចែកគ្នា​ចាយ​យ៉ាង​សប្បាយចិត្ត​។ គេ​បាន​ទម្លាយ​ទៀត​ថា ការដឹក​ទំនិញ​នៅ​ច្រកទ្វារព្រំដែន​ព្រែក​ចាក​ ទោះជា​ទំនិញ​គេចពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ក្តី ក៏​ត្រូវ​បាន​លោក រស់ សាត ឲ្យ​បង់លុយ​ទាំង​លើ​តុ ក្រោម​តុ​កាន់តែ​ច្រើនឡើងៗ ដោយ​សំអាងថា នេះ​ជា​គោលការណ៍​របស់​អង្គភាព​ក្នុងការ​ដំឡើង​ប្រាក់​ពន្ធ​ចំណូល​ជូន​រដ្ឋ​ឲ្យ​គ្រប់​ផែនការ​។​

មន្ត្រី​អត់​លិឍ​ខាងលើ​បាន​លួច​ទម្លាយ​ទៀតថា និយាយ​ទៅ គឺ​នៅក្នុង​អង្គភាព​គយ​ និង​រដ្ឋាករ​ព្រែក​ចាក​មាន​អំពើពុករលួយ​ជា​ខ្សែបណ្ដោយ ហើយ​មេ​គយ​ដែល​ទើបតែ​មក​គ្រប់គ្រង មិនបាន​កែប្រែ ​ឬ​លុបបំបាត់​នោះ​ទេ បែរជា​រួមគំនិត​គ្នា​ បន្ត​ចាត់តាំង​មន្ត្រី​ថ្នាក់ក្រោម​ចាស់ៗ​នោះ ឲ្យ​អនុវត្ត​បន្ត​ប្រមូល​លុយ​គ្មាន​វិក្កយបត្រ ពី​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​ដឹក​ឆ្លងកាត់​តំបន់​ច្រកទ្វារ​ព្រំដែន យ៉ាងហោចណាស់​ក៏មាន​ប្រមាណ​៤០​ភាគរយ ដែល​ត្រូវ​ចូល​ក្នុង​ហោប៉ៅ លោក យី ថុល និង​បក្សពួក​របស់ខ្លួន។​

យ៉ាងណាមិញ ​ករណី​ទំនិញ​សំខាន់ៗ​មួយចំនួនធំ ត្រូវ​បាន​ លោក យី ថុល និង​បក្សពួក បង្វែរ​មក​បង់​ពន្ធ​ត្រឹមតែ​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ដោយ​ការ​បង់ពន្ធ​រាល់​មុខទំនិញ​ផ្សេងៗ​ គឺ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​តែ​បបូរមាត់​របស់​លោក​ប្រធាន​ស្នាក់ការ​ថ្មី និង​បក្សពួក ដើម្បី​យក​ថវិកា​ទាំងនោះ​ដាក់​ក្នុង​ហោប៉ៅ ដែល​ទង្វើ​ទាំងនេះ​បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ប្រាក់ចំណូល​រាប់សិប​លាន​ដុល្លារ ក្នុង​មួយ​ខែៗ​។​

ប្រភព​គួរ​ជឿជាក់​ដដែល​បាន​ខ្សឹប​ទៀត​ថា ស្ថាប័ន​គយ និង​រដ្ឋាករ​ព្រែក​ចាក ដែលមាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត បន្ទាប់ពី​បាន​ផ្លាស់ប្ដូរ​ប្រធាន​ស្នា​ក់ការ​ថ្មី គឺ​លោក យី ថុល ដែល​ពីមុន​គ្រប់គ្រង​នៅ​ច្រក លេខ​៤០០ ក្នុង​ខេត្តបាត់ដំបង ដោយពេល​នេះ​មក​គ្រប់គ្រង​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ជំនួស លោក យ៉ែម សេង មិនទាន់បាន​១​ខែ​ស្រួល​ផង ស្រាប់តែ​បែកធ្លាយ​ពី​ភាពមិនប្រក្រតី និង​រឿងអាស្រូវ​ដ៏​ពេញបន្ទុក​បែបនេះ​ទៅហើយ ចុះ​ទម្រាំ​គ្រប់គ្រង​រាប់​ឆ្នាំ​នោះ ក្លាយជា​បែបណា​ទៅ​?​។ ​បើ​គេ​មិន​ច្រឡំ​ទេ ប្រហែលជា​មេ​គយ​ថ្មី យី ថុល ខំ​ប្រមូល​លុយ​ ដើម្បី​ស្រង់​ដើម​ទេ​ដឹង​.? ទើប​ប្រឹងប្រែង​ដំឡើង​ពន្ធ​តាមតែ​អំពើ​ចិត្ត​បែបនេះ​។​

ជុំវិញ​រឿងអាស្រូវ​ដូចខាងលើ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៩​នេះ កម្ពុ​ជាថ្មី មិន​អាច​សុំ​ការ​ពន្យល់​ពី​ លោក យី ថុល ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ព្រែក​ចាក​បានទេ ដោយសារ​លេខ​ទូរស័ព្ទ​របស់​លោក​ប្រធាន​ស្ថិត​ក្នុង​តំបន់​ក្រៅ​សេវា​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu