ភ្នំពេញ ៖ ដំណឹង នៃការទទួលមរណភាពរបស់តារាសិល្បៈជើងចាស់ អ្នកគ្រូ គង់ ណារី កាលពីថ្មីៗកន្លងមកនោះ បានធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានពិសេសអ្នកសិល្បៈគ្រប់រូបមានការតក់ស្លុតក្នុងចិត្តខ្លាំង។ មិនតែប៉ុណ្ណោះ ក៏បានធ្វើឲ្យទស្សនិកជនបង្ហាញពីអារម្មណ៍សោកសៅដោយភាពសោកស្តាយ និងក្រៀមក្រំបំផុតនូវការបាត់បង់អ្នកសិល្បៈជើងចាស់រូបនេះ។
ជាការកត់សម្គាល់ភ្លាមៗ នៃការទទួលបានដំណឹងដ៏ក្រៀមក្រំនេះដែរ គឺមានសិល្បករ-សិល្បការិនី និងសិស្សរបស់អ្នកគ្រូជាច្រើន បានបង្ហាញអារម្មណ៍ក្ដុកក្ដួលនៅលើបណ្ដាញសង្គមហ្វេសប៊ុកគ្រប់ៗគ្នា ដោយហេតុថា ការបាត់បង់អ្នកគ្រូ គង់ ណារី គឺស្មើនឹងការបាត់បង់បុគ្គលក៏មានតម្លៃម្នាក់ សម្រាប់បណ្ដុះបណ្ដាលសិល្បករជំនាន់ក្រោយ។
សាស្ត្រាចារ្យ គង់ ណារី ដែលជាគ្រូបង្ហាត់ចម្រៀងដ៏ល្បីមួយរូបនាទសវត្សរ៍៨០ គឺបានទទួលមរណភាពនាវេលា ម៉ោង១និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅមន្ទីរពេទ្យ ព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។ សពរបស់អ្នកគ្រូ គង់ ណារី ត្រូវបានបូជាតាមប្រពៃណីនាយប់ថ្ងៃទី២៣មករាកន្លងមក។ ប៉ុន្តែរឿងដ៏គួរឲ្យសោកស្តាយ និងមិននឹកស្មានដល់នោះ គឺក្នុងពិធីបុណ្យនិងថ្ងៃបូជាសព បែរជាពុំសូវមានវត្តមានអ្នកសិល្បៈ និងកូនសិស្សដែលអ្នកគ្រូធ្លាប់បង្ហាត់បង្រៀនចូលរួមច្រើននោះឡើយ។
ដោយសារបែបនេះហើយ បានធ្វើឲ្យប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់បង្ហាញពីអារម្មណ៍ខកចិត្តខ្លាំងបំផុតលើករណីដែលសិល្បករ-សិល្បការិនីជំនាន់ក្រោយ រួមទាំងកូនសិស្សរបស់អ្នកគ្រូ គង់ ណារី ដែលមិនសូវមានឆន្ទៈក្នុងការចូលរួមសម្តែងការដឹងគុណ ឬរំលែកទុក្ខដ៏ក្រៀមក្រំ នៃការបាត់បង់អ្នកសិល្បៈជើងចាស់មានសមត្ថភាពរូបនេះ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនបែបនេះថា ឱជីវិតសាស្ត្រាចារ្យសិល្បៈខ្ញុំអើយ លាហើយ វីរៈសិល្បៈដ៏សំខាន់សម្រាប់បណ្ដុះបណ្ដាលសិល្បៈខ្មែរអើយ អ្នកគ្រូលារហូតហើយ លាគ្មានថ្ងៃត្រឡប់វិញឡើយ តើមានអ្នកសិល្បៈប៉ុន្មាននាក់ ដែលនៅស្គាល់ និងដឹងគុណអ្នកគ្រូ?។ តើមានអ្នកណាខ្លះដែលឲ្យតម្លៃ នៃជីវិតសិល្បៈរបស់អ្នកគ្រូ? ខ្ញុំមិនមែនជាកូនសិស្សរបស់អ្នកគ្រូទេតែខ្ញុំគោរពអ្នកគ្រូណាស់។
ដោយឡែក តារាចម្រៀង និងជាអតីតប្រធានសមាគមសិល្បករខ្មែរ២អាណត្តិ លោក សុះ ម៉ាច ក៏បានបង្ហាញពីអារម្មណ៍សោកសៅ និងក្រៀមក្រំបំផុតនៅពេលដែលទទួលបានដំណឹង នៃការស្លាប់របស់អ្នកគ្រូ គង់ ណារី។ មិនតែប៉ុណ្ណោះ លោកបានចាត់ទុកថាមរណភាពរបស់ អ្នកគ្រូ គង់ ណារី គឺជាការបាត់បង់នូវមរតកធនធានសិល្បៈដ៏ធំធេងម្នាក់លើផ្នែកវិស័យសិល្បៈបច្ចុប្បន្ន៕
Source: Kampuchea Thmey Daily
0 Comments