កណ្ដាល ៖ សន្និបាតបូកសរុបការងារលទ្ធផលរបស់មន្ទីរ អបរំ យុវជន និងកីឡា បានបិទនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅសាលាគរុកោសល្យខេត្តកណ្តាល ស្ថិតក្រោមអធិបតេយ្យភាពលោក គឹម រិទ្ធី អភិបាលរងខេត្តកណ្តាលរង និងលោកគ្រូអ្នកគ្រូជាច្រើនទៀត។
ថ្លែងនៅក្នុងឱកាសបិទសន្និបាតបូកសរុបការងារលទ្ធផលរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ចេង សំអុល ប្រធានមន្ទីរបានមានប្រសាសន៍ថា មកទល់ពេលនេះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នឹងបញ្ចប់ការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំខេត្ត ឆ្នាំ២០១៥-២០១៧ ហើយកំពុងអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៨-២០២១ និងបានកំណត់យកអាទិភាពចំនួន០៧ សម្រាប់អនុវត្តបន្តនៅឆ្នាំសិក្សាខាងមុខ ៖ ទី១-បន្តអនុវត្តយុទ្ធសាស្ត្រគន្លឹះទាំង០៤។ ទី២-ជំរុញគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឲ្យយកចិត្តទុកដាក់ដល់ការសិក្សា និងសហការជាមួយ លោកគ្រូអ្នកគ្រូ លើលទ្ធផល នៃការសិក្សារបស់សិស្ស។ ទី៣-បន្តពង្រឹងការរៀន និងបង្រៀនឲ្យបានពេញម៉ោង គ្រប់ម៉ោងប្រកបដោយវិជ្ជាជីវៈ និងតាមដានការសិក្សាដល់ផ្ទះសិស្ស។ ទី៤-ប្រឡងប្រណាំងគោលការណ៍សាលារៀនស្អាត (ពណ៌បៃតង ការរៀបចំទុកដាក់ កង់ ម៉ូតូ អាហារដ្ឋាន និងសាលារៀនមួយមានឡដុតសំរាមមួយ)។ ទី៥-ជំរុញការអនុវត្តអនុក្រឹត្យលេខ៥៦ អនក្រ.ប.ក ស្តីពី «ការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីរាជការជាប់កិច្ចសន្យា»។ ទី៦-ពង្រឹងការអនុវត្តអនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។ ទី៧-ជំរុញការចុះពិនិត្យតាមដាន ការអនុវត្តការងារនៅតាមសាលារៀនជាប្រចាំ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានលើកឡើងថា ទិសដៅដែលត្រូវបន្តអនុវត្តក្នុងគោលដៅបង្កើតសមត្ថភាពប្រកួតប្រជែងរបស់ប្រជាជនកម្ពុជាក្នុងការចាប់យកកាលានុវត្តភាពថ្មីៗ ខណៈដែលកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការសមាហរណកម្មទាំងក្នុងកម្រិតតំបន់ និងពិភពលោក។
ក្នុងនោះ រាជរដ្ឋាភិបាល បាននិងបន្ត គិតគូរវិភាជថវិកាបន្ថែមប្រចាំឆ្នាំក្នុងវិស័យអប់រំ ការផ្តល់អាទិភាពជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀនជាអាទិភាពចម្បងដើម្បីបំពេញបន្ថែមដល់ការងារពង្រាយគ្រូ និងជំនួសគ្រូដែលចូលនិវត្តន៍ គាំទ្រការធ្វើវិក្រិតការគ្រូបង្រៀន ការកែលំអកម្មវិធីសិក្សា គាំទ្រការងារអធិការកិច្ច ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងគុណភាពសិក្សា និងគុណភាពប្រឡង។
ទន្ទឹមនេះ រាជរដ្ឋាភិបាល បាននិងបន្ត គិតគូរអំពីការដំឡើងបៀវត្សរ៍ជូនដល់គ្រូបង្រៀន និងបុគ្គលិកសិក្សា ជំរុញការកៀរគរធនធានមកពីគ្រប់មជ្ឈដ្ឋាន និងកៀរគរវិស័យឯកជន ដើម្បីវិនិយោគក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ ធានាស្ថិរភាព ទីផ្សារការងារ លើកកម្ពស់ផលិតភាពជីវភាពរស់នៅរបស់ប្រជាជន។
ជាមួយនេះ យើងក៏ត្រូវយកចិត្តទុកដាក់គាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាឧស្សាហកម្ម ការបំពាក់ជំនាញស្តេម (STEM) (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ចាប់ពីកម្រិតបឋមសិក្សា ព្រមទាំងគាំទ្រការផ្តល់អាហារូបករណ៍ និងបង្កលក្ខណៈងាយស្រួលដល់ យុវជនឆ្នើមៗឲ្យទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈតាមគ្រប់រូបភាពទាំងរដ្ឋ និងឯកជន។ ជាងនេះទៅទៀត យើងត្រូវបន្តការយកចិត្តទុកដាក់លើការពង្រីក សាលារៀនជំនាន់ថ្មីនៅគ្រប់កម្រិត និងសាងសង់អគារសិក្សាថ្មី ព្រមទាំងជួសជុលអគារសិក្សាទ្រុឌទ្រោម សាងសង់បន្ទប់ពិសោធន៍ វិទ្យាសាស្ត្រ បណ្ណាល័យ និងបន្ទប់កុំព្យូទ័រជាដើម។
លោកអភិបាលរងខេត្តមានប្រសាសន៍បន្តទៀតថា ព្រមជាមួយគ្នានេះ ក្នុងស្មារតីលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំឲ្យឈានទៅសម្រេចបានតាមគោលដៅអភិវឌ្ឍវិស័យអប់រំ យើងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗ ដូចខាងក្រោម ៖
ទី១-បន្តអនុវត្តការងារ អប់រំ ឲ្យសកម្មធានាប្រសិទ្ធភាព និងគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
ក្នុងនោះ ទន្ទឹមនឹងការអភិវឌ្ឍកម្មវិធីសិក្សា យើងត្រូវខិតខំកសាងបរិស្ថានសាលារៀនស្អាត ផ្គត់ផ្គង់ទឹកស្អាតរៀបចំបង្គន់អនាម័យសមរម្យ សួនធម្មជាតិ ក្នុងសាលារៀនសក្ដិសមជាទីកន្លែងអប់រំបណ្ដុះគំនិតឲ្យស្អាតស្អំ គ្មានការញាំញីទាំងផ្លូវចិត្ត និងផ្លូវកាយជាដើម។ ទី២-អនុវត្តឲ្យមានភាពរស់រវើកធានាភាពសក្ដិសិទ្ធិ នៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។ ក្នុងនោះ ត្រូវបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទាន សម្រាប់គ្រឹះស្ថានសិក្សា ការងារផែនការស្ថិតអប់រំ ការពង្រាយគ្រូបង្រៀនឲ្យបានដល់មូលដ្ឋាន បន្តអភិវឌ្ឍសមត្ថភាពរបស់នាយកសាលា និងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល និងគ្រឹះស្ថានសិក្សាពិសេស ពង្រឹងការងារធិការកិច្ច និងយន្តការពិនិត្យកែលំអជាប្រចាំ។ ទី៣-អនុវត្តអោយសកម្មលើការងារកាយឫទ្ធិ និងយុវជន ដោយត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជនឲ្យមានស្មារតីទទួលខុសត្រូវ ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គមបំផុសឲ្យសកម្មនូវកម្មវិធី “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” និងកម្មវិធីយុវជនស្ម័គ្រចិត្ត ចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍នានា បន្តពង្រឹងជំនាញបច្ចេកទេស និងជំនាញទន់សម្រាប់យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំ នៃកោសិកាសង្គម។ ទី៤-អនុវត្តសកម្មភាពលើការងារកីឡា ដោយត្រូវអភិវឌ្ឍន៍សមាគមកីឡាមហាជន និងក្រុមកីឡាសិស្សនិស្សិត ពង្រឹងពង្រីកសកម្មភាពអប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សា បង្កើតការយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារកីឡាគ្រប់ប្រភេទ ដើម្បីឈានឆ្ពោះទៅទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៣ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទី៥-បង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ ដោយត្រូវរៀបចំសកម្មភាពឲ្យឆ្លើយតបទៅនឹងអាទិភាព នៃការអភិវឌ្ឍជាតិផ្សារភ្ជាប់ការអប់រំទៅនឹងវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរបស់មនុស្ស ផ្សារភ្ជាប់នឹងការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្ត្រី ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងគ្របប្រភេទក្នុងសង្គម៕
Source: Kampuchea Thmey Daily
0 Comments