Ad Code

កងទ័ព​ត្រៀម​រួចហើយ ដើម្បី​អនុវត្ត​ដីកា​របស់​តុលាការ ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី



ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​អះអាង​ថា កងយោធពល​ខេមរភូមិន្ទ បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ដើម្បី​អនុវត្ត​ដីកា​របស់​តុលាការ ក្នុង​ការ​ចាត់វិធានការ​ចំពោះ​ជន ដែល​តុលាការ​តាម​ចាប់ខ្លួន និង​បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទាំងអស់​កុំ​ជឿ​តាម​ការ​អំពាវនាវ​របស់​ទណ្ឌិត សម រង្ស៊ី កងទ័ព​បាន​ចាត់​ទុក​សកម្មភាព​ទាំងឡាយណា ដែល​គាំទ្រ​ការ​អំពាវនាវ​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី គឺជា​អំពើ​ខុសច្បាប់​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បញ្ជាក់​បែបនេះ នៅលើ​សេចក្តី​ប្រកាស​របស់​ខ្លួន ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ និង​បន្ទាប់ពី​ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​បរទេស បាន​ធ្វើ​សេចក្តី​អំពាវនាវ​មួយ ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ កុំ​ឲ្យ​ស្តាប់​បញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី ដោយ​សំអាង​ថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​ជន​ផ្តាច់​ការ ដោយសារ​តែ​បាន​បាន​ណែនាំ​កងកម្លាំងប្រដាប់អាវុធ ឲ្យ​ចាប់ខ្លួន​លោក នៅពេល​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ លើក​ឡើង​ថា “​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រកាស​ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត ចំពោះ​ការ​អំពាវនាវ​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ឲ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​”​។ តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ “​កងយោធពល​ខេមរភូមិន្ទ​គោរព និង​អនុវត្ត​ម៉ឺងម៉ាត់​ដាច់ខាត​នូវ​បទបញ្ជា និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ដើម្បី​វាយ​កម្ទេច​ជន​ក្បត់ជាតិ ដែល​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌ បំភ្លេច​បំផ្លាញ​សុខសន្តិភាព​របស់​ប្រជាជន​”​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បញ្ជាក់​ទៀត​ថា “​កងយោធពល​ខេមរភូមិន្ទ ត្រៀមខ្លួន​ជាស្រេច​ហើយ ដើម្បី​អនុវត្ត​ដូច​ដីកា​របស់​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចាត់​វិធានការ​ចំពោះ​ជន ដែល​តុលាការ​តាម​ចាប់ខ្លួន​”​។ ជាមួយគ្នា​នោះ បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទាំងអស់​កុំ​ជឿ​តាម​ការ​អំពាវនាវ​រប​ស់​ទណ្ឌិត សម រង្ស៊ី ពីព្រោះ​កងទ័ព​បាន​ចាត់ទុកថា រាល់​សកម្មភាព​ទាំងឡាយ​ណា ដែល​គាំទ្រ​ទៅនឹង​ការ​អំពាវនាវ​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី គឺជា​អំពើ​ខុសច្បាប់ ហើយ​កងទ័ព​ទាំងអស់​ប្តេជ្ញា​ចិត្ត​បង្ក្រាប​ដាច់ខាត ដើម្បី​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​។



សូម​បញ្ជាក់​ថា ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​បរទេស​នោះ កាលពី​ថ្ងៃទី​២៥ ខែមករា បានធ្វើ​សេចក្តី​អំពាវនាវ​មួយ​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ កុំ​ឲ្យ​ស្តាប់​បញ្ជា​សម្តេច​នាយក​រដ្ឋមន្ត្រី ដោយ​សំអាង​ថា សម្តេច​តេ​ជោ​ជា​ជន​ផ្តាច់​ការ ហ៊ុន សែន ជា​ជន​ផ្តាច់​ការ ដោយសារ​តែ​បាន​បាន​ណែនាំ​កងកម្លាំងប្រដាប់អាវុធ ឲ្យ​ចាប់ខ្លួន​លោក នៅពេល​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ​។

មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​ការបង្កើត​ទីបញ្ជាការដ្ឋាន​កងទ័ពជើងគោក កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បាន​បញ្ជា​ទៅកាន់​កង​ប្រដាប់​អាវុធ​ឲ្យ​កម្ចាត់​ជាបន្ទាន់​នូវ​រាល់​ទង្វើ​ណា ដែល​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ឬក៏​ដណ្តើម​អំណាច​ក្រៅ​ប្រព័ន្ធ​ច្បាប់ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។ សម្តេច​លើក​ឡើង​ថា អ្វី​ដែល​កើតឡើង​បន្ទាន់ ផ្ទុយ​នឹង​ច្បាប់ ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​មាន​គោលដៅ​បំផ្លាញ​រដ្ឋ និង​ប្រជាជន មិន​ស្របតាម​រដ្ឋធម្មនុញ្ញ បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវធ្វើ​សកម្មភាព​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ទៀត​ថា សូម្បីតែ​ប្រទេស​បារាំង​បច្ចុប្បន្ន​ក៏​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដើម្បី​ទប់ស្កាត់​នូវ​ចលនា​អាវកាក់​ពណ៌​លឿង ហើយ​អនុញ្ញាត​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​បង្ក្រាប​រាល់​គ្រប់​សកម្មភាព​ទាំងអស់ ដូច្នេះ​ហេតុអ្វី​បាន​បារាំង​អាចធ្វើ​បាន តែ​កម្ពុជា​មិនអាច​ធ្វើបាន​ទៅវិញ​។ កម្ពុជា​គ្រាន់តែ​យក​កងកម្លាំងប្រដាប់អាវុធ​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​ប៉ុណ្ណោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu