Ad Code

មេបញ្ជាការ​កងពលតូច​លេខ​៧០​ថា សម រង្ស៊ី ជា​ពូជ​ក្បត់ជាតិ បំផ្លាញ​ជាតិ គ្មាន​នរណា​ស្តាប់​តាម​ការ​អំពាវនាវ​បែប​ឆ្កួត​លីលា​នោះ​ទេ



ភ្នំពេញ​ ៖ ក្រោយពី​មានការ​ប្រកាស ក៏ដូចជា​ការ​អំពាវនាវ​របស់​ទណ្ឌិត សម រ​ង្ស៉ី ឲ្យ​កងកម្លាំងប្រដាប់អាវុធ កុំ​ស្តាប់​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះ បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​មេបញ្ជាការ និង​នាយទាហាន​ទាំងអស់ នៅក្នុង​កងពល​តូច​លេ​ខ​៧០ និង​បាន​អះអាង​ថា កងទ័ព​ស្ម័គ្រស្មោះ​ចំពោះ​រាជរដ្ឋាភិបាល​ជានិច្ច និង​ស្តាប់​រាល់​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជានិច្ច ដូច្នេះ​ពូជ​ក្បត់ជាតិ បំផ្លាញ​ជាតិ ដូច​លោក សម រង្ស៊ី ជា​គ្មាន​នរណា​ស្តាប់​តាម​ការ​អំពាវនាវ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​រង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​៧០ ទៅកាន់​អ្នកសារព័ត៌មាន ហើយ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​កងពល នា​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩​។

ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​បរទេស​នោះ កាលពី​ថ្ងៃទី​២៥ ខែមករា បាន​ធ្វើ​សេចក្តី​អំពាវនាវ​មួយ​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ កុំ​ឲ្យ​ស្តាប់​បញ្ជា​សម្តេច​នាយក​រដ្ឋមន្ត្រី ដោយ​សំអាង​ថា សម្តេច​តេ​ជោ​ជា​ជន​ផ្តាច់​ការ ហ៊ុន សែន ជា​ជន​ផ្តាច់​ការ ដោយសារ​តែ​បាន​បាន​ណែនាំ​កងកម្លាំងប្រដាប់អាវុធ ឲ្យ​ចាប់ខ្លួន​លោក នៅពេល​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ​។

ទាក់ទង​ការអំពាវនាវ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​លើក​ឡើង​ថា កងទ័ព​ស្មោះត្រង់​ជានិច្ច​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការការពារ​សុខសន្តិភាព ការពារ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​។ ជាពិសេស​កងទ័ព​តែងតែ​ស្តាប់​នូវ​បទបញ្ជា​របស់​អគ្គ​មេបញ្ជាការ​កំពូល​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​អនុវត្តន៍​ច្បាប់ និង​ចាត់វិធានការ​ចំពោះ​ក្រុម​ជន​ទណ្ឌិត ដែល​មាន​មហិច្ឆតា​ប៉ុនប៉ង​បំផ្លាញ​នូវ​សុខសន្តិភាព ស្ថេរភាព និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​។ លោក​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់​ថា “​ពួក​យើង​ជា​កងទ័ព​កងពលតូច​លេខ​៧០ សូម​ប្រាប់​ទៅ​ទណ្ឌិត​រត់ចោល​ច្បាប់ និង​បក្ខពួក​ថា កងទ័ព​ស្តាប់ និង​គោរព​ជានិច្ច​នូវ​បទបញ្ជា របស់​សម្តេច​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ដែល​ជា​មេបញ្ជាការ​កំពូល​របស់​កងទ័ព។

ពួក​យើង​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​អនុវត្តន៍​ច្បាប់ អនុវត្តន៍​តាម​ដីកា​របស់​តុលាការ ចំពោះ​ជន​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​បំផ្លាញ​សុខសន្តិភាព និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ដូចជា​ទណ្ឌិត សម រ​ង្ស៉ី នេះ​។ សូម​លោក​ឯង​កុំ​ប្រឹងប្រែង​ញុះញង់​កងទ័ព គ្មាន​កងទ័ព​ណា​គេ​ស្តាប់​លោក​ឯង​ជា​ជន​កំសាក​ក្បត់ជាតិ​នោះ​ឡើយ​។ កងទ័ព​គេ​ដឹង​ច្បាស់​ថា លោក​ឯង​ជា​ពូជ​ក្បត់ជាតិ បំផ្លាញ​ជាតិ​គ្មាន​នរណា​ទៅ​ស្តាប់​តាម​ការ​អំពាវនាវ​ឆ្កួត​លេលា​របស់​លោក​ឯង​នោះ​ទេ​។ ពួក​យើង​ខ្ញុំ​ជា​កងទ័ព​នៅ​កងពលតូច​អន្តរាគមន៍​លេខ​១ សូម​អញ្ជើញ​ទណ្ឌិត សម រ​ង្ស៉ី ចូល​ស្រុក​កុំ​បានតែ​ស្រែក​។ សូម​អញ្ជើញ​ចូល​មក​ចុះ​ពួក​យើង​ខ្ញុំ​ជា​កងទ័ព​រង់ចាំ​លោក​ត្រឡប់មកវិញ​គ្រប់ពេល រង់ចាំ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​រូបលោក​”​។

ឆ្លើយតប​សេចក្តី​អំពាវនាវ​របស់​ទណ្ឌិត សម រ​ង្ស៉ី ដែល​កុំ​ឲ្យ​កងទ័ព​ចាត់ការ​ចំពោះ​ប្រជាពលរដ្ឋ ដែល​នឹង​ទៅ​ទទួល​រូបលោក នៅពេល​ត្រឡប់​ចូល​ស្រុក​នោះ លោក ម៉ៅ សុផាន់ បាន​អះអាងថា ដូចដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ហើយ គឺ​ឲ្យ​កងទ័ព​គោរព​ស្រឡាញ់ និង​ជួយ​រាល់​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ព្រោះ​កង​ទ័ព​កើត​ចេញពី​ប្រជាជន​។ ដូច្នេះ​គ្មាន​ហេតុផល​ណាមួយ​ឲ្យ​កងទ័ព​ទៅ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូតត្រង់​នោះ​ឡើយ គឺ​មានតែ​ការពារ​ប្រជាពលរដ្ឋ ប៉ុន្តែ​សម្រាប់​ជន​សមគំនិត និង​ចូលរួម​ក្នុង​ចលនា​បដិវត្តន៍​តាម​ការ​អំពាវនាវ​របស់​មេ​បដិវត្តន៍​ដូចជា​ទណ្ឌិត សម រ​ង្ស៉ី គឺ​មិនអាច​លើកលែង​នោះ​ឡើយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu