ក្រុមអ្នកជួយសង្គ្រោះ បានធ្វើការពេញមួយយប់ឆ្លងចូលដល់ថ្ងៃសៅរ៍ដើម្បីកំណត់ទីតាំងនៃមនុស្សប្រហែល១៥០នាក់ដែលកំពុងបាត់ខ្លួន បន្ទាប់ពីការបាក់ទំនប់នៅអណ្តូងរ៉ែមួយនៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល ប៉ុន្តែអភិបាលរដ្ឋបាននិយាយថា មានសង្ឃឹមតិចណាស់ ដែលពួកគេអាចត្រូវបានរកឃើញនៅរស់។
សាកសពចំនួនប្រាំពីរនាក់ត្រូវបានគេរកឃើញកាលពីថ្ងៃសុក្របន្ទាប់ពីគ្រោះមហន្តរាយនេះដែលភក់យ៉ាងក្រាស់បានធ្លាយតាមទំនប់ដែលគេមិនប្រើប្រាស់នៅអណ្តូងរ៉ែដែកជិតទីក្រុង Belo Horizonte ក្នុងរដ្ឋ Minas Gerias។
អណ្តូងរ៉ែនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Vale ដែលជាក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់ប្រទេសប្រេស៊ីលដែលជាប់ពាក់ព័ន្ធនឹងការបាក់អណ្តូងរ៉ែកាលពីឆ្នាំ២០១៥នៅក្នុងរដ្ឋដូចគ្នានេះដោយបានសម្លាប់មនុស្សចំនួន១៩នាក់ហើយត្រូវបានគេចាត់ទុកថាជាគ្រោះមហន្តរាយបរិស្ថានដ៏អាក្រក់បំផុតរបស់ប្រទេសនេះ។
លោក Romeu Zema អភិបាលរដ្ឋ Minas Gerais បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ខណៈពេលដែលអ្វីៗទាំងអស់កំពុងត្រូវបានគេធ្វើដើម្បីរកអ្នករស់រានមានជីវិតនោះ ចាប់ពីពេលនេះទៅមានសង្ឃឹមតិចតួចណាស់ហើយវាទំនងជាយើងអាចរកឃើញតែសាកសពប៉ុណ្ណោះ។
រដ្ឋបាលតំបន់របស់គាត់បាននិយាយថា មនុស្សចំនួន៤២៧នាក់កំពុងធ្វើការនៅអណ្តូងរ៉ែ Vale ខណៈពេលដែលទំនប់នេះបាក់ហើយមនុស្ស២៧៩នាក់ត្រូវបានគេរកឃើញនៅរស់។ អ្នកផ្សេងទៀតត្រូវបានគេចុះបញ្ជីថាបាត់ខ្លួន។
លំហូរភក់ដ៏ធំសម្បើមពីការបាក់ទំនប់នេះបានប៉ះពាល់ដល់ទីប្រជុំជន Brumadinho នៅក្បែរនោះដែលមានប្រជាជនចំនួន៣៩,០០០នាក់ប៉ុន្តែមិនបានវាយប្រហារដោយផ្ទាល់ទេ។
ផ្ទុយទៅវិញ វាបានវាយប្រហារផ្លូវថ្នល់ ចម្ការបន្លែនិងដីស្រែចំការហើយបំបាក់ស្ពាននិងបំផ្លាញផ្ទះ។
រដ្ឋាភិបាលថ្មីរបស់ប្រទេសប្រេស៊ីលដែលដឹកនាំដោយលោកប្រធានាធិបតី Jair Bolsonaro បានប្រតិកម្មទៅនឹងគ្រាអាសន្នដ៏ធំជាលើកដំបូងចាប់តាំងពីចូលកាន់តំណែងនៅដើមខែនេះ។
លោក Bolsonaro និងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់គាត់បានជិះយន្តហោះលើតំបន់រងគ្រោះ។ រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់គាត់បានប្រញាប់ប្រញាល់ទៅតំបន់នោះកាលពីថ្ងៃសុក្រ៕ AFP
Source: Kampuchea Thmey Daily
0 Comments