ភ្នំពេញ ៖ សាស្ត្រាចារ្យ Dr Vara Prasad និងសហការីដែលអញ្ជើញមកពីសាកលវិទ្យាល័យ Kansas State University សហរដ្ឋអាមេរិក បានថ្លែង ជម្រាបរដ្ឋមន្ត្រី កសិកម្មថា គម្រោងរបស់សាកលវិទ្យាល័យគឺមានគោលបំណងផលិតស្បៀងឲ្យបានគ្រប់គ្រាន់ដើម្បីធានាសន្តិសុខស្បៀងដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ និង គម្រោងនេះបានជួយបណ្តុះបណ្តាលយុវជនជំនាន់ក្រោយដើម្បីបង្កើនសក្តានុពល និងសមត្ថភាព។
លោក សាស្ត្រាចារ្យ Dr Vara Prasad មានប្រសាសន៍បែបនេះធ្វើឡើង កាលពីរសៀលថ្ងៃទី២៤ មករា ឆ្នាំ២០១៩ ក្នុងជំនួបពិភាក្សាជាមួយក្រុមការងារ សាស្ត្រាចារ្យ Dr Vara Prasad និងសហការីដែលអញ្ជើញមកពីសាកលវិទ្យាល័យ Kansas State University សហរដ្ឋអាមេរិក។
ជំនួបពិភាក្សានេះ សាស្ត្រាចារ្យ Dr Vara Prasad មានគោលបំណងសំខាន់ទី១- រាយការណ៍ជូនលោក រដ្ឋមន្ត្រីជ្រាបពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងកម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ប្រពលវប្បកម្មនិរន្តរភាព (Sustainable Intensification Innovation Lab) នៃសាកលវិទ្យាល័យរដ្ឋកាន់សាស សហរដ្ឋអាមេរិក ដែលបាននឹងកំពុងសហការអនុវត្ត ដោយទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍសហរដ្ឋអាមេរិក USAID និងទី២- ស្នើសុំការគាំទ្រពីលោក រដ្ឋមន្ត្រី ដើម្បីបន្តផ្តល់ការគាំទ្រលើគម្រោងនានាដែលកំពុងអនុវត្តជាមួយ RUA។
លោក Dr Vara Prasad បានជម្រាបជូនលោក រដ្ឋមន្ត្រីថា គម្រោងរបស់សាកលវិទ្យាល័យគឺមានគោលបំណងផលិតស្បៀងឲ្យបានគ្រប់គ្រាន់ដើម្បីធានាសន្តិសុខស្បៀងដល់ប្រជាពលរដ្ឋនៅតាមជនបទ។ មួយវិញទៀត គម្រោងនេះបានជួយបណ្តុះបណ្តាលយុវជនជំនាន់ក្រោយដើម្បីបង្កើនសក្តានុពល និងសមត្ថភាពរបស់ពួកគេក្នុងការស្រាវជ្រាវ និងនវានុវត្តន៍នូវគំហើញថ្មីរួចធ្វើការផ្ទេរឲ្យទៅប្រជាកសិករ ឬអ្នកផលិតធ្វើយ៉ាងណាបង្កើនទិន្នផលកសិកម្ម ធានាគុណភាព និងសុវត្ថិភាព ហើយគម្រោងនេះពិតជាបានចូលរួមចំណែក និងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើន។
នាឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈអង្គការ USAID ដែលបានជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍនៅប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ហើយជាពិសេសបានជួយឧបត្ថម្ភដល់ RUA ក្នុងការអនុវត្តគម្រោងនានាទាក់ទងនឹងវិស័យកសិកម្ម ដែលបច្ចុប្បន្នគម្រោងទាំងនោះកំពុងមានវឌ្ឍនភាពគួរឲ្យចាប់អារម្មណ៍។ បច្ចុប្បន្នក្រសួងកំពុងជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន (សហគ្រាសខ្នាតតូច និងមធ្យម) ក្នុងការកែច្នៃកសិផលក្នុងគោលបំណងប្រើប្រាស់ឲ្យអស់លទ្ធភាពនូវវត្ថុធាតុដើមក្នុងស្រុក លើកកម្ពស់ផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក កាត់បន្ថយថ្លៃដើម និងកាត់បន្ថយការនាំចូល។ ឆ្លៀតក្នុងឱកាសនេះ លោក រដ្ឋមន្ត្រីបានស្នើសុំឲ្យសាកលវិទ្យាល័យពិនិត្យ ពិចារណាជួយធ្វើការបណ្តុះបណ្តាលដល់និស្សិតជំនាន់ក្រោយនូវបច្ចេបវិទ្យាទំនើបៗ ថ្មីៗចុងក្រោយ ដើម្បីបង្កើនសមត្ថភាពដល់ពួកគេចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង RUA ជាមួយសាកលវិទ្យាល័យរដ្ឋកាន់សាស សហរដ្ឋអាមេរិក បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ ដែលក្នុងនោះ RUA ទទួលបានទឹកប្រាក់សរុបប្រមាណជា ៤ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការងារស្រាវជ្រាវ ការកសាងសមត្ថភាពមន្ត្រី និងនិស្សិត ការលើកកំពស់គុណភាពសម្ភារនៅតាមមន្ទីរពិសោធន៍ និងការសកម្មភាពនៃការអនុវត្តគម្រោងផ្សេងៗទៀត៕
Source: Kampuchea Thmey Daily
0 Comments