ប្រធានាធិបតីឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃសុក្រថា លោកAbu Bakar Bashir ដែលជាបព្វជិតមូស្លីមរ៉ាឌីកាល់ និងជាមេខ្លោងនៃការបំផ្ទុះគ្រាប់បែកលើកោះបាលីឆ្នាំ២០០២ នឹងទទួលបានការដោះលែងពីពន្ធនាគារមុនពេលកំណត់លើមូលដ្ឋានមនុស្សធម៌។
លោក Bashir អាយុ៨១ឆ្នាំដែលត្រូវបានគេចាត់ទុកថាជាមេដឹកនាំសាសនានៃក្រុមឥស្លាមនិយម Jemaah Islamiah (JI) គឺត្រូវបានកាត់ទោសនៅក្នុងឆ្នាំ២០១០ក្រោមច្បាប់ប្រឆាំងភេរវកម្មដោយសារមានទំនាក់ទំនងទៅនឹងជំរំហ្វឹកហាត់សកម្មប្រយុទ្ធនៅក្នុងខេត្ត Aceh ហើយត្រូវជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។
លោកប្រធានាធិបតី Joko Widodo ដែលកំពុងស្វែងរកការជាប់ឆ្នោតជាថ្មីនៅខែមេសាខាងមុខនេះគឺត្រូវបានរិះគន់ដោយគណបក្សប្រឆាំងដែលបានចោទសួរអំពីអត្តសញ្ញាណឥស្លាមរបស់គាត់ហើយបានចោទប្រកាន់គាត់ពីការគាំទ្រ “អំពើឧក្រិដ្ឋកម្ម” របស់បព្វជិត។
ទោះបីជាយ៉ាងណាក៏ដោយ លោក Widodo បានប្រាប់អ្នកយកព័ត៌មានថា “មូលហេតុទី១គឺបញ្ហាមនុស្សធម៌។ គាត់ជាមនុស្សចាស់ហើយសុខភាពរបស់គាត់ក៏ជាការពិចារណាផងដែរ”។
លោក Widodo ក៏បានលើកឡើងពីបញ្ហាសន្តិសុខផងដែរប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេ។
ទីប្រឹក្សាផ្នែកច្បាប់នៅក្រុមយុទ្ធនាការរបស់លោក Widodo គឺលោក Yusril Mahendra បាននិយាយថា លោកបានបញ្ចុះបញ្ចូលលោកប្រធានាធិបតីចំពោះការដោះលែងលោក Bashir ។
លោក Mahendra ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីដែលបាននិយាយថា “នេះបានបង្ហាញដល់សាធារណជនថា វាជាការមិនត្រឹមត្រូវទេដែលលោក Widodo ធ្វើទុក្ខបុកម្នេញឬក៏ដាក់ទោសបព្វជិត”។
គួរបញ្ជាក់ថា មនុស្សមួយចំនួនក្នុងចំណោមអ្នកស្លាប់ជាង២០០នាក់ក្នុងការបំផ្ទុះគ្រាប់បែកនៅក្លឹបរាត្រីកោះបាលីកាលពីឆ្នាំ២០០២គឺជាជនជាតិអូស្ត្រាលីហើយរដ្ឋាភិបាលក្រុងអង់ការ៉ាធ្លាប់បានជំរុញឲ្យប្រឆាំងនឹងការអត់ឱនចំពោះលោក Bashir៕ REUTERS
Source: Kampuchea Thmey Daily
0 Comments