Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៨ ​បាន​ថយ​ចុះ​៧​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧



ភ្នំពេញ ​៖ ​កាលពី​ថ្ងៃ​សុក្រ ១៣​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយមាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​មន្ត្រីរាជការ នៃ​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ផង​ដែរ​។​

យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨ កន្លងទៅនេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ប្រមាណ​៧​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ក្នុងនោះ​ចំនួន អ្នកស្លាប់​បាន​ថយចុះ​១​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ចំណែកឯ​ចំនួន​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​១៤​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។

ថ្លែង​ក្នុង​របាយការណ៍​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ខិតខំ​ប្រឹងប្រែង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​ស្លាប់ របួស និង​ការបាត់បង់​ទ្រព្យ​សម្បត្តិ តាមរយៈ​ការតាក់តែង លិខិតបទដ្ឋាន​គតិយុត្តិ ការ​ជួសជុល​ថែទាំ​ផ្លូវ បំពាក់​ស្លាកសញ្ញា ភ្លើង​សញ្ញា ចែក​មួកសុវត្ថិភាព និង​រឹតបន្តឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ការកែច្នៃ​យាន​យន្ត​ខុស​លក្ខណៈ​បច្ចេកទេស​។​

លោក​ទេសរដ្ឋមន្ត្រី​ ក៏បាន​គូសបញ្ជាក់​ផងដែរ ​អំពី​អត្ថប្រយោជន៍ នៃ​ការ​ដាក់​ឲ្យ​​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ដោយ​សារ​ជង្ហុក សំបុក​មាន់ និង​ផ្លូវ​ខូច ព្រមទាំង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​លើ​ប្រព័ន្ធ​បណ្ដាញ​ផ្លូវ​ប្រកបដោយ សុវត្ថិភាព​។

កម្មវិធី​នេះ​ អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​អំពី​ផ្លូវ​ខូច និង​ផ្លូវ​ជង្ហុក​សំបុកមាន់​ទៅកាន់​ក្រុម ការងារ​មាន​សមត្ថកិច្ច​ដើម្បី​ចុះមក​ជួសជុល​បាន​ទាន់ពេលវេលា​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ជម្រាបជូន​អង្គពិធី​អំពី​ទិសដៅ​បន្ត​របស់​ក្រសួង សាធារណ​ការ និង​ដឹកជញ្ជូន ទាក់ទង​នឹង​ការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ការរៀបចំ​បទដ្ឋាន​គតិយុត្តិ​បន្ថែមទៀត ការបន្ត​យុទ្ធនា​ការចែក​មួកសុវត្ថិភាព ការបំពាក់​ស្លាកសញ្ញា ការ​បិទ​ចំណាំ​ផ្លាត ការ​បង្កើត​យន្តការ​ទប់ស្កាត់​ការដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ការ​ជួសជុល​ និង​ថែទាំ​ផ្លូវ សកម្មភាព​ និង​យុទ្ធនាការ​ផ្សេងៗ​ទៀត ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ទសវត្សរ៍​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​អត្រា​ នៃ​ការ​រង​របួស​ធ្ងន់ធ្ងរ​ឲ្យ​បាន​៥០​ភាគរយ នៅ​ត្រឹម​ឆ្នាំ​២០២០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu