ភ្នំពេញ ៖ លោករដ្ឋមន្ត្រី វេង សាខុន និងលោកបណ្ឌិត Matthew Morell អគ្គនាយកវិទ្យាស្ថាន IRRI បានអញ្ជើញចូលជាអធិបតីក្នុងពិធីចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិ ស្តីពីពូជដំណាំរបស់កម្ពុជា។
ក្រសួង បានឲ្យដឹងថា បន្ទាប់ពីកិច្ចពិភាក្សារវាងភាគីទាំងពីរ ត្រូវបានបញ្ចប់ លោករដ្ឋមន្ត្រី វេង សាខុន និងលោកបណ្ឌិត Matthew Morell អគ្គនាយកវិទ្យាស្ថាន IRRI ភាគី ទាំងពីរបាន ចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិស្ដីពីពូជដំណាំរបស់កម្ពុជា។
ក្នុងពិធីដ៏មានសារៈសំខាន់នារសៀលនេះ លោករដ្ឋមន្ត្រីបានឡើងថ្លែងសុន្ទរកថា ដោយលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវិទ្យាស្ថានដែលបានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចងក្រងយុទ្ធសាស្ត្រដ៏សំខាន់នេះឡើងសម្រាប់អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដើម្បីលើកកម្ពស់ផលិតកម្មពូជដំណាំថ្មីៗដែលមានទិន្នផលខ្ពស់ ធន់នឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវចិត្តនិងតម្រូវការទៅផ្សារ ប្រព័ន្ធចែកចាយនិងទីផ្សារពូជដំណាំប្រកបដោយប្រសិទ្ធភាព និងនិរន្តភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធ។
លោករដ្ឋមន្ត្រីក៏មានជំនឿចិត្តថា ព្រឹត្តិការណ៍នាថ្ងៃនេះបានពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថាន IRRI ថែមមួយកម្រិតទៀត ហើយក្រសួង នឹងពង្រឹងអស់លទ្ធភាពដើម្បីឲ្យយុទ្ធសាស្ត្រនេះទទួលបានលទ្ធផលដូចការរំពឹងទុក៕
Source: Kampuchea Thmey Daily
0 Comments