ឧត្ដរមានជ័យ ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នេះ ទណ្ឌិតម្នាក់ បានបកអាក្រាតរឿងអាស្រូវ ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងររបស់ លោកវរសេនីយ៍ឯក យិន ណារ៉េត ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ។
ទណ្ឌិតខាងលើ ឈ្មោះ ហ៊ត់ ជឿង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគោកសំពរ៍ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យដែលជាប់បទចោទ ពីបទ បរបាញ់សត្វព្រៃ ប្រព្រឹត្តនៅភូមិ/ឃុំខាងលើ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ និងត្រូវបន្ធូរបន្ថយ និងលើកលែងទោសឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។
សាលាដំបូងខេត្តឧត្ដរមានជ័យ បានបើកសាលក្រមជំនុំជម្រះជាសាធារណៈនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ និងប្រកាសសាលក្រម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះ ហ៊ត់ ជឿង ទុកសិទ្ធប្ដឹងជំទាស់និងប្ដឹងឧទ្ធរណ៍តាមច្បាប់កំណត់។
ជនជាប់ចោទខាងលើបានចោទ លោកវរសេនីយ៍ឯក យិន ណារ៉េត ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ថា បានកោះហៅគាត់ទៅដល់ការិយាល័យព្រហ្មទណ្ឌ ហើយបានគំរាមមកលើពួកគាត់ថាមិនទាន់រួចផុតទោសទេ គ្រាន់តែមានឈ្មោះនៅក្រៅឃុំតែប៉ុណ្ណោះ បើចង់រួចផុតទោសលែងមានឈ្មោះនៅក្រៅឃុំ ត្រូវបង់ប្រាក់ក្នុងម្នាក់មួយពាន់ដុល្លារបន្ថែមទៀតបានរួចផុតទោសលែងមានឈ្មោះនៅក្រៅឃុំ។
ពេលឮដូច្នេះ ពួកគាត់ និងក្រុមគ្រួសារ បាននាំគ្នាដើរខ្ចីបុលគេយកប្រាក់ម្នាក់មួយពាន់ដុល្លារឲ្យទៅលោក យិន ណារ៉េត តែម្ដងទៅ ដើម្បីលែងជាប់ឈ្មោះជាជនជាប់ចោទ ដែលពួកគាត់ជាប់ចោទមានគ្នាពីរនាក់។
លោកវរសេនីយ៍ឯក យិន ណារ៉េត ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានឲ្យដឹងតាមទូរស័ព្ទថា មិនមានដូចការចោទប្រកាន់នោះឡើយ លោកបានបញ្ជាក់ថា លោកបាននាំជនជាប់ចោទ ទៅជួបព្រះរាជអាជ្ញារងម្នាក់មែន តាមពិតគេដោះលែងពួកគាត់ឲ្យនៅក្រៅឃុំយូរហើយ ប្រសិនគេហៅចូលសវនាការមិនចូលក៏បានដែរ ព្រោះជីវភាពពួកគាត់ក្រ គ្មានលុយ គ្មានកាក់អីទេ ប្រពន្ធក៏ពោះធំ សូមឲ្យលើកលែងការចោទទៅ។
លោក យិន ណារ៉េត បានបញ្ជាក់ថា ពិតជាបានទទួលប្រាក់៤០ម៉ឺនរៀលចែកគ្នាម្នាក់២០ម៉ឺនរៀល ពិតប្រាកដមែន ត្រង់ថាយកលុយរាប់ពាន់មកឲ្យរូបលោកនោះមិនមានទេ៕
Source: Kampuchea Thmey Daily
0 Comments