Ad Code

លោក ត្រាំ និង​លោក គីម នឹង​ជួបប្រជុំគ្នា​នៅ​ខែក្រោយ



សេត​វិមាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ​នឹង​ជួបប្រជុំ​ជា​លើក​ទី​២​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​នៅ​ចុងខែ​កុម្ភៈ​ បន្ទាប់ពី​ឧ​ត្ត​ម​សេនីយ៍​កំពូល​មួយរូប​មកពី​ទីក្រុង​ព្យុងយ៉ាង​បានធ្វើ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​ទៅកាន់​ទីក្រុង វ៉ាស៊ីនតោន​។​

លោក Kim Yong Chol ដែលជា​ដៃស្ដាំ​របស់​បុរស​ខ្លាំង​កូរ៉េខាងជើង​បាន​ជួប​លោក​ប្រធានាធិបតី​នៅ​សេត​វិមាន​សម្រាប់​រយៈពេល​៩០​នាទី​យូរ​ខុសធម្មតា​ខណៈដែល​ប្រទេស​ទាំងពីរ​កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​មួយ​ដែល​អាច​បន្ធូរបន្ថយ​អរិភាព​ជាច្រើន​ទសវត្ស​។​

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​និយាយថា លោក ត្រាំ នឹង​ជួប​មេដឹកនាំ​កូរ៉េខាងជើង​ជាថ្មី​ម្តងទៀត​នៅ​ចុងខែ​កុម្ភៈ​នៅ​ទីតាំង​មួយ​ដែល​នឹងត្រូវ​ប្រកាស​នៅពេល​ក្រោយ​។​
​លោកស្រី Sanders បាន​សរសើរ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កូរ៉េខាងជើង​ក្នុងការ​ផ្សះផ្សារ​ប៉ុន្តែ​ពេលនេះ​បាន​ច្រានចោល​តម្រូវការ​ដ៏​សំខាន់​មួយ​របស់​ក្រុង​ព្យុងយ៉ាង​ដែល​ឲ្យ​ដក​ទណ្ឌកម្ម​។​

លោកស្រី Sanders បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​សហរដ្ឋអាមេរិក​នឹង​បន្ត​ដាក់​សម្ពាធ​និង ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​រហូត​ទាល់តែ​យើង​មើលឃើញ​ពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​យ៉ាង​ពេញលេញ​”​។

លោក​គីម​ជុង​អ៊ុន​និង​លោក​ត្រាំ​បាន​ជួបគ្នា​ជា​លើកដំបូង​កាលពី​ខែមិថុនា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ដែលជា​កន្លែង​អ្នក​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​ឯកសារ​មិន​ច្បាស់លាស់​មួយ​ដែល​ក្នុងនោះ​លោក​គីម​បាន​សន្យា​ធ្វើការ​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។​

ប៉ុន្តែ​ការរីកចម្រើន​បាន​ផ្អាក​មិនយូរប៉ុន្មាន​នៅពេល​ទីក្រុង​ព្យុងយ៉ាង​និង​ទីក្រុង​វ៉ាស៊ីនតោន​មិន​យល់ស្រប​គ្នា​លើ​អត្ថន័យ​នៃ​កិច្ចព្រមព្រៀង​នោះ​។​

គួរ​បញ្ជាក់ថា លោក Kim Yong Chol គឺជា​ឥស្សរជន​កូរ៉េខាងជើង​ដំបូង​គេ​បង្អស់​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ដែល​បាន​ចំណាយ​ពេលយប់​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដោយ​ស្នាក់នៅ​សណ្ឋាគារ​ប្រណីត​នៅក្បែរ​សេត​វិមាន​។​

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​ស្វាគមន៍​លោក Kim នៅ​សណ្ឋាគារ​ហើយ​ក្រោយមក​បាន​អញ្ជើញ​គណៈប្រតិភូ​ឲ្យ​ទទួលទាន​អាហារ​ថ្ងៃត្រង់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu