Ad Code

ជនសង្ស័យ​៦​នាក់​ បាន​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​ពាក់ព័ន្ធ​ការវាយប្រហារ​សណ្ឋាគារ​នៅ​ទីក្រុង Nairobi



ជនសង្ស័យ​ចំនួន​៦​នាក់​រួមទាំង​ជនជាតិ​កាណាដា​ម្នាក់​ផងដែរ​ បានបង្ហាញ​ខ្លួន​នៅ​តុលាការ​កេ​ន​យ៉ា​កាលពី​ថ្ងៃ​សុក្រ ​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ឥស្លាម​និយម​រ៉ាឌីកាល់​លើ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Nairobi ដែល​បានសម្លាប់​មនុស្ស​ចំនួន​២១​នាក់​។​

ចៅក្រម​បានទទួល​សំណើ​ពី​រដ្ឋអាជ្ញា​ដើម្បី​ឃុំខ្លួន​បុរស​បួន​នាក់​និង​ស្ត្រី​ម្នាក់​សម្រាប់​រយៈពេល​៣០​ថ្ងៃ​ខណៈដែល​ការស៊ើបអង្កេត​នៅតែ​បន្ត​។ ជនសង្ស័យ​ទី​៦​នឹងត្រូវ​ឃុំខ្លួន​រហូតដល់​សប្តាហ៍​ក្រោយ​។​

ឯកសារ​តុលាការ​បានបង្ហាញ​ថា ជនសង្ស័យ​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ឡោមព័ទ្ធ​រយៈពេល​ជិត​២០​ម៉ោង​នៅ​សណ្ឋាគារ DusitD2 និង​អគារ​ការិយាល័យ​ដោយ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​និង​ខ្មាន់កាំភ្លើង​៤​នាក់​ដែល​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​។​

សេចក្តីថ្លែងការណ៍​ពី​នាយក​អយ្យការ​សាធារណៈ​លោក Noordin Haji បាន​និយាយថា “​ការស៊ើបអង្កេត​លើ​បញ្ហា​នេះ​គឺមាន​ភាពស្មុគស្មាញ​និង​ឆ្លង​ប្រទេស​ហើយ​ដូច្នេះ​នឹង​ត្រូវការ​ពេលវេលា​និង​ធនធាន​គ្រប់គ្រាន់​ដើម្បី​រក​ឲ្យ​ឃើញ​នូវ​សម្បុក​ឧក្រិដ្ឋជន​ទាំងមូល​”​។​

រដ្ឋាភិបាល​កាណាដា​បាន​និយាយថា​ខ្លួន​សូម​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ដ៏​រន្ធត់​នេះហើយ​បន្ថែមថា ខ្លួន​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​កេ​ន​យ៉ា​សម្រាប់​ព័ត៌មាន​អំពី​ជនសង្ស័យ​កាណាដា​។​

ជនសង្ស័យ​សរុប​ចំនួន​១១​នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ការវាយប្រហារ​កាលពី​ថ្ងៃ​អង្គារ​ប៉ុន្តែ​ការស៊ើបអង្កេត​ទៅលើ​អ្នក​ដទៃទៀត​កំពុង​បន្ត​។​

អ្នក​ដែល​បានបង្ហាញ​ខ្លួន​នៅក្នុង​តុលាការ​រួមមាន​អ្នកបើក​តាក់ស៊ី​ឈ្មោះ Joel Ng'ang'a Wainaina ដែល​បាន​ដឹក​អ្នក​វាយប្រហារ​ជាច្រើន​ដង​និង​អ្នកបើក​តាក់ស៊ី​ម្នាក់ទៀត​ឈ្មោះ Oliver Kanyango Muthee ដែល​បាន​បើកឡាន​ដឹក​អ្នក​វាយប្រហារ​ម្នាក់​ទៅកាន់​កន្លែង​នៃ​ការវាយប្រហារ​។​

លោក Gladys Kaari Justus កំពុង​ត្រូវបាន​ស៊ើបអង្កេត​លើ​ការផ្ទេរ​ប្រាក់​ខណៈ Guleid Abdihakim ដែលមាន​សញ្ជាតិ​កាណាដា​កំពុង​ត្រូវបាន​គេ​ស៊ើបអង្កេត​លើ​ទំនាក់ទំនង​គួរ​ឲ្យ​សង្ស័យ​។​

លោក Hussein Muhamed ដែល​ទូរស័ព្ទ​របស់គាត់​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ជាមួយ​ពួក​ជ្រុលនិយម​ឥស្លាម​ដែល​គេ​ស្គាល់​គឺ​នឹងត្រូវ​ឃុំខ្លួន​រហូតដល់​ថ្ងៃ​ពុធ​ក្រោយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu