ភ្នំពេញ ៖ អតីតសកម្មជនក្រុមប្រឆាំងម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេច នារសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ដាក់ឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទប្រមាថ និងបទញុះញង់ឲ្យបង្កចលាចល។
ជនជាប់ចោទ ដែលតុលាការឃុំខ្លួន ឈ្មោះ គង់ ម៉ាស ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិខ្លាលោតឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
គង់ ម៉ាស ត្រូវបាននគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃបញ្ជូនមកសាលាដំបូង កាលពីល្ងាចថ្ងៃទី១៨ ខែមករា ដោយសំណុំរឿងនេះ ត្រូវបានចាត់ឲ្យ លោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងអមតុលាការធ្វើការសាកសួរ។
ក្នុងនោះ ក្រោយការសាកសួររួចតំណាងអយ្យការបានសម្រេចចោទប្រកាន់ ឈ្មោះ គង់ ម៉ាស ពីបទប្រមាថ និងបទញុះញង់បង្កចលាចលក្នុងសង្គម ហើយសំណុំរឿងនេះ ត្រូវបានបញ្ជូនទៅឲ្យចៅក្រមសម្រេចតាមនីតិវិធី ម្ល៉ោះហើយបន្ទាប់ពីបានពិនិត្យលើដីកាសន្និដ្ឋានឲ្យស៊ើបសួររួច ចៅក្រមបានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារជាបណ្ដោះអាសន្នសិន ដើម្បីបើកការស៊ើបសួរនៅពេលក្រោយ។
ពាក់ព័ន្ធការចាប់ឃុំខ្លួនសកម្មជនក្រុមប្រឆាំងអាជីពនេះ បើតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា តាមការស្រាវជ្រាវ វត្ថុតាងក្នុងកុំព្យូទ័រ គឺមានឯកសារសំខាន់ៗជាច្រើនដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលតាមបញ្ជារបស់បុគ្គល សម រង្សី។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យបុគ្គល គង់ ម៉ាស់ បង្ហាញខ្លួននៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ ៖ ធ្វើសកម្មភាពប្រមាថប្រមុខរាជរដ្ឋាភិបាល និងញុះញង់ដោយប្រើខ្សែអាត់វីដេអូផ្សព្វផ្សាយនាពេលកន្លងមក តាមប្រព័ន្ធហ្វេសប៊ុក ក្នុងគោលបំណងឲ្យសាធារណជន និងប្រជាពលរដ្ឋទូទៅមានការស្អប់ខ្ពើមរាជរដ្ឋាភិបាល និងបង្កជាភាពចលាចល បង្កើតអសន្ដិសុខក្នុងសង្គម។
បន្ទាប់ពីមានដីកាបង្គាប់ឲ្យចូលខ្លួននោះមក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ គង់ ម៉ាស យកមកធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនមកតុលាការតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments