ភ្នំពេញ ៖ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់សេវាកម្មត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ខ្លួនដើម្បីងាយស្រួលក្នុងការសម្រេចចិត្តក្នុងការទទួលឥណទានប្រកបដោយការទទួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់។
ថ្លែងនៅក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីអំពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាមួយធនាគារអេស៊ីលីដាភីអិលស៊ី កាលពីរសៀលថ្ងៃទី១៥ ខែមករានៅការិយាល័យកណ្តាលធនាគារ អេស៊ីលីដាលោក អឿ សុធារ័ត្ន បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង៦ឆ្នាំនៃប្រតិបត្តិការការិយាល័យឥណទានកម្ពុជាស៊ីប៊ីស៊ីផ្តល់របាយការណ៍ឥណទានអតិថិជន អនុញ្ញាតឲ្យសមាជិកស៊ីប៊ីស៊ី អាចស្វែងយល់ពីអតិថិជនរបស់ពួកគេកាន់តែច្បាស់ ងាយស្រួលក្នុងការសម្រេចចិត្តផ្តល់ឥណទាន។
លោកបានបន្តថា ម្យ៉ាងវិញទៀតការិយាល័យឥណទានកម្ពុជាក៏បានជួយអតិថិជនទូទៅក្នុងការស្នើសុំនិងស្វែងយល់អំពីព័ត៌មានឥណទានឲ្យកាន់តែច្បាស់ក្នុងការត្រៀមខ្លួនស្នើសុំឥណទាន។ បន្ថែមពីនេះទៀត ប្រព័ន្ធនេះក៏ចូលរួមចំណែកដល់ស្ថេរភាពលើវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំង សេដ្ឋកិច្ចជាតិ ផងដែរ”។
លោកបានបន្ថែមទៀតថា «ដោយមើលឃើញអំពីសារសំខាន់នៃរបាយការណ៍ឥណទានរបស់អតិថិជន និង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនដែលនៅតាមបណ្តាខេត្ត។ ការិយាល័យឥណទានកម្ពុជាបានបង្កើតសេវាកម្មនេះដោយធ្វើកិច្ចសហប្រតិបត្តិជាមួយធនាគារអេស៊ីលីដាភីអិលស៊ីក្នុងការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះជូនអតិថិជន»។
លោកបានបន្តឲ្យដឹងទៀតថា ជំហានដំបូងយើងដាក់ឲ្យដំណើរការនៅតាមសាខារបស់ធនាគារអេស៊ីលីដាចំនួន៥ខេត្តក្រុងហើយគ្រោងនឹងពង្រីកទូទាំងប្រទេសនៅបំណាច់ឆ្នាំ២០១៩នេះ។
ទាក់ទិននឹងសេវាកម្មនេះ លោកបានពន្យល់ថា ដើម្បីប្រើប្រាស់សេវាកម្មនេះអតិថិជនគ្រាន់តែយកអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាពហើយអញ្ជើញទៅកាន់ការិយាល័យឬសាខាដូចជាការិយាល័យកណ្តាលសាខាខេត្តសៀមរាបសាខាខេត្តកំពង់ស្ពឺសាខាខេត្តតាកែវនិងសាខាខេត្តកណ្តាល។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារអេស៊ីលីដាភីអិលស៊ីមានក្តីសោមនស្សរីករាយក្នុងការចុះកិច្ចព្រមព្រៀងសហប្រតិបត្ដិការជាមួយ ការិយាល័យឥណទានកម្ពុជា ឬ ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ(ស៊ីប៊ីស៊ី)ក្នុងការបម្រើសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់អតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុឲ្យបានរឹតតែទូលំទូលាយ។
លោកបណ្ឌិតបានបន្តថា ការសហការនេះដោយសារតែការិយាល័យឥណទានកម្ពុជា បានចូលរួមចំណែកជាប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធ រួមមានឯកត្តជន ស្ថាប័នធនាគារនិងហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុនានាពិសេសមានប្រព័ន្ធរាយការណ៍ព័ត៌មានឥណទាន ច្បាស់លាស់ និងជឿទុកចិត្ត មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការ របស់សមាជិក ភាគីពាក់ព័ន្ធ និងក្រុមហ៊ុននានា ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ក្នុងការស្វែងរកឥណទានឲ្យកាន់តែប្រសើរ។
លោកបណ្ឌិតបានបន្ថែមថា តាមការស្នើសុំពិនិត្យរបាយការណ៍ឥណទានផ្ទាល់ខ្លួន នៅតាមបណ្តាការិយាល័យ រាជធានី សាខាខេត្ត-ក្រុង ចំនួន៥ នៃធនាគារ អេស៊ីលីដា ភីអិលស៊ីនឹងជួយដល់អតិថិននិងភាគីពាក់ព័ន្ធក្នុងការស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុ ក្នុងដំណើរការស្នើសុំឥណទាន។
គួរជម្រាបថា ការិយាល័យឥណទានកម្ពុជាបានបង្កើតឡើងនៅឆ្នាំ២០១២ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទានឧបករណ៍វិភាគនិងសេវាកម្មរាយការណ៍ដល់ធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាគ្រឹះស្ថានឥណទានជនបទប្រតិបត្តិករឥណទានអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជាដែលគិតត្រឹមខែវិច្ឆិកាឆ្នាំ២០១៨ស៊ីប៊ីស៊ីមានសមាជិកសរុប១៥៨ស្ថាប័ន។
ការិយាល័យឥណទានកម្ពុជា(ស៊ីប៊ីស៊ី)ជំរុញលំនឹងសេដ្ឋកិច្ចឲ្យមានភាពកាន់តែប្រសើរឡើងដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍ប្រកបដោយសុក្រឹតភាពខ្ពស់ដល់អ្នកប្រើប្រាស់និងវិស័យហិរញ្ញវត្ថុក្នុងការគ្រប់ គ្រងផ្នែកហិរញ្ញវត្ថុនៃអាជីវកម្មរបស់ពួកគេនិងជួយស្ថាប័នជាសមាជិកក្នុងការគ្រប់គ្រងហានិភ័យនៃឥណទាន ការពារការក្លែងបន្លំព័ត៌មាន និងការធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាងនេះទៀតការិយាល័យឥណទានកម្ពុជា(ស៊ីប៊ីស៊ី)ក៏ជួយអ្នកប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់ពួកគាត់ដើម្បីធានាថា ពួកគាត់អាចទទួលបានប្រាក់កម្ចីហិរញ្ញវត្ថុនិងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណផងដែរ។
ចំណែកធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺធនាគារ អេស៊ីលីដា ឡាវ លីមីធីត អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ានិងអេស៊ីលីដាប្រូភើធីអិលធីឌីព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ធនាគារអេស៊ីលីដាភីអិលស៊ីមានទ្រព្យសកម្មសរុបចំនួនជាង៥,៧ពាន់លានដុល្លារអាមេរិកគិតមកត្រឹមបំណាច់ខែធ្នូឆ្នាំ២០១៨នេះសមតុល្យឥណទានសរុបចំនួន៣,៤៩ពាន់លានដុល្លារអាមេរិកនិងប្រាក់បញ្ញើសន្សំសរុបចំនួន ៣,៧៥ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២,៥ លាននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨នេះ៕
Source: Kampuchea Thmey Daily
0 Comments