ភ្នំពេញ ៖ លោក Michele Clara មន្ត្រីជាន់ខ្ពស់ផ្នែកសម្របសម្រួលអញ្ជើញមកពីអង្គការ United Nations Industral Development Organization (UNIDO) បាន ថ្លែងដោយសន្យាថា (UNIDO) នឹង សហការយ៉ាងជិតស្និទ្ធ ជាមួយ ក្រសួងកិសកម្ម និងអង្គការ UNIDO ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព។
កិច្ចជំនួប ពិភាក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ UNIDO ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រវាង លោក រដ្ឋមន្ត្រី វេង សាខុន និង លោក Michele Clara។
មានមតិស្វាគមន៍ លោក រដ្ឋមន្ត្រី បានសម្តែងអំណរគុណជូនចំពោះអង្គការ UNIDO ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា ហើយសាទរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការជាមួយសហភាពអឺរ៉ុប ក្នុងគម្រោងអភិវឌ្ឍន៍វិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយលោកសង្ឃឹមថាអង្គការ UNIDO នឹងបន្តជួយដល់វិស័យជលផល និងវិស័យផ្សេងៗទៀតដូចជាវិស័យកែច្នៃផលិតផលកសិកម្ម និងការវិចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារឱ្យកាន់តែមានការរីកចម្រើនសមស្របតាមកំណើនសេដ្ឋកិច្ច ប្រជាជន ការប្រកួតប្រជែងទីផ្សារ។
នាឱកាសនេះ លោក Michele Clara បានឯកភាពចំពោះការលើកឡើងរបស់លោក រដ្ឋមន្ត្រី ហើយបានបញ្ជាក់បន្ថែមផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសជំរុញការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។ ដោយឡែក ភាពជោគជ័យនៃវិស័យកែច្នៃ គឺមិនអាចរំពឹងតែក្រសួងមួយដើម្បីសម្រេចបានតែប៉ុណ្ណោះនោះទេ គឺត្រូវការការសហការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា រដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាកសិករ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគាំទ្រផងដែរ។
លោក Michele Clara បានបន្តថា ទស្សនកិច្ចរបស់លោក និងសហការីនាពេលនេះពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺដើម្បីសិក្សា រៀបចំគម្រោង និងផ្តល់កិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឲ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។
ពាក់ព័ន្ធនឹងការសិក្សារៀបចំគម្រោងថ្មី លោក រដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា ក្រសួងនឹងផ្តល់កិច្ចសហការឲ្យអស់លទ្ធភាព ហើយលោកក៏បានធ្វើការណែនាំដល់ក្រុមការងាររបស់អង្គការ UNIDO ក៏ដូចជាមន្ត្រីជំនាញរបស់ក្រសួងឲ្យពិនិត្យ ពិចារណាជាសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជួយគាំទ្រដល់វិស័យកសិកម្ម ការបញ្ចូលបច្ចេកវិទ្យាថ្មីៗ ការធ្វើទំនើបកម្មកសិកម្ម និងការធ្វើយន្តូបនីយកម្មកសិកម្ម ដែលសកម្មភាពទាំងនេះគឺជាការឆ្លើយតបយ៉ាងសមស្របក្នុងសម័យបដិវត្តឧស្សាហកម្មទី ៤ និងឌីជីថលរូបនីយកម្មដែលពិភពលោកកំពុងជួបប្រទះ៕
Source: Kampuchea Thmey Daily
0 Comments