ស្ថានទូតរបស់ព្រះរាជាណាចក្រជប៉ុន បានបង្ហោះពីសមសភាពគ្រូបង្វឹកថ្មីរបស់ក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ១៨ឆ្នាំ ក៏ដូចជាគ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ១៨ឆ្នាំ ដែលធ្លាប់មានបទពិសោធន៍នៅក្រៅប្រទេសច្រើន ដើម្បីជំនួសកៅអីលោក Musashi MIZUSHIMA ដែលជាគ្រូបង្វឹកចាស់ផុតកិច្ចសន្យា។
ប្រភពស្ថាប័នរដ្ឋមួយនេះបានបញ្ជាក់ថា ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លោក Koji GYOTOKU គ្រូបង្វឹកថ្មីនៃសាលាបាល់ទាត់ជាតិបាទីនិងក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ បានចូលជួបសម្តែងការគួរសមចំពោះលោក ខេនីជី បេសសូ ឧបទូតនៃស្ថានទូតជប៉ុន។ គ្រូបង្វឹកថ្មីនេះនឹង ក្លាយជាគ្រូបង្វឹកចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ ជំនួសលោក Musashi MIZUSHIMA ដែលត្រឡប់ទៅជប៉ុនវិញ។
មុនមកដល់កម្ពុជា ចំពោះលោក GYOTOKU មានបទពិសោធន៍ច្រើននៃការលេងជាកីឡាករនៅក្លឹបWerder Bremen II ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ១៩៨៧ ដល់១៩៨៩ និងការបង្វឹកក្រុមជម្រើសជាតិបូតាន កាលពីឆ្នាំ២០០៨ ដល់២០០៩ និងនេប៉ាល់ កាលពីឆ្នាំ២០១៦ ដល់២០១៨។ ស្ថានទូតជប៉ុនបានរំពឹងទុកថា សាលាបាល់ទាត់ជាតិបាទី ព្រមទាំងក្រុមកីឡាករជម្រើសជាតិកម្ពុជា ក្រោមអាយុ១៨ឆ្នាំនឹងជាស្ទាត់ជំនាញតាមរយៈគ្រូបង្វឹករូបនេះ។
ចំណែកសាលាបាល់ទាត់ជាតិមានយុវជន២កម្រិតគឺអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ បង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយភាគីពាក់ព័ន្ធនានាដូចជា ក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបណ្ដុះបណ្ដាលពង្រឹងធនធានកីឡាករបាល់ទាត់របស់កម្ពុជា នៅថ្ងៃអនាគត ជាពិសេសត្រៀមទទួលធ្វើម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឆ្នាំ ២០២៣ ខាងមុខ។ សាលានេះមានទីតាំងនៅមជ្ឈមណ្ឌលជាតិទន្លេបាទី ក្នុងខេត្តតាកែវ៕
Source: Kampuchea Thmey Daily
0 Comments