Ad Code

ការ​ធ្វើ​ប្រជាមតិ​ហ្វីលីពីន​ទទួល​បាន​សំឡេង “Yes” ដ៏​ច្រើន​លើ​ការគ្រប់គ្រង​តំបន់ Bangsamoro ដោយ​ខ្លួនឯង



តំបន់​ជន​មូស្លីម​ភាគច្រើន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ​បាន​ឆ្លើយតប​ជាថ្មី​ជាមួយ​ពាក្យ​ថា “Yes” នៅក្នុង​ការ​ធ្វើប្រជាមតិ​នៅ​សប្ដាហ៍​នេះ​ លើ​ស្វ័យភាព​កាន់តែ​ធំ​ជាង​មុន​ដែល​ជំរុញ​ក្តី​សង្ឃឹម​សម្រាប់​សន្តិភាព​ក្នុង​តំបន់​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​ជម្លោះ​ខ្លាំង​បំផុត​មួយ​នៅ​អាស៊ី។

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ថា ផែនការ​ដើម្បី​បង្កើត​តំបន់​គ្រប់គ្រង​ដោយ​ខ្លួនឯង​សម្រាប់​ផ្នែក​សម្បូរ​ជន​មូស្លីម​នៅលើ​កោះ Mindanao គឺ​ត្រូវបាន​គាំទ្រ​ដោយ​អ្នកបោះឆ្នោត​៨៥​ភាគរយ​ដែលជា​ហេតុ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការផ្លាស់ប្តូរ​រយៈពេល​៣​ឆ្នាំ​ឆ្ពោះទៅរក​ការបោះឆ្នោត​សម្រាប់​អង្គនីតិប្បញ្ញត្តិ​មួយ​ដែល​នឹង​ជ្រើសរើស​នាយក​ប្រតិបត្តិ​។​

ការធ្វើប្រជាមតិ​ថ្ងៃ​ចន្ទ​គឺជា​ចំណុច​ខ្ពស់បំផុត​នៃ​ដំណើរការ​សន្តិភាពរ​វា​ង​ក្រុម​បំបែក​ខ្លួន​និង​រដ្ឋាភិបាល​ដែលមាន​គោលបំណង​ដោះស្រាយ​ជម្លោះ​រយៈពេល​ច្រើន​ទសវត្ស​ដែល​បាន​រារាំង​ដល់​ការអភិវឌ្ឍ​និង​រក្សា​ផ្នែក​ខ្លះ​នៃ​កោះ Mindanao ឲ្យ​ស្ថិត​ក្នុងចំណោម​តំបន់​ក្រីក្រ​បំផុត​នៅ​អាស៊ី​។​

បញ្ហា​អស្ថិរភាព អត្រា​ខ្ពស់​នៃ​អ្នកគ្មានការងារ​ធ្វើ​និង​យុវជន​ដែល​មិនបាន​រៀនសូត្រ​បានធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយជា​កន្លែង​ជ្រើសរើស​សមាជិក​សម្រាប់​ក្រុម​ឧទ្ទាម​និង​ពួក​ជ្រុលនិយម​ឥស្លាម​។​

ការយល់ព្រម​ពី​អ្នកបោះឆ្នោត​ប្រមាណ​១.៧៤​លាន​នាក់​មិនមាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ហើយ​តំបន់​ថ្មី​ដែល​ត្រូវបាន​គេ​ហៅថា Bangsamoro (​ប្រទេស​ម៉ូ​រ៉ូ​ស​) មួយ​នេះ​នឹងមាន​អំណាច​កាន់តែច្រើន​ក្នុងការ​បង្កើត​និង​វិនិយោគ​ប្រាក់​បន្ថែមទៀត​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ការថែទាំ​សុខភាព​និង​សុខុមាលភាព​សង្គម​សម្រាប់​ប្រជាជន​របស់ខ្លួន​ប្រមាណ​៥​លាន​នាក់ ។​

ការបោះឆ្នោត​មួយ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៦​ខែកុម្ភៈ​ដើម្បី​សាកសួរ​តំបន់​មួយចំនួន​ផ្សេង​ទៀតថា​តើ​ពួកគេ​ចង់​ចូលរួម​ដែរ​ឬក៏​អត់​។​

រដ្ឋាភិបាល​មជ្ឈិម​នឹង​ត្រួតពិនិត្យ​លើ​កិច្ចការ​ការពារជាតិ សន្តិសុខ​និង​គោលនយោបាយ​រូបិយវត្ថុ​និង​បរទេស​ហើយ​តែងតាំង​អាជ្ញាធរ​អន្តរកាល​មួយ​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​រណ​សិរ្ស​រំដោះ​ឥស្លាម​ម៉ូ​រ៉ូ (MILF) ។​

លោកស្រី​អនុ​ប្រធានាធិបតី Leni Robredo បាន​និយាយថា វា​ជាការ​សំខាន់​ណាស់​ដែល​រដ្ឋាភិបាលកណ្តាល​ជួយ Bangsamoro ដើម្បី​បង្កើត​សេដ្ឋកិច្ច​រីកចម្រើន​និង​រដ្ឋាភិបាល​ដែលមាន​ការទទួលខុសត្រូវ​។ លោកស្រី Robredo បាន​បន្ថែមថា “​ចូរ​យើង​ការពារ​និង​គាំទ្រ​ការរីកចម្រើន​នៃ​ដំណើរការ​នេះ​ពី​ព្រោះនេះ​មិនមែនជា​ទីបញ្ចប់​នៃ​ការប្រយុទ្ធ​ដើម្បី​សន្តិភាព​ទេ​”​។​

ការបោះឆ្នោត​នេះ​បាន​កើតឡើង​ចំពេល​វេលា​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ហ្វីលីពីន​ដោយ​ក្រុម MILF បាន​បំបែក​ខ្លួន​ហើយ​ធ្វើតាម​ក្រុម​ប្រដាប់អាវុធ​ដទៃទៀត​ក្នុង​ការសន្យា​ភក្តីភាព​ចំពោះ​ក្រុម​រដ្ឋ​ឥស្លាម៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu