បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត កម្ពុជា ជប៉ុន ស្រុកមង្គលបុរី និង សិរីសោភ័ណ បានបើកកិច្ចប្រជុំ ស្ដីពីក្រុមលោកវេជ្ជបណ្ឌិតលោកគ្រូពេទ្យអនុវត្តន៍ការងារ ឆ្នាំ២០១៨កន្លងមក និងលើកទិសដៅឆ្នាំ២០១៩បន្ត ដោយមានការចូលរួម លោកវេជ្ជបណ្ឌិត កែវ សុភ័ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ អនុប្រធានផ្នែក និង ប្រធាន អនុប្រធានអាគារ មន្ទីរពេទ្យបង្អែកខេត្តកម្ពុជា ជប៉ុន ស្រុកមង្គលបុរី និង សិរីសោភ័ណ។
ក្នុងកិច្ចប្រជុំនោះ លោកវេជ្ជបណ្ឌិត កែវ សុភ័ត្រា បានមានប្រសាសន៍ថា មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្នុងការអនុវត្តន៍ការងារឆ្នាំ២០១៨កន្លងមក លោកបានធ្វើការណែនាំដល់លោកវេជ្ជបណ្ឌិត និងលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ឲ្យខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរតាមរយៈការអនុវត្តន៍នូវចំណុចមួយចំនួនដូចខាងក្រោម ៖
ត្រូវគោរពវិន័យការងារ ម៉ោងធ្វើការម៉ោងយាម ពាក់ឯកសណ្ឋាន មានស្លាកឈ្មោះ ឲ្យបានត្រឹមត្រូវ អនាម័យនៅក្នុងមន្ទីរពេទ្យឲ្យបានស្អាត និងចូលរួមថែរក្សាទ្រព្យសម្បត្តិរដ្ឋ យកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺ ត្រូវមានការទទួលខុសត្រូវចំពោះអ្នកជំងឺ កុំឲ្យអូសទាញអ្នកជំងឺពីមន្ទីរពេទ្យក្នុង ទៅព្យាបាលនៅមន្ទីរពេទ្យឯកជន កុំឲ្យមានការពាក់ព័ន្ធជាមួយម៉ូតូឌុបយកម៉ូយឲ្យហើយឲ្យកម្រៃជើងសា ខាងក្រៅច្រើន ត្រូវចេះគោរពក្រមសីលធម៌វិជ្ជាជីវៈ ទាំង៥គណៈឲ្យបានល្អ កែប្រែឥរិយាបថ ទន់ភ្លន់ សុភាពរាបសារ រួសរាយរាក់ទាក់ ជាមួយអ្នកជំងឺឲ្យខាងតែបាន ខិតខំអភិវឌ្ឍន៍សមត្ថភាពឲ្យទាន់សម័យជឿនលឿន រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ កុំទុកអ្នកជំងឺចោល និងត្រូវបញ្ជូនគាត់ទៅកន្លែងដែលមានលទ្ធភាពព្យាបាលខ្ពស់ជាងយើង ក្នុងករណីដែលគ្រូពេទ្យគ្មានលទ្ធភាពព្យាបាល។ហើយត្រូវយកចិត្តទុកដាក់ពិនិត្យព្យាបាលកម្មករ កម្មការីនី មន្ត្រីរាជការ មេឃុំមេភូមិ អនុភូមិ ចៅសង្កាត់ ស្មៀន...។ល។ ដោយមិនមានបង់ថ្លៃសេវាឡើយ។
លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ត្ រូវតែទទួលទោសវិន័យនៅពេលដែលមានការប្រព្រឹត្តខុសឆ្គង ធ្វេសប្រហែសក្នុងពេលបំពេញការងារ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន។ ក្នុងកិច្ចប្រជុំនោះ លោកវេជ្ជបណ្ឌិត កែវ សុភ័ត្រា បានធ្វើការកោតសរសើរដល់ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យដែលបានយកតួនាទីភារកិច្ចរបស់ខ្លួនបំពេញភារកិច្ចបានល្អតាំងពីយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺ និងទទួលខុសត្រូវចំពោះអ្នកជំងឺ ខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរតាមរយៈការអនុវត្តន៍ក្រុមសីលធម៌របស់គ្រូពេទ្យសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ មិនទុកអ្នកជំងឺចោល បញ្ជូនគាត់ទៅកន្លែងដែលមានលទ្ធភាពព្យាបាលខ្ពស់ជាងផងដែរ ក្នុងរយៈពេល១ឆ្នាំពេញ គឺឆ្នាំ២០១៨កន្លងមក៕
Source: Kampuchea Thmey Daily
0 Comments