Ad Code

បាន​ប្ដី​ជនជាតិ​ចិន​ ធ្វើបាប​ខ្លាំង​ពេក​ ទ្រាំ​មិនបាន បី​កូន​តូច​ បម្រុង​បញ្ចប់​ជីវិត​ ទាំង​ម្ដាយ​ និង​កូន



​ភ្នំពេញ​ ៖ ស្ត្រី​ខ្មែរ​ម្នាក់ ​បាន​ប្ដី​ចិន​ សង្ឃឹមថា ​មាន​លុយ​ចាយ​សប្បាយ មាន​សេចក្ដីសុខ​ដូច​គេ តែ​ផ្ទុយ​ទៅវិញ ​ក្រោយពី​នាង​សម្រាល​បានកូន​១​នាក់ មិនទាន់បាន​ប៉ុន្មាន​ខែ​ផង​ លោក​ប្ដី​ជា​ជន​ជាតិចិន​នោះ​បាន​រករឿង​នាង​ឥត​ល្ហែ ដោយ​ជួល​ផ្ទះសំណាក់​ដេក​ស្នាក់នៅ​ជាប្រចាំ។ នៅ​យប់កើតហេតុ​នេះ​ដោយសារ​ជម្លោះ​វា​ធ្ងន់ធ្ងរ​ពេក ​នាង​ទ្រាំ​មិនបាន​ ក៏​សម្រេចចិត្ត​បីកូន​តូច​នៅ​នឹង​ដៃ ​រួច​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​ពីលើផ្ទះ​សំណាក់​ជាន់​ទី​១ តែ​បាន​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ជួយ​ឃាត់​ទាន់ពេល។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ស្ថិតនៅ​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​មុខ​បុរី​ញ៉ូ​ថោ​ន ​ភូមិ​ព្រៃទា ​សង្កាត់​ចោមចៅ​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ស្ត្រី​នេះ​ជា​ជនជាតិខ្មែរ​ មានកូន​ប្រុស​តូច​ម្នាក់ ​នៅជាប់​នឹង​ដៃ មាន​ប្តី​ជា​ជន​ជាតិចិន​ ទៅ​ជួល​បន្ទប់​ផ្ទះ​សំណាក់​សុមនា​ ស្នាក់នៅ​ជាប្រចាំ តែ​នាង​សុំ​មិន​ប្រាប់​ឈ្មោះ​នោះ​ទេ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ​ប្តី​ជា​ជន​ជាតិចិន​ស្រវឹងស្រា ​បាន​រករឿង​ឈ្លោះ​ប្រពន្ធ​ទាំង​គ្មាន​ហេតុផល​ ដោយ​ស្រែក​ឡូឡា​សម្លុត​ស្ត្រី​ជា​ប្រពន្ធ​ និង ជេរ រហូតដល់​ម្ចាស់​ផ្ទះសំណាក់​ទៅ​ឃាត់​បំបែក​បុរស​ជា​ប្តី​ចេញពី​នាង។ ដោយសារ​ពេលនោះ​នាង​ជា​ប្រពន្ធ​ខឹង​ខ្លាំងពេក​ និង​តូច​ចិត្ត​ប្ដី​ធ្វើ​បាប​ផង​នោះ នាង​បាន​បីកូន​តូច​ឱប​នឹង​ដៃ​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ពីលើផ្ទះ​សំណាក់​នៅ​ជាន់​ទី​១ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ សមត្ថកិច្ច នាំគ្នា​រក​វិធីសាស្ត្រ​លួងលោម​ឃាត់​បាន​នាង​ព្រម​ចុះ​មកវិញ​ភ្លាមៗ​តាម​សម្រួល។ ខណៈពេលដែល​ស្ដ្រី​រូបនេះ​កំពុង​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​នោះ​ប្ដី​ជនជាតិ​ចិន​នោះ​មិន​នៅ​កន្លែងកើតហេតុ​ទេ គឺ​បាន​បើកឡាន​ចាកចេញ​ទៅ​ណា​បាត់​ហើយ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ និង​សមត្ថកិច្ច​ជំនាញ​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ណែនាំ​ស្ត្រី​ខាង​លើ កុំឲ្យ​គិត​ខ្លី​ចង់​សម្លាប់ខ្លួន អាណិត​កូនតូច និង​ឲ្យ​តាម​រក​ប្តី​ដើម្បី​មក​ដោះស្រាយ​បញ្ហា​គ្នា​ទៅតាម​សម្រួល​កុំ​ប្រើ​អំពើ​ហិង្សា​លើ​គ្នា​ឲ្យ​សោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu